កំពូលអ្នកប្រដាល់ដែលទើបតែចូលនិវត្តន៍ លោក Manny Pacquiao បានក្លាយជាមនុស្សដំបូងគេដែលដាក់ពាក្យឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីរបស់ ប្រទេសហ្វ៊ីលីពីន សម្រាប់អាណត្តិថ្មី។
«អាទិភាពរបស់ខ្ញុំគឺ ការដោះស្រាយបញ្ហាវិបត្តិ COVID-19 ដើម្បីអាចស្ដារសេដ្ឋកិច្ចឡើងវិញ» លោក Pacquiao ថ្លែងនៅចំពោះមុខក្រុមអ្នកកាសែតនាថ្ងៃនេះ នៅពេលរួមដំណើរជាមួយភរិយា និងសហការី Lito Atienza ទៅដាក់ពាក្យឈរឈ្មោះជាផ្លូវការដើម្បីក្លាយជាបេក្ខភាពសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ហ្វ៊ីលីពីន ដែលនឹងត្រូវបានធ្វើឡើងនៅខែឧសភា ឆ្នាំ 2022។
នៅតាមបណ្ដោយផ្លូវឆ្ពោះទៅកាន់ការិយាល័យទទួលឯកសារឈរឈ្មោះបោះឆ្នោតនៅ រដ្ឋធានីម៉ានិល លោក Pacquiao ទទួលបានការគាំទ្រ ការស្រែកហ៊ោលើកទឹកចិត្តពីហ្វូងមនុស្ស ក្នុងនោះមានអ្នកខ្លះលើកបដាដែលសរសេរថា «ឆ្ពោះទៅមុខ Pacman» ។ល។ Pacman គឺជាសហ័សនាមរបស់ស្ដេចប្រដាល់រូបនេះ។
លោក Pacquiao មានអាយុ 42 ឆ្នាំ បានឱ្យដឹងថា លោកមិនយកចិត្តទុកដាក់នឹងលទ្ធផលនៃការស្ទង់មតិសាធារណជន ដែលបានបង្ហាញថា លោកឈរលំដាប់ទីបួននោះទេ។ លោកបន្ថែមថា៖ «សំឡេងរបស់អ្នកក្រ មិនត្រូវបានគេស្ដាប់»។
លទ្ធផលនៃការស្ទង់មតិថ្មី ដែលត្រូវបានធ្វើឡើងចំពោះជនជាតិហ្វ៊ីលីពីន ចំនួន 2,400 នាក់ បង្ហាញថា អត្រានៃការគាំទ្រចំពោះ Pacquiao បានកើនពី 8% ឡើងដល់ 12% ប៉ុន្តែ នៅតែឈរលំបាប់ទីបួន។ បុគ្គលនាំមុខគេនៅក្នុងលទ្ធផលនៃការស្ទង់មតិនេះគឺ Sara Duterte ដែលជាអភិបាលក្រុង Davao និងជាកូនស្រីរបស់ប្រធានាធិបតី Rodrigo Duterte ដោយមានអត្រាគាំទ្រ 20%។
ស្ដេចប្រដាល់របស់ ហ្វ៊ីលីពីន បានចូលប្រលូកក្នុងវិស័យនយោបាយចាប់ពីឆ្នាំ 2010 ក្នុងនាមជាតំណាងរាស្ត្រ មុនពេលត្រូវបានបោះឆ្នោតចូលសភាជាន់ខ្ពស់។ លោក Pacquiao ទទួលបានការស្រលាញ់ចូលចិត្តខ្លាំងនៅ ហ្វ៊ីលីពីន ដោយសារតែមានសន្ដានចិត្តល្អ និងប្រឹងប្រែងរលាស់ខ្លួនចេញពីភាពក្រីក្រ និងក្លាយជាអ្នកប្រដាល់ដែលមានទ្រព្យច្រើនជាងគេមួយរូបនៅក្នុងពិភពលោក។ ស្ដេចប្រដាល់រូបនេះ ធ្លាប់ក្លាយជាជើងឯកផ្នែកប្រដាល់ពិភពលោករហូតដល់ 8 លើក ដោយឈ្នះ 56 ប្រកួត, ចាញ់ 3 ប្រកួត និងស្មើ 2 ប្រកួត។
ក្រោយពីយល់ព្រមតាមសំណើធ្វើជាបេក្ខភាពប្រធានាធិបតីរបស់ក្រុមដែលលោកដឹកនាំនៅក្នុងបក្សកាន់អំណាច PDP-Laban កាលពីថ្ងៃទី 19 កញ្ញា Pacquiao បានសន្យាថា ប្រឆាំងនឹងអំពើពុករលួយនៅក្នុងរដ្ឋាភិបាល។ ស្ដេចប្រដាល់រូបនេះ កាលពីថ្ងៃទី 29 កញ្ញា បានប្រកាសចូលនិវត្តន៍ ដើម្បីផ្ដោតការយកចិត្តទុកដាក់ទៅលើយុទ្ធនាការឃោសនាបោះឆ្នោត។
ក្រុមអ្នកវិភាគអះអាងថា ស្នាដៃ និងជោគជ័យនៅក្នុងវិស័យប្រដាល់ រួមនឹងគោលដៅប្រឆាំងភាពក្រីក្រ និងអំពើពុករលួយ អាចជាប្រធានបទស្នូលនៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនាពេលខាងមុខ របស់ Paquiao៕