ពានរង្វាន់ Nobel សន្តិភាពឆ្នាំនេះ បានទៅលើ Maria Ressa និង Dmitry Muratov ដែលជាអ្នកកាសែតជនជាតិ ហ្វ៊ីលីពីន និង រុស្ស៊ី ព្រោះតែបាន «ប្រឹងប្រែងការពារសេរីភាពក្នុងការបញ្ចេញមតិ»។
សេរីភាពនៃការបញ្ចេញមតិ «គឺជាលក្ខខណ្ឌចម្បងបង្អស់សម្រាប់ប្រជាធិបតេយ្យ និងសន្តិភាពយូរអង្វែង» គណៈកម្មការ Nobel របស់ ន័រវែស បានប្រកាសនាថ្ងៃនេះ នៅពេលសម្រេចប្រគល់ពានរង្វាន់ Nobel សន្តិភាពជូនដល់អ្នកកាសែត ហ្វ៊ីលីពីន Maria Ressa និងអ្នកកាសែត រុស្ស៊ី Dmitry Muratov។
Maria Ressa និង Dmitry Muratov ទទួលបានពានរង្វាន់នេះក៏ដោយសារតែ «ភាពអង់អាចក្នុងការតស៊ូដើម្បីសេរីភាពបញ្ចេញមតិនៅ ប្រទេសហ្វ៊ីលីពីន និង រុស្ស៊ី។ ទន្ទឹមនឹងនេះ ពួកគេក៏ជាតំណាងរបស់អ្នកសារព័ត៌មានគ្រប់រូបដែលក្រោកឈរឡើងដើម្បីឧត្តមគតិនេះ នៅក្នុងពិភពលោកដែលប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌មានត្រូវប្រឈមនឹងលក្ខខណ្ឌមិនអំណោយផលកាន់តែច្រើន» ប្រធានគណៈកម្មការ Nobel ន័រវែស លោកស្រី Berit Reiss-Andersen ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅ Oslo ដូច្នេះ។
អ្នកស្រី Maria Ressa គឺជាសហស្ថាបនិកនៃទីភ្នាក់ងារសារព័ត៌មាន Rappler ដែលមានជំនាញខាងស៊ើបអង្កេត។ អ្នកស្រីទទួលបានការលើកសរសើរថា ជាមនុស្សដែលធ្វើការមិនចេះហត់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងអំពើរំលោភអំណាចនៅ ហ្វ៊ីលីពីន។ ចំណែកលោក Dmitry Muratov វិញ គឺជាសហស្ថាបនិកនៃសារព័ត៌មាន Novaya Gazeta នៅ រុស្ស៊ី។ លោកមានឈ្មោះថាជាអ្នកតស៊ូដើម្បីសេរីភាពបញ្ចេញមតិ និងការពារអ្នកកាសែត។
ពានរង្វាន់ Nobel សន្តិភាពនេះនឹងប្រគល់ជូនអ្នកឈ្នះនៅថ្ងៃទី 10 ធ្នូ ដែលជាថ្ងៃខួបមរណភាពរបស់ Alfred Nobel។ នេះគឺជាលើកដំបូងហើយដែលអ្នកកាសែតទទួលបានពានរង្វាន់ថ្លៃថ្លាបែបនេះ រាប់ចាប់ពីឆ្នាំ 1935 ដែលកាលណោះបានទៅលើអ្នកកាសែត អាល្លឺម៉ង់ Carl von Ossietzky ដោយបានបង្ហើបឱ្យដឹងអំពីកម្មវិធីបង្កើតកងប្រដាប់អាវុធសម្ងាត់របស់ប្រទេសនេះ ក្រោយសង្គ្រាមលោក៕