ក្រោយពីបានចាប់ខ្លួនវរសេនីយ៍ឯក Thitisan Utthanaphon ដោយជាប់ទាក់ទិននឹងការធ្វើទារុណកម្មលើជនសង្ស័យ ក្រុមមន្ត្រីថៃ ក៏បានរកឃើញថា មន្ត្រីប៉ូលិសរូបនេះ មានរថយន្តទំនើបរហូតដល់ 42 គ្រឿង។
Thitisan Utthanaphon អាយុ 41 ឆ្នាំ ជាអតីតស្នងការប៉ូលិស នៅទីក្រុង Nakhon Sawan ដែលស្ថិតនៅភាគកណ្ដាលប្រទេសថៃ កាលពីថ្ងៃទី 11 កញ្ញា ត្រូវបានចោទប្រកាន់ពីបទសម្លាប់មនុស្ស រំលោភអំណាច រួមនឹងបទចោទប្រកាន់ជាច្រើនផ្សេងទៀត។ Thitisan Utthanaphon ត្រូវបានគេជឿថា បានធ្វើទារុណកម្ម បណ្ដាលឱ្យជនសង្ស័យទាក់ទងនឹងគ្រឿងញៀនម្នាក់ស្លាប់ដោយសារថប់ដង្ហើម ព្រោះតែត្រូវបានគេរុំក្បាលនឹងថង់ប្លាស្ទិក 6 ជាន់ កាលពីខែសីហា។ នេះបើតាមសារព័ត៌មាន AFP។
ករណីស្លាប់ខាងលើត្រូវបានការិយាល័យស្នងការប៉ូលិសរបស់ Thitisan Utthanaphon បិទបាំង និងកត់ត្រាចូលកំណត់ហេតុថា ស្លាប់ដោយសារប្រតិកម្មថ្នាំ។ ក៏ប៉ុន្តែ មេធាវីម្នាក់បានបង្ហើបឱ្យដឹងពីមូលហេតុនៃការស្លាប់របស់ជនសង្ស័យនៅលើបណ្ដាញសង្គម។ បន្ទាប់មក Thitisan ក៏ត្រូវបានផ្ទេរទៅខេត្តក្បែរខាង ដោយសារតែអន្តរាគមន៍ពីឪពុកមិត្តស្រី។
មេធាវីមួយរូបទៀតក៏បានបន្តបញ្ចេញវីដេអូដែលថ្នាក់ក្រោមម្នាក់របស់ Thitisan ថតបាន ដែលបង្ហាញថា Thitisan ច្របាច់កជនសង្ស័យដែលកំពុងជាប់ខ្លោះ ខណៈអ្នកផ្សេងចាប់ដៃជើង។ វីដេអូនេះត្រូវបានគេចែករំលែកពេញបណ្ដាញសង្គម ធ្វើឱ្យប៉ូលិសត្រូវចាប់ Thitisan រួមនឹងមន្ត្រីមួយចំនួន។ Thitisan បានបដិសេធរាល់ការចោទប្រកាន់។
មេធាវី Sittra Biabungkerd ដែលជាអ្នកបង្ហោះវីដេអូខាងលើ បានឱ្យដឹងថា ធ្វើដូច្នេះគឺដើម្បីទាប់ស្កាត់ប៉ូលិស «ជួយគ្នាឯងឱ្យរួចពីទោសមនុស្សឃាត»។
«មនុស្សជាច្រើនអាចយល់ឃើញថា ការប្រើប្រាស់ថង់ប្លាស្ទិកដើម្បីសួរចម្លើយជនសង្ស័យ លែងមានទៀតហើយ ព្រោះតែសម័យកាលបានប្ដូរផ្លាស់។ ប៉ុន្តែ តាមពិត វានៅតែកើតមានឡើងដោយសម្ងាត់» មេធាវីខាងលើបន្ថែម។
ក្រោយពី Thitisan ត្រូវបានចាប់ខ្លួន សារព័ត៌មាននានានាំគ្នាបើកកកាយអំពីការរស់នៅប្រកបដោយភាពហ៊ឺហា និងមានទំនាក់ទំនងជាមួយក្រុមមនុស្សល្បីឈ្មោះរបស់ជងនេះ។ ក្រុមអ្នកស៊ើបអង្កេតក៏បានរកឃើញថា Thitisan មានភូមិគ្រឹះប្រណិតមួយនៅ បាងកក, រថយន្តទំនើប 42 គ្រឿង ក្នុងនោះក៏មាន Lamborghini Aventador 1 គ្រឿង តម្លៃ 1.5 លានដុល្លារ និងទ្រព្យសម្បត្តិប្រមាណ 18 លានដុល្លារ បើទោះប្រាក់ខែរបស់ជននេះត្រឹមប្រហែល 40,000 បាត/ខែ (ជិត 1,200 ដុល្លារ)។
«មនុស្សម្នាក់ដែលមានប្រាក់ខែកម្រិតនេះ បែរជាអាចទិញរថយន្តបានជាង 40 គ្រឿង បូករួមទាំងរថយន្តធុនថ្លៃ» Srisuwan Janya ដែលជាសកម្មជនប្រឆាំងអំពើពុករលួយ បញ្ចេញមតិដូច្នេះ និងបានឱ្យដឹងថា អង្គភាពប្រឆាំងអំពើលាងលុយកខ្វក់ត្រូវបានស្នើឱ្យស្រាវជ្រាវលើទ្រព្យសម្បត្តិរបស់ Thitisan។
មួយផ្នែកនៃទ្រព្យរបស់ Thitisan គឺបានមកពីការដេញថ្លៃរថយន្តទំនើបនាំចូលរាប់រយគ្រឿងដែលត្រូវបានស្ថាប័នគយរបស់ប្រទេសថៃ រឹបអូស។ ក្រុមមន្ត្រីស៊ើបអង្កេតគ្រោងនឹងបញ្ជូនសំណុំរឿងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយថ្នាក់ជាតិ នៅថ្ងៃទី 24 កញ្ញា មុនពេលសម្រេចស្នើតុលាការកាត់ទោស៕