(ប្រទេសចិន)-មនុស្សបីជំនាន់ដែលបាននាំគ្នាដាំដើមឈើ និងកែប្រែសមុទ្រខ្សាច់ Saihanba ទៅជាព្រៃឈើដែលមានទំហំ 700 គីឡូម៉ែត្រក្រឡា និងស្រូបយកឧស្ម័ន CO2 ប្រហែល 860,000 តោន ជារៀងរាល់ឆ្នាំ។
តំបន់ព្រៃពណ៌បៃតងស្រស់នៅ ប្រទេសចិន នេះ ធ្លាប់ជាសមុទ្រខ្សាច់ដ៏សែនសោះកក្រោះ។ ប៉ុន្តែ បច្ចុប្បន្ន វាគឺជាព្រៃបង្កើតឡើងដោយស្នាដៃមនុស្ស ធំជាងគេក្នុងពិភពលោក។ កសិដ្ឋានដាំព្រៃឈើ Saihanba គ្របដណ្ដប់ផ្ទៃដីជាង 700 គីឡូម៉ែត្រក្រឡា។ ព្រៃនេះធំជាងផ្ទៃដីសរុបរបស់ ប្រទេសសិង្ហបុរី។ មានចម្ងាយ 450 គីឡូម៉ែត្រពីរដ្ឋធានី ព្រៃ Saihanba ត្រូវបានគេហៅថា «សួតបៃតងរបស់ ទីក្រុងប៉េកាំង» នៃ ប្រទេសចិន។
Fu Lihua អ្នកស្រាវជ្រាវនៃកសិដ្ឋានដាំព្រៃ Saihaba និយាយថា៖ «យើងត្រូវដោះស្រាយបញ្ហាលំបាកជាច្រើន រួមទាំងព្យុះខ្សាច់ធំៗ កម្ពស់ និងសីតុណ្ហភាពទាបខ្លាំង។ វិធីសាស្ត្របង្កើតពណ៌បៃតងដែលយើងបានសិក្សា ត្រូវការសម្រួលទៅតាមបរិស្ថានដោយឡែកនេះ»។
យុទ្ធនាការដាំដើមឈើនៅទីនេះ បានចាប់ផ្ដើមតាំងពីឆ្នាំ 1962 ដើម្បីបង្កើតជាខែលការពារបែបបរិស្ថានវិទ្យាសម្រាប់ រដ្ឋធានីប៉េកាំង និងតំបន់ជុំវិញ។ មនុស្សបីជំនាន់ បានកសាងតំបន់ព្រៃនេះពីបាតដៃទទេ។
Chen Yanxian ដែលជាមន្ត្រីការពារព្រៃឈើនៃកសិដ្ឋាន Saihanba និយាយថា៖ «នៅពេលបានឃើញដើមឈើលូតលាស់ យើងមានអារម្មណ៍ថា បញ្ហាលំបាកទាំងឡាយនៅជុំវិញ លែងមានន័យទៀតហើយ។ យើងអរគុណដល់ស្រទាប់មនុស្សជំនាន់ដំបូងដែលសម្រេចបានភារកិច្ច។ យើងបង្កើតបានព្រៃឈើនេះដោយញើស ឈាម និងទឹកភ្នែក រួមនឹងការប្រឹងប្រែងមិនឈប់ឈរ។ យើងចាត់ទុកឈើមួយដើមជាកូនចៅបង្កើតមួយនាក់របស់យើង។ ពួកវាលូតលាស់ពីគ្រាប់ពូជទៅជាដើមឈើខ្ពស់»។
ព្រៃបៃតង Saihanba នេះ ស្រូបយកឧស្ម័ន កាបូនឌីអ៊ុកស៊ីត បានប្រមាណ 860,000 តោន ជារៀងរាល់ឆ្នាំ៕