ប្រទេសអង់គ្លេស បានសម្រេចចិត្តឱ្យ កូរ៉េខាងត្បូង ខ្ចីវ៉ាក់សាំង Pfizer ចំនួន 1 លានដូស ទៅតាមកិច្ចព្រមព្រៀងដោះដូរ ហើយ ទីក្រុងសេអ៊ូល នឹងសងវិញនៅចុងឆ្នាំ។
«ដោយវិធីសាស្ត្រសហការយ៉ាងជិតស្និទ្ធជាមួយនឹងមិត្ត កូរ៉េខាងត្បូង ការសម្រេចចិត្តដោះដូរវ៉ាក់សាំងនឹងគ្នានេះ នឹងជួយបង្កើនល្បឿននៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់ ប្រទេសកូរ៉េខាងត្បូង ព្រមទាំងមិនប៉ះពាល់ដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់ អង់គ្លេស ផងដែរ» រដ្ឋមន្ត្រីក្រសួងសុខាភិបាល អង់គ្លេស Sajid Javid ប្រកាសដូច្នេះកាលពីថ្ងៃទី 22 កញ្ញា។
រដ្ឋាភិបាលអង់គ្លេស បានឱ្យដឹងថា នេះគឺជាវ៉ាក់សាំង Pfizer ចំនួន 1 លានដូស ដែលប្រទេសនេះមិនទាន់ត្រូវការប្រើប្រាស់ភ្លាមៗ ហើយអាចត្រូវបានប្រើប្រាស់លឿនជាងនៅ កូរ៉េខាងត្បូង។
នាយកដ្ឋានសុខាភិបាលនិងថែទាំសង្គម (DHSC) របស់ ប្រទេសអង់គ្លេស បានឱ្យដឹងថា កូរ៉េខាងត្បូង នឹងសងមកវិញទាំងអស់នៅចុងឆ្នាំ 2021។
DHSC បន្ថែមថា ការព្រមព្រៀងនេះនឹងជួយឱ្យ កូរ៉េខាងត្បូង សម្រេចបានគោលដៅ 70% នៃការចាក់វ៉ាក់សាំងជូនពលរដ្ឋសរុប នៅចុងខែតុលា។ ឈុតវ៉ាក់សាំងដំបូងនឹងត្រូវបាន អង់គ្លេស ដឹកទៅដល់ កូរ៉េខាងត្បូង នៅប៉ុន្មានសប្ដាហ៍ខាងមុខ។
នៅក្នុងខែនេះដែរ អង់គ្លេស និងអូស្ត្រាលី ក៏បានព្រមព្រៀងដោះដូរវ៉ាក់សាំង COVID-19 ដូចគ្នានេះដែរ។ អង់គ្លេស បានដឹកវ៉ាក់សាំង Pfizer ចំនួន 4 លានដូស ទៅឱ្យ អូស្ត្រាលី រួចហើយ។
កាលពីខែកក្កដា កូរ៉េខាងត្បូង ក៏ទទួលបានវ៉ាក់សាំង Pfizer ចំនួន 700,000 ដូស ជិតផុតកាលកំណត់ ដែល អ៊ីស្រាអែល មិនទាន់ត្រូវការប្រើ។ អ៊ីស្រាអែល នឹងទទួលបានវ៉ាក់សាំង Pfizer ដែល កូរ៉េខាងត្បូង នឹងសងនៅខែកញ្ញា និងតុលា៕