Skip to content

លោកស្រី Merkel អបអរ​មេដឹកនាំ​បក្សប្រឆាំង ដែល​បាន​ជាប់ឆ្នោត

(អាល្លឺម៉ង់)-នាយករដ្ឋមន្ត្រី​នៃ ប្រទេស​អាល្លឺម៉ង់ លោកស្រី Angela Merkel ផ្ញើ​សារ​អបអរសាទរ​ដល់​ប្រធាន​គណបក្ស​សង្គម​ប្រជាធិបតេយ្យ​អាល្លឺម៉ង់ (Social Democratic Party of Germany/SPD) លោក Olaf Scholz បន្ទាប់ពី​ដណ្ដើមបាន​ជោគជ័យ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី 27 កញ្ញា​កន្លងទៅ ដែល​ព័ត៌មាន​នេះ ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី 29 កញ្ញា ដោយ​ការិយាល័យ​រដ្ឋាភិបាល​អាល្លឺម៉ង់។

Armin Laschet ជា​ប្រធាន និង​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នៃ​បក្ស​សហភាព​ប្រជាធិបតេយ្យ​គ្រិស្ត​សាសនិក​នៃ​អាល្លឺម៉ង់ (Christian Democratic Union of Germany) ដែលជា​បក្ស​របស់លោក​ស្រី Merkel បាន​ផ្ញើ​សារ​អបអរ​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​របស់ SPD ផងដែរ។

ក្រៅពីនេះ ក៏​នៅមាន​អ្នកនយោបាយសំខាន់ៗជាច្រើន​ផ្សេងទៀត ដែល​បាន​អបអរសាទរ​ដល់​លោក Scholz ក្នុងនោះ​ក៏មាន​លោក Markus Soder ប្រធាន​បក្ស Christian Social Union នៃ​រដ្ឋ Bavaria ដែល​នេះ បានបង្ហាញ​អំពី​ការបែកបាក់​កាន់តែ​ធ្ងន់ធ្ងរ​រវាង​បណ្ដា​សម្ព័ន្ធមិត្ត​របស់ Laschet។

យោងតាម​លទ្ធផល​នៃ​ការរាប់​សន្លឹកឆ្នោត​បឋម​កាលពី​ថ្ងៃទី 27 កញ្ញា បក្ស SPD ដណ្ដើមបាន​ជ័យជំនះ ដោយមាន​សំឡេងគាំទ្រ 25.7% ខ្ពស់ជាង CDU ដែលមាន 24.1%។ លទ្ធផល​នៃ​ការរាប់​សន្លឹកឆ្នោត​ផ្លូវការ តាម​គម្រោង នឹងត្រូវ​បានប្រកាស​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ។

ដោយសារតែ​មិន​ទទួលបាន​សំឡេងគាំទ្រ​លើសពី 50% បក្ស SPD របស់លោក Scholz នឹងត្រូវ​ចាប់ផ្ដើម​ចរចា​បង្កើត​សម្ព័ន្ធមិត្ត​ជាមួយ​បក្ស​ផ្សេង ដើម្បី​អាចបង្កើត​រដ្ឋាភិបាល​ថ្មី។ ចំណែក​បក្ស CDU របស់លោក Laschet ក៏​មិនទាន់​ចុះចាញ់​ដែរ ដោយ​បញ្ជាក់ថា​នឹង​ប្រឹងប្រែង​បង្កើត​សម្ព័ន្ធមិត្ត​ថ្មី ជាមួយនឹង​បក្ស​ប្រជាធិបតេយ្យ​សេរី (FDP) និង បក្ស​បៃតង Alliance 90/The Greens ដើម្បី​បង្កើត​រដ្ឋាភិបាល។ បក្ស​បៃតង ឈរ​លំដាប់​ទី​បី​នៅក្នុង​ការបោះឆ្នោតជាតិ ដោយ​ទទួលបាន​សំឡេងគាំទ្រ 14.8%។

លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​គឺជា​ការខកចិត្ត​ដ៏​ធំ​របស់​លោកស្រី Merkel ដែល​លោកស្រី​ធ្លាប់បាន​ដឹកនាំ ប្រទេស​អាល្លឺម៉ង់ ឆ្លង​ផុត​វិបត្តិ​ហិរញ្ញវត្ថុ​សកល, វិបត្តិ​បំណុល​សាធារណៈ, វិបត្តិ​ជន​ចំណាកស្រុក និង​ការប្រយុទ្ធ​ប្រឆាំងនឹង COVID-19 ក្នុង​រយៈពេល 16 ឆ្នាំ នៃ​ការ​កាន់អំណាច​របស់ខ្លួន។

លោកស្រី Markel ថ្មីៗនេះ បាន​ប្រឈម​នឹង​ការរិះគន់​ច្រើន ទាក់ទិន​នឹង​បញ្ហា «ខ្វះ​ការគិតគូរ» ក្នុងការ​ប្រឈមមុខ​ដា​ក់ រុស្ស៊ី, ចិន និង​បញ្ហា​លទ្ធិ​ជាតិនិយម ដែល​បាន​កើនឡើង​នៅ ប្រទេស​អាល្លឺម៉ង់៕

Leave a Reply

Your email address will not be published. Required fields are marked *