Skip to content

ក្រុមបងធំ​អុកឡុក​ពន្ធនាគារ បណ្ដាលឱ្យ​មនុស្ស​ស្លាប់ 100 នាក់! អ្នក​ខ្លះ​ត្រូវ​គេ​កាត់​ក្បាល!

(អេក្វាទ័រ)-ហេតុការណ៍​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​រវាង​ក្រុមបងធំ​នៅក្នុង​ពន្ធនាគារ Guayaqui បណ្ដាលឱ្យមាន​អ្នកស្លាប់​យ៉ាងតិច 100 នាក់ និង​របួស 52 នាក់។

SNAI ដែលជា​ស្ថាប័ន​គ្រប់គ្រង​ពន្ធនាគារ​របស់ ប្រទេស​អេក្វាទ័រ កាលពី​ថ្ងៃទី 29 កញ្ញា បានឱ្យដឹងថា ហេតុការណ៍​ប្រយុទ្ធ​គ្នា​រវាង​អ្នកទោស​ដែលមាន​កាំភ្លើង និង​គ្រាប់បែកដៃ កើតឡើង​នៅក្នុង​បរិវេណ​របស់​ពន្ធនាគា​រ Guayaqui។ ជម្លោះ​នេះ​ត្រូវបាន​គេ​ជឿថា មាន​ជាប់ទាក់ទង​នឹង​ក្រុមបងធំ​គ្រឿងញៀន​នៅ ប្រទេស​ម៉ិ​ក​ស៊ិ​ក ក្នុងនោះ​មាន​ក្រុម Sinaloa និង​ក្រុម Jalisco។

«មនុស្ស​ជាង 100 នាក់​បាន​ស្លាប់ និង 52 នាក់​រងរបួស» SNAI បង្ហោះ​នៅលើ Twitter ដូច្នេះ ខណៈដែល​ក្រុមមន្ត្រី​បានឱ្យដឹងថា មនុស្ស​យ៉ាងតិច 6 នាក់ ក្នុងចំណោម​អ្នកស្លាប់ 100 នាក់ ត្រូវបាន​គេ​កាត់​ក្បាល។ សមត្ថកិច្ច​យ៉ាងតិច 2 នាក់ ក៏​រងរបួស នៅក្នុង​ការដណ្ដើម​គ្រប់​គ្រង​ពន្ធនាគារ​ឡើងវិញ។

អ្នក​ទោស​ប្រយុទ្ធ​គ្នា​ដោយ​ប្រើ​កាំភ្លើង​ និង​គ្រាប់​បែក​ដៃ​

ប្រធានាធិបតី Gullermo Lasso ប្រកាសថា នឹង​អនុញ្ញាត​ឱ្យប្រើ​កម្លាំងបាយ​ដើម្បី​ស្ដារ​ស្ថិរភាព។ លោក​ថា នឹង​ដឹកនាំ​គណៈកម្មការ​សន្តិសុខ​មួយ​នៅ Guayaquil ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​អាសន្ន ប៉ុន្តែ ធានា «សិទ្ធិមនុស្ស​ដល់​គ្រប់គ្នា​ដែល​ជាប់​ពាក់ព័ន្ធ»។

ប្រព័ន្ធ​ពន្ធនាគារ​នៅ អេ​ក្វេ​ទ័​រ បាន​ក្លាយជា «សមរភូមិ» របស់​អ្នកទោស​រាប់ពាន់នាក់​ដែល​ជាប់​ទាក់ទិន​នឹង​ក្រុមបងធំ​គ្រឿងញៀន​នៅ ប្រទេស​ម៉ិ​ក​ស៊ិ​ក។ កាលពី​ថ្ងៃទី 23 កុម្ភៈ ប្រទេស​អេក្វាទ័រ ក៏​កើតមាន​ហេតុការណ៍​ប្រយុទ្ធ​គ្នា​នៅក្នុង​ពន្ធនាគារ​ចំនួន 4 ក្នុងនោះ​ក៏មាន Guayaquil ផងដែរ ដែល​បានធ្វើឱ្យ​មនុស្ស​ចំនួន 79 នាក់ បាត់បង់​ជីវិត ហើយ​អ្នកទោស​ខ្លះ​ក៏មាន​អ្នក​ត្រូវគេ​កាត់​ក្បាល។

យោងតាម​អង្គការ​គាំពារ​សិទ្ធិមនុស្ស តាំងពី​យូរ​មកហើយ ប្រព័ន្ធ​ពន្ធនាគារ​នៅ ប្រទេស​អេក្វាទ័រ បាន​ប្រឈម​នឹង​ស្ថានភាព​លើស​ចំណុះ ខណៈដែល​ចំនួន​បុគ្គលិក​សន្តិសុខ​គ្រប់គ្រង​ពន្ធនាគារ​ក៏​នៅមានកម្រិត មិនអាច​គ្រប់គ្រង​អ្នកទោស​បានល្អ។ ស្ថាប័ន​ការពារ​សិទ្ធិមនុស្ស​បាន​អំពាវនាវ​ឱ្យ រដ្ឋាភិបាល​អេក្វាទ័រ បង្កើន​ចំនួន​បុគ្គលិក​ផ្នែក​សន្តិសុខ​នៅ​ពន្ធនាគារ និង​អនុ​វិធានការ​ត្រួតពិនិត្យ​ឱ្យមាន​ប្រសិទ្ធភាព​ដើម្បី​ទប់ស្កាត់​សកម្មភាព​នាំចូល​អាវុធ​ខុសច្បាប់ និង​សកម្មភាព​របស់​បណ្ដាញ​ឧក្រិដ្ឋជន នៅ​ខាងក្នុង​ពន្ធនាគារ៕

Leave a Reply

Your email address will not be published. Required fields are marked *