(អាហ្វហ្គានីស្ថាន)-សមាជិកនៃក្រុម តាលីបង់ ត្រូវបានបញ្ជាឱ្យឈរយាមល្បាតក្រោមសំណល់នៃគំនរបាក់បែកដ៏ធំចំនួនពីរ ជាកន្លែងដែលរូបសំណាកព្រះពុទ្ធត្រូវបានក្រុមនេះកម្ទេចចោលកាលពីម្ភៃឆ្នាំមុន។
Saifurrahman Mohammadi ជាសមាជិកវ័យក្មេងមួយរូបរបស់ តាលីបង់ កាន់កាំភ្លើង AK ដើរចុះឡើង នៅក្រោមជញ្ជាំងថ្មដែលធ្លាប់ជាទីគង់នៅរបស់រូបសំណាកព្រះពុទ្ធដ៏ធំចំនួនពីរអង្គ នៅក្នុងខេត្ត Bamiyan នៃ ប្រទេសអាហ្វហ្គានីស្ថាន។ ព្រះពុទ្ធប្បដិមាទាំងពីរអង្គនេះ ធ្លាប់ស្ថិតនៅយ៉ាងរឹងមាំអស់រយៈពេល 1,500 ឆ្នាំ ប៉ុន្តែ ចុងក្រោយត្រូវបានក្រុម តាលីបង់ ដាក់គ្រាប់ផ្ទុះកម្ទេចចោលកាលពីឆ្នាំ 2001 ដោយលើកមូលហេតុថា រូបសំណាកទាំងនេះ «ផ្ទុយពីទ្រឹស្ដីរបស់អ៊ីស្លាមសាសនា»។
កាលណោះ សមាជិករបស់ក្រុម តាលីបង់ រាប់រយនាក់ មកពីគ្រប់ទិសទីក្នុង ប្រទេសអាហ្វហ្គានីស្ថាន បានចំណាយពេល 3 សប្ដាហ៍ដើម្បីបំផ្លាញរូបសំណាកព្រះពុទ្ធដែលមានកម្ពស់រាប់សិបម៉ែត្រ និងធ្លាក់ជាប់នឹងជញ្ជាំងថ្ម ធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងក្លានៅពាសពេញពិភពលោក។
នៅពេលត្រូវបានសួរថា តើគួរបំផ្លាញរូបសំណាកព្រះពុទ្ធទាំងនេះឬទេ Mohammadi ដែលទើបត្រូវបានតែងតាំងជាមន្ត្រីមួយរូបនៅក្នុងការិយាល័យទទួលបន្ទុកបញ្ហាវប្បធម៌របស់ខេត្ត Bamiyan ក៏បានបង្ហាញភាពស្ទាក់ស្ទើរ។ «ខ្ញុំពិតជាមិនអាចអធិប្បាយបាន។ ពេលនោះខ្ញុំនៅតូចណាស់»។
«បើសិនជាពួកគេ (តាលីបង់) ធ្វើដូច្នេះ ប្រាកដណាស់ថា អេមីរ៉ាតអ៊ីស្លាមនៃអាហ្វហ្កានីស្ថាន (Islamic Emirate of Afghanistan) មានមូលហេតុដោយឡែក» Mohammadi និយាយដូច្នេះ និងបន្ថែមថា៖ «ពេលនេះ ប្រការដែលប្រាកដ នោះគឺ យើងសន្យាថា ការពារទីតាំងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។ នេះគឺជាការទទួលខុសត្រូវរបស់យើង»។
បដាស្ពាន់មួយផ្ទាំងដែលមានសរសេរថា «រូបសំណាកព្រះពុទ្ធដែលត្រូវអាជ្ញាធរតាលីបង់ កម្ទេចកាលពីឆ្នាំ 2021» ត្រូវបានដាក់តាំងនៅត្រង់គំនរបាក់បែក។ ទង់ពណ៌សរបស់ តាលីបង់ ក៏ត្រូវបានដោតនៅឯខ្លោងទ្វារក្បែរនោះ។
Mohammadi ឱ្យដឹងថា ថ្មីៗនេះ តាលីបង់ បានជជែកជាមួយក្រុមមន្ត្រីរបស់ UNESCO ដោយស្នើឱ្យពួកគេត្រលប់មកវិញ និងបានសន្យាថា ការពារសុវត្ថិភាព។
អាជ្ញាធរ និងក្រុមមន្ត្រីរបស់ UNESCO ក្នុងតំបន់ ឱ្យដឹងថា វត្ថុបុរាណប្រហែល 1,000 ដុំ ដែលត្រូវបានរក្សាទុកក្នុងឃ្លាំងក្បែរគំនរបាក់បែក ត្រូវបានគេលួច ឬកម្ទេចចោល បន្ទាប់ពី តាលីបង់ ចូលមកកាន់អំណាច។
«ខ្ញុំទទួលស្គាល់ថា មានអំពើលួចប្លន់ ប៉ុន្តែ គ្រប់យ៉ាងបានកើតឡើងមុនពេលយើងមកដល់» Mohammadi បកស្រាយអំពីករណីលួចវត្ថុបុរាណនៅទីតាំងប្រវត្តិសាស្ត្រ។ «យើងកំពុងស្រាវជ្រាវ និងប្រមូលត្រលប់មកវិញ»។
ជ្រលងភ្នំ Bamiya ស្ថិតនៅក្នុងតំបន់កណ្ដាលនៃជួរភ្នំ Hindu Kush ជាចំណុចខាងលិចបង្អស់នៃឥទ្ធិពលរបស់ពុទ្ធសាសនា។ តំបន់នេះទទួលរងឥទ្ធិពលវប្បធម៌ពី អាណាចក្រពើស៊ី (Persia (អ៊ីរ៉ង់ បច្ចុប្បន្ន)), តួកគី, ចិន និង ក្រិក ដោយមានបន្សល់សំណង់ប្រវត្តិសាស្ត្រជាច្រើនដែលមិនទាន់ត្រូវបានស្រាវជ្រាវ។
រូបសំណាកព្រះពុទ្ធចំនួនពីរអង្គនៅទីនេះ ធ្លាប់គង់នៅយ៉ាងរឹងមាំ ក្រោយពីការវាយប្រហាររបស់ស្ដេច Mughal Aurangzeb កាលពីសតវត្សរ៍ទី 17 និងការបាញ់កម្ទេចដោយកាំភ្លើងធំរបស់ស្ដេច Nader Shah នៃអាណាចក្រពើស៊ី។
ក៏ប៉ុន្តែ ដោយការប្រើប្រាស់គ្រាប់រំសេវ តាលីបង់ បានធ្វើឱ្យព្រះពុទ្ធប្បដិមាទាំងពីរអង្គនេះ ក្លាយជាគំនរបាក់បែក ស្ថិតនៅរាយប៉ាយក្រោមជញ្ជាំងភ្នំ។ ប៉ុន្តែ ថ្មីៗនេះ តាលីបង់ អះអាងថា ចង់ការពារបេតិកភណ្ឌបុរាណវិទ្យា បើទោះពួកគេធ្លាប់បានបំផ្លាញកាលពីមុន។ Philippe Marquis ប្រធានប្រតិភូបុរាណវិទ្យារបស់ បារាំង ប្រចាំ អាហ្វហ្គានីស្ថាន ឱ្យដឹងថា តាលីបង់ ដឹងច្បាស់ថា ការការពារបេតិកភណ្ឌ នឹងនាំមកនូវប្រាក់ចំណូលជាប្រចាំដល់ពួកគេ ក្នុងគ្រាសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីកណ្ដាលមួយនេះ ជួបវិបត្តិ៕