លោក Saakashvili អតីតប្រធានាធិបតីនៃ ប្រទេសហ្សកហ្ស៊ី ត្រូវបានក្រុមប៉ូលិស ចាប់ខ្លួនភ្លាមៗ បន្ទាប់ពីលោកត្រលប់មកប្រទេសកំណើតវិញ ដោយសារលោកធ្លាប់ត្រូវបានកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគាររយៈពេល 6 ឆ្នាំ ទាក់ទិននឹងទោសរំលោភអំណាច។
«ប្រធានាធិបតីទីបីរបស់ ប្រទេសហ្សកហ្ស៊ី លោក Mikheil Saakashvili ថ្ងៃនេះ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់ពន្ធនាគារ» នាយករដ្ឋមន្ត្រី Irakli Garibashvili បានប្រាប់អ្នកយកព័ត៌មាននា រដ្ឋធានី ប៊ីលីស៊ី (Tbilisi) កាលពីថ្ងៃទី 1 តុលា។ ក្នុងវីដេអូមួយ ដែលត្រូវបានបញ្ចេញដោយក្រសួងមហាផ្ទៃ ហ្សកហ្ស៊ី បង្ហាញថា លោក Saakashvili ញញឹម ខណៈដែលដៃជាប់ខ្នោះ ហើយត្រូវប៉ូលិសបញ្ជូនចូលទៅខាងក្នុងពន្ធនាគារ។
លោក Saakashvili កំពុងស្ថិតក្នុងពន្ធនាគារក្នុងទីរួមស្រុក Rustavi ដែលមានចម្ងាយ 30 គីឡូម៉ែត្រ ពី រដ្ឋធានី Tbilisi។ មន្ត្រីការពារសិទ្ធិមនុស្សរបស់ ហ្សកហ្ស៊ី លោក Nino Lomjaria បានទៅសួរសុខទុក្ខលោក Saakashvili នៅក្នុងពន្ធនាគារ ហើយបានឱ្យដឹងថា អតីតប្រធានាធិបតីរូបនេះ កំពុងធ្វើកូដកម្មអត់អាហារ។
មុននេះ គូប្រជែងនានារបស់លោក Saakashvili នៅក្នុងបក្សសុបិនហ្សកហ្ស៊ី (Georgian Dream) បានព្រមានថា អតីតប្រធានាធិបតីនឹងត្រូវបានចាប់ខ្លួន និងជាប់ពន្ធនាគារ 6 ឆ្នាំ បើសិនជាត្រលប់មកប្រទេស ក្រោយពីត្រូវបានកាត់ទោសកំបាំងមុខកាលពីឆ្នាំ 2018។ ប្រធានាធិបតី ហ្សកហ្ស៊ី លោក Salome Zurabishvili ដែលជាគូប្រជែងរបស់ Saakashvili បានឱ្យដឹងថា ខ្លួននឹងមិនលើកលែងទោសឱ្យអតីតប្រធានាធិបតីរូបនេះជាដាច់ខាត។
លោក Saakashvili ដែលជាប្រធានាធិបតីនៃប្រទេស ហ្សកហ្ស៊ី ចាប់ពីឆ្នាំ 2004-2007 និង 2008-2013 នៅតែទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាជន។ លោក បានអំពាវនាវដល់អ្នកគាំទ្រ ឱ្យចេញធ្វើបាតុកម្មនៅ រដ្ឋធានីប៊ីលីស៊ី ក្នុងថ្ងៃទី 3 តុលា។
អតីតប្រធានាធិបតីរូបនេះ ត្រូវបានកាត់ទោសកំបាំងមុខ ពីបទរំលោភតួនាទីកាលពីឆ្នាំ 2018 និងជាប់ពន្ធនាគារ 6 ឆ្នាំ។ ប៉ុន្តែ Saakashivili បានបដិសេធ ដោយចោទថា ជារឿងនយោបាយ។ ការចាប់ខ្លួនលោក Saakashivili ត្រូវបានក្រុមអ្នកវិភាគព្យាករថា នឹងបង្កឱ្យមានភាពវឹកវរ នៅក្នុងប្រទេសដែលធ្លាប់ស្ថិតក្រោម សហភាពសូវៀត មួយនេះ៕