ភោជនីយដ្ឋានមួយនៅ ប្រទេសជប៉ុន ចម្អិតអាហារការីគ្រឿងសមុទ្រដែលមានដោតទង់ជាតិ ជប៉ុន នៅលើ «ប្រជុំកោះ Takeshima» ធ្វើឱ្យសហគមន៍អ្នកសារព័ត៌មានរបស់ឧបទ្វីបកូរ៉េ ប្រតិកម្មយ៉ាងខ្លាំងក្លាទៅនឹងមុខម្ហូបបែបឧបទ្វីបឥណ្ឌាមួយនេះ។
«មុខម្ហូបការីសាមញ្ញមួយចាន បានក្លាយជាមេនាំភ្លើង ធ្វើឱ្យមានការឈ្លោះប្រកែកគ្នាថ្មីបំផុត ទាក់ទិននឹងជម្លោះដណ្ដើមទឹកដីដ៏យូរអង្វែង រវាង ប្រទេសជប៉ុន និងឧបទ្វីបកូរ៉េ នេះបើតាមសារព័ត៌មាន The Guardian ចុះផ្សាយកាលពីថ្ងៃទី 12 តុលា។
ជាក់ស្ដែង សារព័ត៌មានរបស់ កូរ៉េខាងត្បូង និង កូរ៉េខាងជើង បានខឹងយ៉ាងខ្លាំង បន្ទាប់ពីមានរូបថតស្ដីពីម្ហូបការីគ្រឿងសមុទ្រមួយមុខ ត្រូវបានដាក់លក់នៅ ប្រទេសជប៉ុន។
ក្នុងរូបថតស្ដីពីម្ហូបការីមួយចានដែលត្រូវបានទីភ្នាក់ងារសារព័ត៌មាននានាចុះផ្សាយ គេឃើញបាយសត្រូវបានតម្រៀបជារូបរាងប្រជុំកោះ Liancourt Rocks (ជប៉ុនហៅថា Takeshima ចំណែក កូរ៉េ ហៅថា Dokdo)។ នៅលើបាយសនេះ មានដោតទង់ជាតិរបស់ ជប៉ុន និងព័ទ្ធជុំវិញដោយ «សមុទ្រ» ទឹកការី។
អាហារមួយមុខនេះ មាននៅក្នុងភោជនីយដ្ឋានមួយនៅលើកោះ Okinoshima ក្នុងខេត្ត Shimane នៃ ប្រទេសជប៉ុន ដែលស្ថិតនៅមិនឆ្ងាយពីប្រជុំកោះ Takeshima/Dokdo។ អាហារនេះ ហូបជាមួយស៊ុប និងជ្រក់ជូរ។
Takeshima/Dokdo គឺជាប្រជុំកោះដែលស្ថិតនៅរយៈចម្ងាយស្មើគ្នា រវាង ប្រទេសកូរ៉េខាងត្បូង និង ប្រទេសជប៉ុន។ បច្ចុប្បន្ន កូរ៉េខាងត្បូង គឺជាប្រទេសដែលកំពុងកាន់កាប់ជាក់ស្ដែងចំពោះប្រជុំកោះនេះ។ ប៉ុន្តែ ភាគីខាង ជប៉ុន អះអាងថា Takeshima/Dokdo គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។
កន្លងមក ទំនាក់ទំនងរវាង ជប៉ុន និង កូរ៉េខាងត្បូង បានប្រែជាតានតឹង ដោយសារបញ្ហាប្រវត្តិសាស្ត្រ។ ការដណ្ដើមទឹកដី ក៏បាន និងកំពុងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ «ល្អក់កករ» ផងដែរ។
សារព័ត៌មាន Uriminzokkiri របស់ កូរ៉េខាងជើង បានបញ្ចេញមតិថា ម្ហូបការីមួយចាន បានបង្ហាញអំពីមហិច្ឆតារបស់ ជប៉ុន ដែលចង់ «លេប» ប្រជុំកោះ Takeshima/Dokdo។
សារព័ត៌មានរបស់ កូរ៉េខាងត្បូង វិញ ក៏បានចេញផ្សាយអត្ថបទស្ដីពីអាហារការីខាងលើ។ សាស្ត្រាចារ្យម្នាក់ នៃសាកលវិទ្យាល័យមួយ បាននិយាយប្រាប់សារព័ត៌មាន Dong-A-Ilbo ថា ជប៉ុន បានប្រើប្រាស់ «កលល្បិចធូរថ្លៃដែលលេចធ្លោ» ដើម្បីជំរុញការទាមទាររបស់ពួកគេ ចំពោះប្រជុំកោះនេះ។
នេះគឺជាលើកដំបូងបង្អស់ ដែលអាហារបានបង្កឱ្យមានជម្លោះតឹងសរសៃក ទាក់ទិននឹងប្រជុំកោះ Takeshima/Dokdo។ កាលពីឆ្នាំ 2017 ក្រុមមន្ត្រីរបស់ ជប៉ុន បានសម្ដែងការប្រឆាំង បន្ទាប់ពីបង្កងដែលត្រូវបាននេសាទនៅតំបន់សមុទ្រក្បែរប្រជុំកោះ Dokdo បង្ហាញខ្លួនក្នុងបញ្ជីមុខម្ហូប នៅឯពិធីជប់លៀងមួយ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ កូរ៉េខាងត្បូង របស់ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលកាលណោះគឺលោក Donald Trump៕