កាលពីថ្ងៃទី 8 តុលា ក្រុមហ៊ុនផលិតឱសថ Moderna របស់ សហរដ្ឋអាម៉េរិក បានប្រកាសថា នឹងផ្គត់ផ្គង់វ៉ាក់សាំងបង្ការ COVID-19 ចំនួន 1 ពាន់លានដូសបន្ថែមទៀត ដល់បណ្ដាប្រទេសដែលមានប្រាក់ចំណូលទាបនៅឆ្នាំ 2022 ទន្ទឹមនឹងវ៉ាក់សាំងរាប់រយលានដូស ដែលក្រុមហ៊ុននេះបានសន្យាជាមួយកម្មវិធី COVAX។
ក្នុងសេចក្ដីប្រកាសមួយ Moderna បានឱ្យដឹងថា វ៉ាក់សាំងដែលក្រុមហ៊ុននេះគ្រោងនឹងផ្គត់ផ្គង់ដល់បណ្ដាប្រទេសដែលមានប្រាក់ចំណូលទាបគឺជាផ្នែកមួយក្នុងចំណោមវ៉ាក់សាំងពី 2-3 ពាន់លានដូសដែលគ្រោងនឹងត្រូវបានផលិតនៅឆ្នាំ 2022។
គិតមកដល់បច្ចុប្បន្ន មនុស្សជាង 250 លាននាក់នៅលើពិភពលោក បានទទួលការចាក់វ៉ាក់សាំងរបស់ Moderna។ ប៉ុន្តែ ការទទួលបានវ៉ាក់សាំងប្រឆាំង COVID-19 មកដល់ពេលនេះ នៅតែមានឧបសគ្គធំសម្រាប់ប្រទេសជាច្រើន ពិសេសគឺបណ្ដាប្រទេសក្រីក្រ។
កាលពីខែឧសភា Moderna បានសន្យាថា នឹងផ្ដល់វ៉ាក់សាំង COVID-19 ចំនួន 500 លានដូស ដល់កម្មវិធី COVAX សម្រាប់ដំណាក់កាលពីត្រីមាសទីបួន ឆ្នាំ 2021 ដល់ឆ្នាំ 2022។ COVAX (COVID-19 Vaccines Global Access) គឺជាគំនិតផ្ដួចផ្ដើមសកល ក្នុងបំណងជួយឱ្យបណ្ដាប្រទេសអាចទទួលបានវ៉ាក់សាំងបង្ការ COVID-19 ប្រកបដោយសមធម៌ ដែលដឹកនាំដោយ សម្ព័ន្ធវ៉ាក់សាំង Gavi, សម្ព័ន្ធភាពដើម្បីភាពច្នៃប្រឌិតត្រៀមបង្ការរោគរាតត្បាត (CEPI) និងអង្គការសុខភាពពិភពលោក (WHO)៕