កងទ័ពរបស់ អ៊ីស្រាអែល បានបាញ់ប្រហារតាមអាកាស លើទីតាំងជាច្រើននៅក្នុងទីក្រុង ប៉ាលម៉ៃរ៉ា (Palmyra) បណ្ដាលឱ្យទាហានរបស់ រដ្ឋាភិបាលស៊ីរី ម្នាក់ បានស្លាប់ និងទាហានស្និទ្ធនឹង អ៊ីរ៉ង់ 3 នាក់ បាត់បង់ជីវិត។
សារព័ត៌មានរដ្ឋ ស៊ីរី SANA បានរាយការណ៍ថា ករណីវាយប្រហារនេះត្រូវបានធ្វើឡើងកាលពីយប់មិញ នៅពេល អ៊ីស្រាអែល បាញ់រ៉ុក្កែត ច្រើនគ្រាប់សំដៅលើប៉មទំនាក់ទំនងមួយ និងគោលដៅជាច្រើននៅជុំវិញនោះ នាទីក្រុង ប៉ាលម៉ៃរ៉ា ស្ថិតក្នុងភាគកណ្ដាលនៃ ប្រទេសស៊ីរី។ «ទាហានម្នាក់បានស្លាប់ និង 3 នាក់រងរបួស» SANA ដកស្រង់ប្រភពព័ត៌មានពីកងទ័ព ឱ្យដឹងដូច្នេះ។
អង្គការសិទ្ធិមនុស្សស៊ីរី (SOHR) ដែលមានមូលដ្ឋាននៅ ប្រទេសអង់គ្លេស បានឱ្យដឹងថា ទាហានរដ្ឋាភិបាលម្នាក់ និងខ្មាន់កាំភ្លើង 3 នាក់ បានស្លាប់ ខណៈមនុស្ស 7 នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារពីយន្តហោះចម្បាំងរបស់កងទ័ព អ៊ីស្រាអែល។ SOHR បន្ថែមថា គោលដៅរបស់ អ៊ីស្រាអែល គឺទីតាំងរបស់កងជីវពលស្និទ្ធនឹង អ៊ីរ៉ង់ ដែលស្ថិតនៅក្បែរមូលដ្ឋានទ័ពអាកាស T4 ជាទីដែលធ្លាប់បានរងការវាយប្រហារពីរ៉ុក្កែតរបស់ អ៊ីស្រាអែល កាលពីដើមសប្ដាហ៍នេះ។
ទាក់ទងនឹងព័ត៌មានស្ដីពីករណីវាយប្រហារថ្មីនេះ កងទ័ពអ៊ីស្រាអែល មិនទាន់បានអធិប្បាយអ្វីនៅឡើយ។
អ៊ីស្រាអែល វាយប្រហារតាមផ្លូវអាកាសសំដៅទីតាំងជាច្រើននៅក្នុងទឹកដីរបស់ ស៊ីរី ក្នុងនោះក៏មានទាំងរដ្ឋធានី ដាម៉ាស (Damascus) ផងដែរ។ គោលដៅនៃការវាយប្រហាររបស់ អ៊ីស្រាអែល ភាគច្រើនគឺជាកងកម្លាំងដែលស្និទ្ធនឹង រដ្ឋាភិបាលអ៊ីរ៉ង់ និងក្រុម ហេស្បូឡា (Hezbollah) របស់ ប្រទេសលីបង់ ប៉ុន្តែ ពេលខ្លះ អ៊ីស្រាអែល ក៏បានវាយប្រហារលើ កងទ័ពស៊ីរី ផងដែរ។
កងជីវពល ហេស្បូឡា និងទីប្រឹក្សានានានៃ កងទ័ពបដិវដ្ដន៍អ៊ីស្លាមអ៊ីរ៉ង់ គឺជាសម្ព័ន្ធមិត្តសំខាន់របស់ កងទ័ពរដ្ឋាភិបាលស៊ីរី នៅក្នុងសង្គ្រាមប្រឆាំងនឹង ក្រុមឧទ្ទាមអ៊ីស្លាម។ ប៉ុន្តែ អ៊ីស្រាអែល បានចោទ ហេស្បូឡា ថា កំពុងប្រើប្រាស់មូលដ្ឋាននៅ ស៊ីរី ដើម្បីធ្វើជាឈ្នាន់សម្រាប់ការវាយប្រហារលើតំបន់ខ្ពង់រាប ហ្គោឡាន (Golan) ដែលគ្រប់គ្រងដោយ រដ្ឋធានី ហ៊្សេរុយសាឡិម (ហ៊្សេរុយសាឡិមជារដ្ឋធានីដែលអន្តរជាតិទទួលស្គាល់ ខណៈ អ៊ីស្រាអែល ហៅទីក្រុង តេលអាវីវ/Tel Aviv ថាជា រដ្ឋធានីរបស់ខ្លួន)។
អ៊ីស្រាអែល កម្រនឹងទទួលស្គាល់ការវាយប្រហារតាមផ្លូវអាកាសលើទឹកដី ស៊ីរី។ កងទ័ពប្រទេសនេះ ធ្លាប់បានឱ្យដឹងថា បានវាយប្រហារតាមអាកាស តម្រង់គោលដៅប្រហែល 50 នៅ ស៊ីរី ក្នុងឆ្នាំ 2020 ប៉ុន្តែ មិនបានបង្ហើបឱ្យដឹងអំពីសេចក្ដីលម្អិតនោះទេ៕