Skip to content

ប្រធានាធិបតី​បារាំង ត្រូវគេ​គប់​នឹង​គ្រាប់​ស៊ុត នៅ​ទីសាធារណៈ (វីដេអូ)

(បារាំង)-ប្រធានាធិបតី​នៃ ប្រទេស​បារាំង លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង (Emmanuel Macron) ត្រូវបាន​បុរស​ម្នាក់​គប់​នឹង​គ្រាប់​ស៊ុត ក្នុងពេល​កំពុង​ចូលរួម​ពិធី​តាំងពិព័រណ៍​ពាណិជ្ជកម្ម​នៅ​ទីក្រុង លី​យ៉ុង (Lyon) បានឱ្យដឹងថា នឹង​និយាយ​គ្នា​ជាមួយ​ជនដៃដល់ នៅក្រោយ​ហេតុការណ៍​នេះ។

ហេតុការណ៍​ខាងលើ​បានកើត​នៅពេល ប្រធានាធិបតី​បារាំង ម៉ា​ក្រុង ទៅធ្វើ​ទស្សនកិច្ច​នៅឯ​ពិធី​តាំងពិព័រណ៍​ផ្នែក​សណ្ឋាគារ និង​ភោជនីយដ្ឋាន​នៅ​ទីក្រុង​លី​យ៉ុង កាលពី​ម្សិលមិញ។ បុរស​ម្នាក់​ដែល​គេ​មិនទាន់​ស្គាល់​អត្តសញ្ញាណ បាន​គប់​គ្រាប់​ស៊ុត​តម្រង់​លោក ម៉ា​ក្រុង ក្នុងពេល​លោក​កំពុង​សម្ដែង​ស្វាគមន៍​អ្នក​ដែលមាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍។

គ្រាប់​ស៊ុត​ កំពុង​ហោះ​តម្រង់​លោក​ ម៉ាក្រុង

គ្រាប់​ស៊ុត​បាន​ហោះ​ទៅ​ចំ​ស្មា​របស់ ប្រធានាធិបតី​បារាំង ប៉ុន្តែ វា​មិន​បែក។ ភ្លាមនោះ ជនដៃដល់​ក៏ត្រូវ​បាន​ចាប់ខ្លួន និង​នាំ​ចេញទៅ​ខាងក្រៅ។ «បើ​គាត់​មាន​អ្វី​ចង់​និយាយ​ជាមួយ​ខ្ញុំ សូម​ទុកឱ្យ​គាត់​មកជួប​ខ្ញុំ។ ខ្ញុំ​នឹង​ជួប​និយាយ​គ្នា​ជាមួយ​គាត់» លោក ម៉ា​ក្រុង ថ្លែង​ដូច្នេះ។

នេះ​មិនមែនជា​លើកដំបូង​នោះទេ​ដែល​លោក ម៉ា​ក្រុង ត្រូវគេ​គប់​នឹង​គ្រាប់​ស៊ុត។ កាលពី​ឆ្នាំ 2017 លោក​ក៏​ធ្លាប់​ត្រូវគេ​គប់​នឹង​គ្រាប់​ស៊ុត ម្ដង​រួចហើយ ដែល​កាលណោះ គាត់​នៅ​ជា​បេក្ខភាព​ប្រធានាធិបតី​នៅឡើយ។

កង​អង្គរក្ស​របស់​ប្រធានាធិបតី ម៉ា​ក្រុង នឹងត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ គ្រា​ដែល​លោក​បង្ហាញខ្លួន​នៅ​ទីសាធារណៈ​ជា​បន្តបន្ទាប់។ លោក ម៉ា​ក្រុង ត្រូវបាន​គេ​ព្យាករ​ថា នឹងចូលរួម​ដណ្ដើម​សន្លឹកឆ្នោត​ចូលទៅ​កាន់កាប់​វិមាន អេ​លី​សេ (Elysee) នៅ​ខែមេសា ឆ្នាំ 2022 ប៉ុន្តែ លោក​មិនទាន់​ប្រកាស​ជា​ផ្លូវការ​នៅឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *