Skip to content

រញ្ជួយ​ដី​នៅ​ប្រទេស​ក្រិ​ក អាជ្ញាធរ​ប្រទេស​តួ​ក​គី ព្រមាន​អំពី​រលក​យក្ស

គ្រោះ​រញ្ជួយ​ដី​ដែលមាន​កម្លាំង 5.8 រិច​ទ័​រ នៅលើ​កោះ Crete របស់​ប្រទេស​ក្រិ​ក បានសម្លាប់​មនុស្ស​យ៉ាងតិច​ម្នាក់ និង​បណ្ដាលឱ្យ​ប្រទេស​តួ​ក​គី ព្រមាន​អំពី​លទ្ធភាព​នៃ​ការកើតមាន​រលក​យក្ស។

អាជ្ញាធរ​របស់​ប្រទេស​ក្រិ​ក បានឱ្យដឹងថា គ្រោះ​រញ្ជួយ​ដី​ខាងលើ​បានកើត​ឡើង​នៅវេលា​ម៉ោង​ប្រហែល 9 ព្រឹក ថ្ងៃទី 27 កញ្ញា ដោយ​ចំណុចកណ្ដាល​របស់​វា​ស្ថិតនៅ​ចម្ងាយ​ប្រហែល 246 គីឡូម៉ែត្រ ទៅ​ទិសអាគ្នេយ៍​នៃ​ទីក្រុង Athens របស់ ក្រិ​ក។

ស្ថាប័ន​តាមដាន​គ្រោះ​រញ្ជួយ​ដី​របស់ សហរដ្ឋ​អាម៉េរិក និយាយថា គ្រោះ​រញ្ជួយ​ដី​ខាងលើនេះ​មាន​កម្លាំង 6 រិច​ទ័​រ មាន​ចម្ងាយ​ពី​ភូមិ Thrapsano ប្រហែល 7 គីឡូម៉ែត្រ ទៅ​ទិស​ខាងជើង។

សារព័ត៌មាន National News បានឱ្យដឹងថា គ្រោះ​រញ្ជួយ​ដី​នេះ​ក៏បាន​ធ្វើឱ្យ​ប្រទេស​តួ​ក​គី ដែល​នៅក្បែរ​ខាង ត្រូវ​ប្រកាស​ការព្រមាន​អំពី​គ្រោះ​រលក​យក្ស​នៅ​សមុទ្រ។

សារព័ត៌មាន​ក្នុងស្រុក បាន​ផ្សាយ​ថា ផ្ទះ​ជាច្រើន​ខ្នង​បាន​ខូចខាត ក្នុងនោះ​ភាគច្រើន​គឺជា​ផ្ទះថ្ម​បុរាណ ស្ថិតនៅ​ក្នុងភូមិ​នានា ដែល​នៅក្បែរ​ចំណុចកណ្ដាល​នៃ​គ្រោះធម្មជាតិ​នេះ។ ក្មេងៗក្នុង​តំបន់ ត្រូវបាន​ជម្លៀស​ចេញពី​សាលារៀន។

យោងតាម​ទិន្នន័យ​ពី សហភាព​អឺរ៉ុប (EU) Crete គឺជា​កោះធំ​ជាងគេ និង​មាន​ប្រជាជន​រស់នៅ​ច្រើនជាងគេ​របស់ ប្រទេស​ក្រិ​ក ដោយមាន​ពលរដ្ឋ​ជាង 634,000 នាក់​កំពុង​រស់នៅ។

ក្រិ​ក និង​តួ​ក​គី ស្ថិតនៅលើ​តំបន់​ដែល​កើត​គ្រោះ​រញ្ជួយ​ដី​ខ្លាំងក្លា​បំផុត​ក្នុង​ពិភពលោក។ គ្រោះ​រញ្ជួយ​ដី​កម្លាំង 7.4 រិច​ទ័​រ កាលពី​ឆ្នាំ 1999 ដែល​កើតឡើង​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​តួ​ក​គី បានសម្លាប់​មនុស្ស​ជាង 17,000 នាក់ ក្នុងនោះ​មាន​ប្រហែល 1,000 នាក់ នៅ​ទីក្រុង Istanbul។ គ្រោះ​រញ្ជួយ​ដី​មួយ​កាលពី​ខែកក្កដា ឆ្នាំ 2017 នៅលើ​កោះ Kos ជិត​តំបន់ Samos របស់ ប្រទេស​ក្រិ​ក ក៏បាន​សម្លាប់​មនុស្ស 2 នាក់​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *