មេបញ្ជាការរងនៃកងទ័ពអាកាសចិន អះអាងថា ប្រទេសនេះមានសមត្ថភាព និងជឿជាក់នៅក្នុងការការពារខ្លួន ទន្ទឹមនឹងនេះ លោកក៏បានណាត់ជួបកងទ័ពអាម៉េរិក នៅលើអាកាសផងដែរ បើសិនជាមិនភ័យខ្លាច។
«ថ្មីៗនេះ សមាសភាគីរបស់ខ្ញុំម្នាក់មកពីប្រទេសធំមួយ ប្រកាសថា ចង់ធ្វើឱ្យប្រទេសចិន ភ័យខ្លាច» មេបញ្ជាការរងកងទ័ពអាកាសចិន លោក Wang Wei និយាយដូច្នេះនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍អាកាសចរណ៍ចិនលើកទី 13 «The 13th China International Aviation and Aerospace Exhibition» ឬហៅថា Airshow China 2021 កាលពីថ្ងៃទី 29 កញ្ញា។
«ប្រទេសចិន មានសមត្ថភាពគ្រប់គ្រាន់ និងជឿជាក់ក្នុងការការពារសន្តិសុខជាតិ ព្រមទាំងការពារទឹកដីទាំងមូល ទន្ទឹមនឹងការរួមចំណែកសម្រាប់សន្តិភាពរបស់ពិភពលោក» ឧត្តមសេនីយ Wang Wei អះអាងដូច្នេះ។ «ខ្ញុំចង់និយាយថា បើសិនជាពួកគេមិនភ័យខ្លាចនៅចំពោះមុខសមត្ថភាពរបស់កងទ័ពចិនទេ នោះចូរយើងជួបគ្នានៅលើអាកាស»។
ការអធិប្បាយរបស់មេទ័ពចិនរូបនេះ ទំនងជាត្រូវបានធ្វើឡើងដើម្បីឆ្លើយតបនឹងការប្រកាសរបស់លេខាធិការនៃកងទ័ពអាកាស សហរដ្ឋអាម៉េរិក Frank Kendall កាលពីខែសីហា ដែលបាននិយាយថា អាម៉េរិក ត្រូវតែឈានមុខគេជាមួយនឹងបច្ចេកវិទ្យាលំដាប់កំពូល ដែលអាច «ធ្វើឱ្យ ចិន ខ្លបខ្លាច»។ លោក Kendall ទទួលស្គាល់ថា កម្មវិធីធ្វើទំនើបកម្មយោធារបស់ ចិន ដំណើរការលឿនជាងការព្យាកររបស់ អាម៉េរិក។
អាម៉េរិក និង ចិន ត្រូវបានគេមើលឃើញថា កំពុងប្រណាំងប្រជែងគ្នា ក្នុងការធ្វើទំនើបកម្មសព្វាវុធ។ ប្រទេសចិន កាលពីខែសីហា បានឱ្យដឹងថា បានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីចំនួន 2 គ្រាប់ ដែលត្រូវបានអភិវឌ្ឍឡើងដើម្បីកម្ទេចប្រព័ន្ធទំនាក់ទំនងរបស់សត្រូវ។
លេខាធិការនៃកងទ័ព សហរដ្ឋអាម៉េរិក លោក Kendall កាលពីថ្ងៃទី 13 សីហា បានអះអាងថា ការដែល ចិន ធ្វើទំនើបកម្មយោធា ពិតជាជះឥទ្ធិពលដល់សន្តិសុខរបស់ អាម៉េរិក។ លោក Kendall ក៏បានលើកឡើងអំពីកម្មវិធីអាវុធទំនើបរបស់ អាម៉េរិក ដែលអាចកំញើញដល់សត្រូវ ក្នុងនោះមានដូចជា យន្តហោះទម្លាក់គ្រាប់បែក B-21 និង យន្តហោះចម្បាំងបំបាំងកាយ F-35 ផងដែរ៕