អតីតជំនួយការផ្នែកសារព័ត៌មានប្រចាំសេតវិមាន យល់ថា Putin មានចេតនាជ្រើសរើសនារីបកប្រែដ៏ស្រស់ស្អាតមួយរូប នៅពេលជួបពិភាក្សាជាមួយលោក Trump កាលពីឆ្នាំ 2019 ប៉ុន្តែ ភាគី រុស្ស៊ី បានបដិសេធការចោទប្រកាន់នេះ។
Daria Boyarskaya អាយុ 36 ឆ្នាំ ជាស្រីស្អាតដែលមានសក់ពណ៌ប្រផេះ និងដងខ្លួនដ៏ទាក់ទាញ បង្ហាញវត្តមាននៅក្នុងរូបថតនៃជំនួបរវាង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងលោក Donald Trump ដែលកាលណោះគឺជា ប្រធានាធិបតីអាម៉េរិក នៅក្រៅក្របខ័ណ្ណនៃកិច្ចប្រជុំកំពូល G20 នាទីក្រុង Osaka ប្រទេសជប៉ុន កាលពីឆ្នាំ 2019។
នៅក្នុងអារម្ភកថានៃសៀវភៅដែលនឹងចេញលក់នៅថ្ងៃទី 05 តុលា និងមានចំណងជើងថា «ពេលនេះខ្ញុំនឹងឆ្លើយនឹងសំនួររបស់អ្នក» អតីតលេខាផ្នែកសារព័ត៌មាននៅសេតវិមាន Stephanie Grisham បានឱ្យដឹងថា Fiona Hill ដែលកាលណោះគឺជាមន្ត្រីទទួលបន្ទុកលើបញ្ហាស្ដីពី រុស្ស៊ី និង អឺរ៉ុប ប្រចាំក្រុមប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាម៉េរិក បានសម្ដែងការមន្ទិល នៅពេលឃើញ Boyarskaya បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍។
«នៅពេលជំនួបបានចាប់ផ្ដើម Fliona Hill ផ្អៀងខ្លួនងាកមកសួរខ្ញុំថា មានចាប់អារម្មណ៍អ្នកបកប្រែរបស់ Putin ឬទេ។ នាងនោះមានសក់ពណ៌ប្រផេះដ៏ទាក់ទាញ រង្វង់មុខស្រស់សោភាមានមន្តស្នេហ៍ និងដងខ្លួនដ៏អស្ចារ្យ» Grisham សរសេរដូច្នេះ។ «លោកស្រីបន្តនិយាយជាមួយខ្ញុំថា លោកស្រីសង្ស័យថា Putin ជ្រើសរើសអ្នកបកប្រែនេះដើម្បីធ្វើឱ្យ ប្រធានាធិបតីអាម៉េរិក ញាប់ញ័រ»។
អធិប្បាយតបនឹងព័ត៌មានដែលលើកឡើងដោយ Grisham លោក Dmitry Peskov អ្នកនាំពាក្យរបស់ប្រធានាធិបតី Putin បានច្រានចោលការចោទប្រកាន់ដែលថា នារីបកប្រែ Boyarskaya គឺជា «អាវុធសម្រស់» ដែលប្រើប្រាស់សំដៅលើ Trump។
«អ្នកបកប្រែ ត្រូវបានជ្រើសរើសដោយក្រសួងការបរទេស ដោយយោងទៅតាមការស្នើរបស់វិមានក្រឹមឡាំង។ លោក Putin មិនបានចូលរួមក្នុងការជ្រើសរើសអ្នកបកប្រែនោះទេ» សារព័ត៌មាន East2West ដកស្រង់សម្ដីរបស់ Peskov ចុះផ្សាយដូច្នេះ។
ស្រីស្អាត Boyarskaya បានបញ្ចប់ការសិក្សានៅសាលាបណ្ដុះបណ្ដាលអ្នកបកប្រែ St.Peterburg ហើយនាងក៏ជាអ្នករបាំ salsa និង bachata ផងដែរ។
លោក Trump កាលពីថ្ងៃទី 29 កញ្ញា បានរិះគន់ដល់ការបោះពុម្ភសៀវភៅរបស់ Grisham ដោយបាននិយាយថា អតីតលេខាសារព័ត៌មាននៃសេតវិមានរូបនេះ បាន «ខឹងខ្លាំង» ក្រោយពីបញ្ចប់មុខនាទីនៅក្នុងរដ្ឋការរបស់លោក។
«នាងជាប់ទាក់ទិននឹងបញ្ហាធ្ងន់ធ្ងរជាច្រើនដែលយើងយល់ថា នាងគួរតែដោះស្រាយដោយខ្លួនឯង។ ពេលនេះ ដូចទៅនឹងមនុស្សដទៃ នាងយកប្រាក់ពីម្ចាស់រោងពុម្ភឆ្វេងនិយមជ្រុល ដើម្បីនិយាយអំពីរឿងមិនល្អ និងប្រឌិត» លោក Trump អះអាងការពារខ្លួនដូច្នេះ៕