ស្ថានីយអវកាសចិន Tiangong ដែលមានទំហំតូចជាង មានបន្ទាប់ម៉ូឌុល (module) ចំនួន 3 និងកែវយឹតអវកាស ខណៈដែលស្ថានីយអវកាសអន្តរជាតិ មានទំហំធំជាង ដោយមាន បន្ទប់ម៉ូឌុល ចំនួន 16។
ប្រការដំបូងដែលអ្នកត្រូវដឹងអំពីស្ថានីយអវកាស Tiangong របស់ ប្រទេសចិន នោះគឺវាត្រូវបានផលិតឡើងទាំងស្រុងដោយប្រទេសចិនផ្ទាល់។ ចាប់តាំងពីឆ្នាំ 2011 ទីភ្នាក់ងារអវកាស NASA របស់ អាម៉េរិក ត្រូវបានហាមសហការជាមួយ ប្រទេសចិន ទៅតាមច្បាប់របស់ សហរដ្ឋអាម៉េរិក (លើកលែងតែសភាអនុញ្ញាត)។ ជាលទ្ធផល ក្រុមអវកាសចរចិន មិនបានឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) ដែលជាផលិតផលនៃកិច្ចសហការរវាងទីភ្នាក់ងារអវកាសចំនួន 5 គឺ NASA (សហរដ្ឋអាម៉េរិក), Roscosmos (រុស្ស៊ី), JAXA (ជប៉ុន), ESA (សហភាពអឺរ៉ុប) និង CSA (កាណាដា)។
ISS បច្ចុប្បន្ន មានបន្ទប់ម៉ូឌុល ចំនួន 16 ខណៈដែលដើមឡើយ ស្ថានីយអវកាសចិន Tiangong មានតែ 1 ម៉ូឌុល ប៉ុណ្ណោះ ដែលកំពុងគោចរនៅលើគន្លងតារាវិថី ប៉ុន្តែ ចុងក្រោយ Tiangong នឹងរួមមាន 3 ម៉ូឌុល។
បច្ចុប្បន្ន អ្នកអវកាសចិន ចំនួន 3 នាក់ អាចរស់នៅលើស្ថានីយអវកាស Tiangong។ ចំណែកស្ថានីយអវកាសអន្តរជាតិវិញ តែងតែមានអវកាសចរ 6 នាក់ ធ្វើការរួមគ្នា។ កាលពីឆ្នាំ 2009 នៅលើស្ថានីយអវកាសអន្តរជាតិ មានអ្នកអវកាសរហូតដល់ 13 នាក់ឯណោះ។ ប្រទេសចិន ក៏អាចឈានដល់ដំណាក់កាលដូចគ្នានេះដែរ ដោយការបន្ថែម បន្ទប់ម៉ូឌុល។
ដោយសារតែរចនារូបរាងទម្រង់ជាបន្ទប់ម៉ូឌុល ស្ថានីយអវកាសអន្តរជាតិ អាចបន្តពង្រីកមាឌ ចាប់ពីក្រោយឆ្នាំ 1998។ បើសិនជា ម៉ូឌុល មួយខូច ឬដំណើរការមិនល្អដូចមុនទៀត អ្នកអាចដោះវាចេញ នឹងដាក់ ម៉ូឌុល ថ្មី។ នេះបើតាម Quentin Parker ប្រធានវិទ្យាស្ថានស្រាវជ្រាវអវកាសនៃសាកលវិទ្យាល័យហុងកុង។
បើទោះជាស្ថានីយអវកាស Tiangong តូចជាង ប៉ុន្តែ ប្រទេសចិន បានឱ្យដឹងថា វាត្រូវបានបំពាក់បច្ចេកវិទ្យាទាន់សម័យជាង ធៀបនឹង ISS ក្នុងនោះមានប្រព័ន្ធផ្ទាំងសូឡា ដែលផ្គត់ផ្គង់ថាមពលដល់ Tiangong។ «ប្រព័ន្ធថាមពលរបស់យើង អាចស្រូបយកកម្ដៅព្រះអាទិត្យជាង 30% ខ្ពស់ជាងច្រើន បើធៀបនឹងអ្វីដែលយើងបានឃើញនៅលើស្ថានីយអវកាសដទៃ» Zhou Jianping ប្រធានក្រុមអ្នករចនានៃគម្រោងបច្ចេកទេសអវកាសមានមនុស្សបើកបររបស់ ចិន អះអាងដូច្នេះ។
ជាមូលដ្ឋាន អគ្គិសនីពីបន្ទះសូឡា ជួយរក្សាអំពូលភ្លើងឱ្យភ្លឺ។ ចំនុចពិសេសមួយនៅក្នុងរចនារបស់ Tiangong នោះគឺអគ្គិសនីទាំងនេះក៏ផ្គត់ផ្គង់ថាមពលដល់បច្ចេកវិទ្យារុញច្រានរបស់ស្ថានីយអវកាស។ ដូច្នេះ បើទោះជា Tiangong នៅតែប្រើប្រាស់ឥន្ធនៈសម្រាប់រុញច្រានធម្មតាដូចទៅនឹង ISS ក៏ពិតមែន ប៉ុន្តែ ប្រទេសចិន បានឱ្យដឹងថា ស្ថានីយរបស់ពួកគេមិនចាំបាច់ចំណាយឥន្ធនៈច្រើនសម្រាប់ការហោះហើរលើគន្លងគោចរ។
បើសិនជាមិនប្រើប្រាស់ឥន្ធនៈរាវ ឬរឹង ដើម្បីបង្កើតជាកម្លាំងរុញច្រាន អ្នកនឹងមិនបាច់យកទម្ងន់នោះទៅជាមួយ។ នោះគឺជាការសន្សំសំច័យមួយដែរ។
ទីភ្នាក់ងារអវកាសចិន បានឱ្យដឹងថា ប្រព័ន្ធរុញច្រានរបស់ Tiangong មានប្រសិទ្ធភាព និងខ្លាំងជាងប្រហែល 5 ដប ធៀបនឹង ISS ដែលជាស្ថាបត្យកម្មមួយដែលប្រើប្រាស់ឥន្ធនៈច្រើន ពោលគឺប្រហែល 9 តោន/ឆ្នាំ ដើម្បីហោះលើគន្លងគោចរ។
ឧបករណ៍មួយទៀត ដែល ISS មិនមាន នោះគឺកែវយឹតអវកាស (តេឡេស្កុប) Xuntian ដែលភ្ជាប់ជាមួយស្ថានីយ។ Xuntian ដែលមានរូបរាងស្រដៀងនឹងកែវយឹតអវកាស Hubble នឹងហោះទន្ទឹមគ្នានឹង Tiangong។ Xuntian នឹងមានកាមេរ៉ាខ្នាតយក្ស 1 គ្រាប់ ដែលអាចមើលទីអវកាសទំហំធំជាង 300 ដង ធៀបនឹងកែវយឹតអវកាស Hubble ដោយចំណាយពេលមើលតែម្ដង។ កែវយឹតអវកាសរបស់ ចិន អាចចាក់ប្រេងជាថ្មី និងត្រូវបានថែទាំដោយវិធីតភ្ជាប់ផ្ទាល់ជាមួយនឹង Tiangong។ ចំណែក Hubble វិញ ដោយសារតែវាគោចរតែឯង ដូច្នេះនៅពេលវាមានបញ្ហា គេត្រូវបញ្ជូនមនុស្សពីផែនដីទៅជួសជុល។
ថ្ងៃណាមួយ កែវយឹតអវកាស ក៏ដូចជាស្ថានីយអវកាសរបស់ ចិន អាចត្រូវបានបណ្ដាប្រទេសប្រើប្រាស់ ព្រោះថា ប្រទេសនេះធ្លាប់បានបញ្ជាក់ថា ស្ថានីអវកាសថ្មីត្រូវបានរចនាឡើងដើម្បីសហការ។
យ៉ាងនេះក្ដី Tiangong នឹងមិនមែនជាស្ថានីយអវកាសតែមួយគត់ដែលនឹងដើរតួឯកជំនួសនោះទេ នៅពេល ISS ចូលនិវត្តន៍។ បច្ចុប្បន្ន NASA កំពុងតែចាត់ចែងគម្រោងបាញ់បង្ហោះមូលដ្ឋានមួយដែលដូចទៅនឹង ISS ប៉ុន្តែ គោចរជុំវិញឋានព្រះចន្ទ ខណៈ ប្រទេសរុស្ស៊ី ក៏អាចនឹងបាញ់បង្ហោះស្ថានីយអវកាសរបស់ខ្លួននៅឆ្នាំ 2030៕