(សហរដ្ឋអាម៉េរិក)-ក្ដាប់បានអាថ៌កំបាំងនៃបច្ចេកវិទ្យាម៉ាស៊ីននាវាមុជទឹកនុយក្លេអែរ របស់ សហរដ្ឋអាម៉េរិក Jonathan Toebbe ចម្លងដាក់ក្នុងអង្គចងចាំ ហើយញាត់វាចូលក្នុងនំពុម្ភ ដើម្បីលក់ឱ្យ «កម្លាំងពិសេសរបស់បរទេស»។
ថ្ងៃមួយនៃខែសីហា ឆ្នាំ 2020 Jonathan Toebbe ដែលជាវិស្វករម្នាក់ ធ្លាប់បានបម្រើការនៅក្នុងជួរកងទ័ពជើងទឹក សហរដ្ឋអាម៉េរិក បានធ្វើដំណើរទៅដល់ទីតាំងណាត់ជួប នៅក្នុងស្រុក Jefferson នៃរដ្ឋ Virginia ហើយនៅក្បែរនោះគឺជាប្រពន្ធរបស់គាត់ ឈ្មោះ Diana កំពុងចាំមើលផ្លូវដោយប្រុងប្រយ័ត្ន។ Jonathan បានទុកនំពុម្ភមួយកំណត់ត្រង់កន្លែងណាត់ជួប រួចក៏ចាកចេញទៅយ៉ាងលឿន។
រាល់សកម្មភាពរបស់ប្ដី-ប្រពន្ធ Toebbe សុទ្ធតែស្ថិតក្នុងការគ្រប់គ្រងរបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) របស់ សហរដ្ឋអាម៉េរក។ នៅខាងក្នុងនំពុម្ភនេះគឺជាអង្គចងចាំទំហំ 16 GB ដែលត្រូវបានរុំក្នុងថង់ប្លាស្ទិក និងផ្ទុកឯកសាររាប់ពាន់សន្លឹក ទាក់ទងនឹងម៉ាស៊ីនប្រតិកម្មនុយក្លេអែរដ៏មហាអាថ៌កំបាំង នៅក្នុងនាវាមុជទឹក អាម៉េរិក។
នេះគឺជាការជួញដូរដំបូងក្នុងចំណោមការជជែកគ្នាចំនួន 3 លើក ដែលនាំឱ្យមានករណីចាប់ខ្លួនប្ដី-ប្រពន្ធ Toebbe កាលពីចុងសប្ដាហ៍មុន។ ប្រកាសរបស់ FBI ស្ដីពីករណីនេះ ធ្វើឱ្យអ្នកក្បែរខាង និងមិត្តរួមការងាររបស់ Toebbe មានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែ Toebbe ដែលរស់នៅជាយក្រុង Annapolis ក្នុងរដ្ឋ Maryland ខុសឆ្ងាយពីរូបភាពនៃ «ចារជនគ្មានជំនាញ» ដែល FBI បានបរិយាយ។ FBI ចោទប្ដី-ប្រពន្ធនេះថា បានស្វែងរកវិធីលក់ព័ត៌មានសម្ងាត់ស្ដីពីបច្ចេកវិទ្យាម៉ាស៊ីននៃនាវាមុជទឹកនុយក្លេអែរ របស់ សហរដ្ឋអាម៉េរិក ឱ្យបរទេស។
Jonathan Toebbe ត្រូវបានអ្នកស្គាល់អះអាងថាជាមនុស្សឧស្សាហ៍ព្យាយាម និងធ្វើការដោយមានរបៀប។ លោក Jonathan Toebbe បញ្ចប់ការសិក្សាផ្នែករូបវិទ្យានុយក្លេអែរ ធ្វើការឱ្យរដ្ឋាភិបាលអាម៉េរិក តាំងពីឆ្នាំ 2012 ដោយបម្រើការជាមន្ត្រីយោធា និងអ្នកជំនាញខាងម៉ាស៊ីនរុញច្រានសម្រាប់នាវាមុជទឹក។ ការងារនេះជួយឱ្យ Jonathan Toebbe មានឱកាសមើលឯកសារសម្ងាត់ជាន់ខ្ពស់ទាក់ទងនឹងបច្ចេកវិទ្យានាវាមុជទឹករបស់ សហរដ្ឋអាម៉េរិក។
ក្រោយការចាកចេញពីជួរកងទ័ពជើងទឹកក្នុងឆ្នាំ 2017 លោក Jonathan បន្តសហការជាមួយកងកម្លាំងនេះក្នុងនាមជាវិស្វករស៊ីវិល។
ភរិយារបស់ Jonathan អ្នកស្រី Diana គឺជាគ្រូបង្រៀននៃសាលា Key នៅទីក្រុង Annapolis។ «អ្នកនឹងបានឃើញយ៉ាងឆាប់ថា អ្នកគ្រូ Diana គឺជាមនុស្សឆ្លាតវៃខ្លាំង» Craig Martien អាយុ 20 ជាអតីតសិស្សសាលា Key ដែលបានបញ្ចប់ការសិក្សានៅឆ្នាំ 2019 បានរៀបរាប់អំពីអ្នកគ្រូ Diana ដ៏គួរឱ្យចង់រាប់អាន។
អ្នកស្រី Diana ធ្លាប់បានប្រាប់សិស្សរបស់គាត់ថា មានបំណងទៅរស់នៅក្នុង ប្រទេសអូស្ត្រាលី។ «គាត់ធ្លាប់និយាយថា មិនអាចទ្រាំបាននឹងស្ថានការណ៍នយោបាយនៅ សហរដ្ឋអាម៉េរិក ហើយថា បានរកឃើញឱកាសការងារមួយចំនួននៅប្រទេសផ្សេង» Martien បន្ថែមដូច្នេះ។ Luke Koerschner អតីតសិស្សម្នាក់ទៀតនៅសាលា Key ក៏បាននិយាយស្រដៀងគ្នានេះដែរ អំពីអ្នកស្រី Diana Toebbe។
ចំណែកឯការចោទប្រកាន់របស់ FBI បង្ហាញថា ប្ដី-ប្រពន្ធ Toebbe មានលក្ខណៈផ្ទុយពីនេះ។ FBI ឱ្យដឹងថា ប្ដី-ប្រពន្ធ Toebbe បានប្រគល់ឯកសារសម្ងាត់របស់កងទ័ពជើងទឹក អាម៉េរិក ឱ្យបរទេស និងស្នើបង្កើតទំនាក់ទំនងសម្ងាត់។ ពួកគេព្យាយាមលក់ព័ត៌មានសម្ងាត់អំពីបច្ចេកវិទ្យានាវាមុជទឹកនុយក្លេអែរ ក្នុងរយៈពេលជិតមួយឆ្នាំកន្លង និងរកបានប្រាក់រាប់សែនដុល្លារអាម៉េរិក ក្រោមទម្រង់ជាប្រាក់ឌីជីថលដែលមានឈ្មោះថា Monero។
ទាំង Jonathan ទាំង Diana ពុំមានឧបាយកលដើម្បីបានប្រយោជន៍ផ្ទាល់ខ្លួននោះទេ ព្រោះថា ពួកគេមិនជួបការលំបាកណាមួយទាក់ទងនឹងបញ្ហាប្រាក់កាសក្នុងរយៈពេលកន្លង នេះបើតាមទិន្នន័យសាធារណៈ។ ប៉ុន្តែ ការស្រាវជ្រាវរបស់ FBI បង្ហាញថា Jonathan តែងនិយាយថា ត្រូវការជំនួយ។
«ថ្ងៃណាមួយ នៅពេលបញ្ចប់កិច្ចការ ប្រហែលជាយើងនឹងមានឱកាសជួបគ្នានៅក្នុងហាងកាហ្វេ ផឹកស្រាមួយដប និងរំលឹកអំពីរឿងរ៉ាវដែលបានឆ្លងកាត់។ ទោះជាយើងបានជួបគ្នា ឬអត់ ខ្ញុំក៏នៅតែចងចាំអំពីភាពក្លាហានរបស់អ្នកក្នុងការបម្រើជាតិ និងប្ដេជ្ញាជួយដល់ខ្ញុំ» Jonathan សរសេរនៅក្នុងសារអ៊ីមេលមួយដែលបានបំប្លែងជាកូដ ផ្ញើទៅកាន់ដៃគូដែលទិញព័ត៌មានសម្ងាត់ ប៉ុន្តែ Jonathan មិនដឹងថានេះគឺជាភ្នាក់ងារ FBI បន្លំខ្លួនសោះឡើយ។
យោងតាមឯកសារ FBI ដែលបានបញ្ជូនទៅកាន់តុលាការ បើទោះជាបានទាក់ទងទៅកាន់ប្រទេសទីបី ដើម្បីជជែកអំពីការលក់ព័ត៌មានសម្ងាត់ស្ដីពីនាវាមុជទឹកនុយក្លេអែរ របស់ អាម៉េរិក ប៉ុន្តែ ប្ដី-ប្រពន្ធ Toebbe នៅតែមិនចង់ជួបមុខភ្នាក់ងារសម្ងាត់បរទេសដោយផ្ទាល់។ ពួកគេដំបូងឡើយ ធ្វើសកម្មភាពយ៉ាងប្រុងប្រយ័ត្ន ដោយបានបដិសេធការស្នើជួបមុខផ្ទាល់ ឬប្រគល់ឯកសារផ្ទាល់ដៃនៅទីតាំងណាត់ជួបដែលជ្រើសរើសដោយភាគីអ្នកទិញ។
ដោយប្រើប្រាស់ឈ្មោះក្លែងក្លាយ Alice ប្ដី-ប្រពន្ធ Toebbe បញ្ជាក់ថា ការជួបមុខនៅទីតាំងប្រគល់ទំនិញដែលកំណត់ដោយអ្នកទិញគឺពិតជាមានហានិភ័យ ហើយពួកគេចង់ឱ្យភាគីអ្នកទិញបង្ហាញអំពីសុឆន្ទៈ។ ពួកគេទទួលស្គាល់ថា ខ្លួនមិនមានលទ្ធភាពដឹងថា មានមនុស្សតាមដានដែរ ឬអត់ ព្រោះប្ដី-ប្រពន្ធនេះមិនមែនជាចារជនជំនាញ និងមិនមានក្រុមជំនួយ។
«ខ្ញុំសុំទោសចំពោះការចចេស និងការសង្ស័យរបស់ខ្ញុំ ប៉ុន្តែ មិនអាចទទួលយកការដែលអ្នកជ្រើសរើសទីតាំងប្រគល់ទំនិញ។ ខ្ញុំត្រូវពិចារណាពីលទ្ធភាពដែលថា ខ្ញុំកំពុងទាក់ទងនឹងភាគីសត្រូវ ដែលប្រហែលជាបានលួចមើលសារដំបូងពីខ្ញុំ ហើយកំពុងស្រាវជ្រាវវែករកមុខខ្ញុំ» Toebbe សរសេរនៅក្នុងការទាក់ទងមួយជាមួយនឹងភ្នាក់ងារ FBI ដែលបន្លំខ្លួនជាអ្នកទិញ។
ប្ដី-ប្រពន្ធ Toebbe ក្រោយមក ថែមទាំងស្នើឱ្យប្រទេសដែលចង់ទិញព័ត៌មានសម្ងាត់នេះ បញ្ចេញ «សញ្ញាធានា» មួយ ពីស្ថានទូតប្រចាំទីក្រុងវ៉ាស៊ីងតោន នៅក្នុងទិវាចងចាំ Memorial Day នៅចុងខែឧសភា ឆ្នាំ 2020។
ក្រោយមក ប្ដី-ប្រពន្ធ Toebbe ក៏ទទួលបាន «សញ្ញាធានា» នេះ ហើយយល់ព្រមប្រគល់ទំនិញនៅទីតាំងដែលភាគីអ្នកទិញបានជ្រើសរើស។ បច្ចុប្បន្ន មិនទាន់ដឹងថា សញ្ញាធានានេះគឺជាអ្វី ហើយត្រូវបានផ្សាយចេញពីស្ថានទូតណាមួយនៅ វ៉ាស៊ីងតោន នៅឡើយ។
យោងតាម Michael Atkinson អតីតអគ្គស្នងការដ្ឋានសហគមន៍ចារកម្ម (Inspector General of the Intelligence Community ) របស់ អាម៉េរិក កម្រមានប្រទេសណាអនុញ្ញាតឱ្យ FBI ប្រើប្រាស់ស្ថានទូត ឬទីតាំងការទូតរបស់ពួកគេ ដើម្បីធ្វើជាទីតាំងផ្ញើ «សញ្ញាធានា» ចំពោះប្ដី-ប្រពន្ធ Toebbe។ ប្រការនេះបង្ហាញថា ប្រទេសទីបីដែលត្រូវបានប្ដី-ប្រពន្ធនេះទាក់ទងលក់ឯកសារសម្ងាត់ បានចេញមកសហការជាមួយ អាម៉េរិក តាំងតែពីដំបូង។
សារព័ត៌មានរបស់ អាម៉េរិក អះអាងថា ប្រទេសដែលត្រូវបាន Toebbe ទាក់ទងលក់ព័ត៌មានសម្ងាត់ អាចជាដៃគូសហការ ឬសម្ព័ន្ធមិត្តរបស់ សហរដ្ឋអាម៉េរក។ ព័ត៌មានដែល FBI បានបញ្ជូនទៅតុលាការបង្ហាញថា ភាគីអ្នកទិញបានសហការជាមួយសមត្ថកិច្ចនៃ សហរដ្ឋអាម៉េរិក ក្នុងការរៀបចំអន្ទាក់ដើម្បីចាប់ខ្លួនប្ដី-ប្រពន្ធនេះ។ អ្នកជំនាញមួយចំនួនអះអាងថា បារាំង អាចជាប្រទេសដែលជាប់ទាក់ទងនឹងការស៊ើបអង្កេត ប៉ុន្តែ ទីក្រុងប៉ារីស បានបដិសេធ។
ប្ដីប្រពន្ធ Toebbe កាលពីថ្ងៃទី 12 តុលា បានបង្ហាញខ្លួននៅតុលាការក្នុងតំបន់ Martinsburg នៃរដ្ឋ Virginia ខាងលិច។ ពួកគេប្រឈមនឹងទោសលក់ឯកសារសម្ងាត់ឱ្យបរទេស ហើយអាចត្រូវជាប់ពន្ធនាគារអស់មួយជីវិត៕