(រុស្ស៊ី)-ពិធីរៀបអភិសេករបស់សមាជិកជំនាន់ក្រោយនៃរាជវង្សរុស្ស៊ី នឹងត្រូវបានធ្វើឡើងនៅអតីតរាជធានី St.Petersburg (Saint Petersburg) ដែលបច្ចុប្បន្នគឺជាទីក្រុងកំពង់ផែរបស់ រុស្ស៊ី ដែលនេះគឺជារបត់ថ្មីមួយ និងជាពិធីអភិសេករបស់រាជវង្ស រុស្ស៊ី លើកដំបូងបង្អស់ ក្នុងរយៈពេលជាងសតវត្សរ៍មកនេះ។
មហាឧបរាជ George Mikhailovich Romanov នឹងរៀបអភិសេកជាមួយគូដណ្ដឹងជាជនជាតិអ៊ីតាលី ឈ្មោះ Victoria Romanovna (Bettarini) នៅឯវិហារ St. Isaac នៅទីក្រុង St.Petersburg នាថ្ងៃទី 01 ខែតុលា។ ពិធីរៀបអភិសេកនេះ ត្រូវបានរៀបចំយ៉ាងម៉ត់ចត់ និងមានការអញ្ជើញភ្ញៀវបរទេសរាប់រយនាក់ផងដែរ។
«នេះគឺជាកន្លែងដំបូងនៅ ប្រទេសរុស្ស៊ី ដែលយើងបានត្រលប់មកវិញ» George Mikhailovich Romanov អាយុ 40 ឆ្នាំ ប្រាប់សារព័ត៌មាន Fontanka.ru អំពីការជ្រើសរើស St.Petersburg ដើម្បីធ្វើពិធីរៀបការ។ «ទីនេះនៅជិតគ្រួសារ»។
George Mikhailovich Romanov ចាប់កំណើតនៅ ប្រទេសអេស្ប៉ាញ។ ម្ដាយរបស់លោកគឺ ព្រះនាង Maria Vladimirovna ដែលធ្លាប់បានប្រកាសដោយអង្គឯងថាជារាជទាយាទនៅ រុស្ស៊ី ចំណែកឪពុករបស់លោកគឺជាមហាឧបរាជ Mikhail Pavlovich។ ជីវិតរបស់លោក George Mikhailovich Romanov ភាគច្រើន រស់នៅ ប្រទេសបារាំង និង អេស្ប៉ាញ។
តាទួតរបស់ George Mikhailovich គឺមហាឧបរាជ Kirill Vladimirovich បានទៅកាន់ ប្រទេសហ្វាំងឡង់ កាលពីឆ្នាំ 1917 ហើយក្រោយមកក៏បាននាំគ្រួសារទៅរស់នៅក្នុងតំបន់អឺរ៉ុបខាងលិច។
George Mikhailovich ត្រលប់មកលេង ប្រទេសរុស្ស៊ី លើកដំបូងកាលពីឆ្នាំ 1992 ហើយបច្ចុប្បន្នរស់នៅក្នុង រដ្ឋធានីមូស្គូ ជាទីដែលលោកដឹកនាំគម្រោងមនុស្សធម៌មួយចំនួន។
កូនក្រមុំ Bettarini អាយុ 39 ឆ្នាំ បានចូលសាសនាគ្រិស្តអថូដុករុស្ស៊ី កាលពីឆ្នាំ 2020 និងប្រើប្រាស់ឈ្មោះ Victoria Romanvna។
ស្ដេចចុងក្រោយបង្អស់របស់ ប្រទេសរុស្ស៊ី គឺព្រះអង្គម្ចាស់ Nicholas II រួមនឹងមហេសី និងបុត្រ 5 អង្គ ត្រូវបានកងទ័ពបដិវត្តប្រហារជីវិតនៅក្នុងបន្ទប់ក្រោមដីរបស់គ្រួសារអ្នកជំនួញម្នាក់នៅ Yekaterinburg ជាទីក្រុងដែលមានចម្ងាយប្រហែល 1,450 គីឡូម៉ែត្រ ពី រដ្ឋធានីមូស្គូ កាលពីខែកក្កដា ឆ្នាំ 1918។
រាជវង្ស Romanov គ្រប់គ្រង ប្រទេសរុស្ស៊ី អស់រយៈពេល 300 ឆ្នាំ មុនពេលស្ដេច Nicholas II ដាក់រាជកាលពីឆ្នាំ 1917។ វិហារសាសនាគ្រិស្តអថូដុក របស់ រុស្ស៊ី (Russian Orthodox Church) បានតែងតាំងស្ដេច Nicholas II ជាអាទិទេពមួយអង្គ កាលពីឆ្នាំ 2000៕