ប្រទេសចិន បានបញ្ជូនយន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះឈ្លបយកការណ៍សរុបចំនួន 38 គ្រឿង ទៅក្បែរដែនកោះតៃវ៉ាន់ នៅក្នុងមួយថ្ងៃ ដែលនេះគឺជាតួលេខច្រើនបំផុតមិនធ្លាប់មានពីមុនមក។
ស្ថាប័នការពារកោះតៃវ៉ាន់ កាលពីជិតពាក់កណ្ដាលយប់នៃថ្ងៃទី 1 តុលា បានប្រកាសនៅលើទំព័រ Twitter ថា ក្រុមយន្តហោះយោធាចិន រួមមាន យន្តហោះចម្បាំង J-16 ចំនួន 10 គ្រឿង, យន្តហោះទម្លាក់គ្រាប់បែក H-6 ចំនួន 2 គ្រឿង និងយន្តហោះព្រមានរហ័ស Kj-500 ចំនួន 1 គ្រឿង ហោះចូលក្បែរ កោះតៃវ៉ាន់ នៅក្នុងពេលយប់។
បណ្ដាយន្តហោះចម្បាំង J-16 អមដំណើរហោះហើររបស់យន្តហោះទម្លាក់គ្រាប់បែក H-6 បានហោះទៅដល់តំបន់ភាគអាគ្នេយ៍នៃ កោះតៃវ៉ាន់ ខណៈដែលយន្តហោះព្រមានរហ័ស KJ-500 ធ្វើសកម្មភាពក្បែរប្រជុំកោះ Pratas ដែលគ្រប់គ្រងដោយ តៃវ៉ាន់។
នេះគឺជាលើកទីពីរហើយ ដែល ប្រទេសចិន បញ្ជូនក្រុមយន្តហោះយោធា ចូលទៅក្បែរ កោះតៃវ៉ាន់ នៅក្នុងអំឡុងពេលតែមួយថ្ងៃ។ មុននេះ យន្តហោះយោធារបស់ ចិន មួយក្រុម បានចូលទៅកាន់តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) របស់ កោះតៃវ៉ាន់ នៅល្ងាចថ្ងៃទី 1 តុលា ផងដែរ។ យន្តហោះទាំងនេះ រួមមាន យន្តហោះចម្បាំង J-16 ចំនួន 18 គ្រឿង, Su-30 ចំនួន 4 គ្រឿង, យន្តហោះទម្លាក់គ្រាប់បែក H-6 ចំនួន 2 គ្រឿង និងយន្តហោះប្រមាញ់នាវាមុជទឹក Y-8 ចំនួន 1 គ្រឿង។
យន្តហោះខាងលើ ហោះជុំវិញតំបន់ចន្លោះ កោះតៃវ៉ាន់ និងប្រជុំកោះ Pratas ហើយក្រោយមកក៏ត្រលប់ទៅកាន់ ចិនដីគោក។ នេះបើតាមស្ថាប័នការពារជាតិរបស់ កោះតៃវ៉ាន់។
តៃវ៉ាន់ បានបញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿងទៅបណ្ដេញយន្តហោះយោធារបស់ ចិន ទន្ទឹមនឹងនេះក៏បានដំណើរការប្រព័ន្ធមីស៊ិលការពារដែនអាកាស ដើម្បីត្រៀមបាញ់ទម្លាក់យន្តហោះ ចិនដីគោក ទាំងនោះផងដែរ។
ការដែល ប្រទេសចិន បញ្ជូនយន្តហោះយោធារបស់ខ្លួនចំនួន 38 គ្រឿង ទៅបំភ័យ តៃវ៉ាន់ នៅក្នុងថ្ងៃតែមួយនេះ គឺជាប្រការដែលមិនធ្លាប់មានពីមុនមក។ សកម្មភាពនេះក៏ត្រូវបានធ្វើឡើងនៅក្នុងថ្ងៃដែល ប្រទេសចិន ប្រារព្ធពិធីគម្រប់ខួប 72 ឆ្នាំ នៃទិវាឯករាជ្យជាតិ។
ក្រសួងការពារជាតិរបស់ ប្រទេសចិន មិនទាន់បញ្ចេញមតិអ្វីជុំវិញការបញ្ជូនយន្តហោះយោធាដ៏ច្រើនទៅក្បែរ តៃវ៉ាន់ នៅឡើយ។ ប៉ុន្តែ កន្លងមក ក្រសួងនេះធ្លាប់បានអះអាងថា ការហោះហើរទៅក្បែរ កោះតៃវ៉ាន់ គឺដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដី ទន្ទឹមនឹងនេះមានបំណងសំដៅលើសកម្មភាព «សមគំនិតគ្នា» របស់ក្រុមមន្ត្រីនៃ កោះតៃវ៉ាន់ ជាមួយនឹង សហរដ្ឋអាម៉េរិក ផងដែរ ដែលជាអ្នកនៅពីក្រោយ កោះតៃវ៉ាន់៕