ការផ្សាយផ្ទាល់អំពីព្រឹត្តិការណ៍ Meng Wanzhou ត្រលប់មកប្រទេសវិញ របស់ស្ថានីយទូរទស្សន៍ចិន មានអ្នកទស្សនាជិត 430 លាននាក់ និងការចុចចូលចិត្តចំនួន 400 លានលើក។
ព័ត៌មានខាងលើនេះត្រូវបានប្រធានក្រុមហ៊ុនទូរគមនាគមន៍ចិន CMG (China Media Group) លោក Shen Haixiong លើកឡើងកាលពីថ្ងៃទី 26 កញ្ញា នៅទីក្រុងសៀងហៃ។
ទូរទស្សន៍ចិន កាលពីយប់ថ្ងៃទី 25 កញ្ញា បានផ្សាយផ្ទាល់ព្រឹត្តិការណ៍ Meng Wanzhou ដែលត្រូវគេស្គាល់ថាជា «រាជបុត្រី Huawei» ត្រលប់មកដល់ព្រលានយន្តហោះ Shenzhen Bao’an ក្រោយត្រូវបានឃាត់ខ្លួនមិនឱ្យចេញពីប្រទេសកាណាដា អស់រយៈពេល 3 ឆ្នាំ។ ព្រឹត្តិការណ៍នេះក៏ត្រូវបានផ្សាយផ្ទាល់នៅលើបណ្ដាញសង្គមនានាផងដែរ។
យោងតាមលោក Shen Haixiong ពលរដ្ឋប្រមាណ 400 លាននាក់ ដែលប្រើប្រាស់អ៊ីនធើណិតនៅប្រទេសចិន (ខ្ពស់ជាងចំនួនប្រជាជនសរុបរបស់ សហរដ្ឋអាម៉េរិក និង កាណាដា) បានចុចចូលចិត្ត (Like) លើព័ត៌មានផ្សាយផ្ទាល់នៅលើថ្នាលបច្ចេកវិទ្យារបស់ CMG។ «នេះគឺជាការចង់បានរបស់គ្រប់គ្នា» ប្រធានក្រុមហ៊ុន CMG ថ្លែងដូច្នេះ។ «ប្រទេសជាតិតែងតែជាទីពឹងដ៏រឹងមាំសម្រាប់ប្រជាជនចិន»។
Meng Wanzhou ត្រូវបានដោះលែងបន្ទាប់ពីមានការព្រមព្រៀងជាមួយនឹងតុលាការនៅ សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី 24 កញ្ញា។ ប៉ុន្មានម៉ោងក្រោយមក ប្រទេសចិន ក៏បានដោះលែងពលរដ្ឋកាណាដា 2 នាក់ គឺ Michael Kovrig និង Michael Spavor ក្រោយពីបានអនុញ្ញាតឱ្យពួកគេនៅក្រៅឃុំដោយមូលហេតុសុខភាព។ Michael Kovrig និង Michael Spavor ត្រូវបានចាប់ខ្លួនប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកស្រី Wanzhou ត្រូវភាគីប្រទេសកាណាដា ឃុំខ្លួនទៅតាមសំណើរបស់ សហរដ្ឋអាម៉េរិក។
មុនការមកដល់របស់យន្តហោះដឹកលោកស្រី Wanzhou គេឃើញមានជនជាតិចិន រាប់រយនាក់ ប្រមូលផ្ដុំគ្នានៅព្រលានយន្តហោះ Shenzhen Bao’an និងបាននាំយកបដាសរសេរពាក្យស្លោកជាច្រើនដើម្បីទទួលស្វាគមន៍នាយកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei រូបនេះ។ «ចុងក្រោយ ខ្ញុំក៏បានត្រលប់មកផ្ទះ» លោកស្រី Wanzhou និយាយដូច្នេះ។
លោកស្រី Wanzhou បានអរគុណដល់គ្រប់គ្នាដែលបានយកចិត្តទុកដាក់ និងជួយដល់លោកស្រី ពិសេសគឺប្រធានាធិបតីចិន លោក Xi Jinping។
ប្រទេសចិន បានចោទប្រកាន់ប្រទេសកាណាដា ថា «ស្ដាប់បង្គាប់ អាម៉េរិក» នៅពេលចាប់ខ្លួនលោកស្រី Wanzhou ដែលជាមនុស្សម្នាក់ត្រូវគេជឿថា នឹងក្លាយជាមេដឹកនាំរបស់ Huawei នាពេលអនាគត ព្រមទាំងបានចោទ សហរដ្ឋអាម៉េរិក ថា វាយប្រហារផ្នែកនយោបាយទៅលើក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei។
ករណីចាប់ខ្លួនលោកស្រី Wanzhou ត្រូវបានគេយល់ថា ស្ថិតក្នុងយុទ្ធនាការធំមួយ ដែល សហរដ្ឋអាម៉េរិក ធ្វើឡើង សំដៅលើ Huawei ជាក្រុមហ៊ុនបច្ចេកវិទ្យាដែលត្រូវបានទីក្រុងវ៉ាស៊ីងតោន សង្ស័យថា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងរដ្ឋាភិបាល ក៏ដូចជាកងទ័ពចិន។
ក៏ប៉ុន្តែ ការចោទប្រកាន់របស់ សហរដ្ឋអាម៉េរិក តែងតែត្រូវបាន Huawei ច្រានចោល ដោយអះអាងថា សហរដ្ឋអាម៉េរិក មានបំណងបង្កឧបសគ្គដល់ការរីកចម្រើនរបស់ក្រុមហ៊ុននេះ ព្រោះថា ពុំមានក្រុមហ៊ុនណាមួយរបស់ សហរដ្ឋអាម៉េរិក ផ្ដល់សេវាកម្មតម្លៃទាបដូច Huawei។ ចំណែករដ្ឋាភិបាលចិន វិញ ក៏បានចោទថា ការវាយប្រហារសំដៅ Huawei ពីសំណាក់ សហរដ្ឋអាម៉េរិក គឺជាហេតុផលនយោបាយ ដើម្បីធ្វើឱ្យកម្លាំងសេដ្ឋកិច្ចរបស់ប្រទេសចិន ធ្លាក់ចុះ៕