ហាក មូចាហ៊ីដ (Haq Mujahid) មេបញ្ជាការរបស់ក្រុម «អង្គរក្សឈុតខ្មៅ» របស់មេភេរវករ អូសាម៉ា ប៊ីន ឡាដែន (Osama bin Laden) ត្រូវបាន តាលីបង់ តែងតាំងជាមេបញ្ជាការនៃទាហានមួយក្រុមនៅ អាហ្វហ្គានីស្ថាន។
«អានវ៉ារ អ៊ុល ហាក មូចាហ៊ីដ (Anwar ul Haq Mujahid) បានត្រលប់មកវិញ ដោយមានការអមការពារពីយានជំនិះរាប់រយគ្រឿង និងមនុស្សរាប់ពាន់នាក់ទទួលស្វាគមន៍នៅតំបន់ ចាឡាឡាបាដ (Jalalabad)» អតីតមន្ត្រីចារកម្មជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាល អាហ្វហ្គានីស្ថាន ចាស់ បានឱ្យដឹងនៅសប្ដាហ៍នេះ។
អតីតមន្ត្រីខាងលើបន្ថែមថា ហាក មូចាហ៊ីដ ត្រលប់មកវិញជាមួយនឹងក្រុមមនុស្សដែលធ្លាប់បានសហការយ៉ាងជិតស្និទ្ធជាមួយនឹងអង្គការភេរវកម្ម អាល់កៃដា កាលពីឆ្នាំ 2001។ ហាក មូចាហ៊ីដ ត្រូវបានគេជឿថា កំពុងដឹកនាំទាហានមួយក្រុមរបស់ តាលីបង់ និងទាហានស៊ី បរទេសមួយក្រុម នៅភាគខាងកើតនៃប្រទេស អាហ្វហ្គានីស្ថាន។ នេះបើតាមសារព័ត៌មាន Daily Mail។
ហ្វីលីពប៉ូ រ៉ូស្ស៊ី (Filippo Rossi) និងមន្ត្រីជាន់ខ្ពស់មួយរូបរបស់អង្គការសហប្រជាជាតិ ក៏បានបញ្ជាក់អំពីព័ត៌មានដែលថា ហាក មូចាហ៊ីដ ត្រូវបាន តាលីបង់ តែងតាំងជាមេបញ្ជាការកងទ័ព។
ហាក មូចាហ៊ីដ គឺជាមេដឹកនាំក្រុម «អង្គរក្សឈុតខ្មៅ» (Black Guards) របស់មេភេរវករ អូសាម៉ា ប៊ិន ឡាដែន។ ហាក មូចាហ៊ីដ ធ្លាប់បានជួយឱ្យ ប៊ិន ឡាដែន គេចផុតពីការតាមប្រមាញ់របស់កងទ័ព សហរដ្ឋអាម៉េរិក នៅ អាហ្វហ្គានីស្ថាន កាលពីឆ្នាំ 2001។
តាលីបង់ មិនទាន់ប្រតិកម្មអ្វីទៅនឹងព័ត៌មានខាងលើនៅឡើយ។ កន្លងមក តាលីបង់ ធ្លាប់បានបដិសេធអំពីទំនាក់ទំនងជាសម្ព័ន្ធមិត្តជាមួយនឹងក្រុម អាល់កៃដា បើទោះជាអតីតអគ្គរដ្ឋទូតរបស់ អាម៉េរិក ប្រចាំ អាហ្វហ្គានីស្ថាន លោក រ៉ូណាលដ៍ នូម៉ាន់ (Ronald Neumann) ប្រកាសថា អាល់កៃដា នៅតែមានវត្តមានក្នុងប្រទេសអាហ្វហ្គានីស្ថាន និងទាក់ទងយ៉ាងជិតស្និទ្ធជាមួយ តាលីបង់។
អ្នកនាំពាក្យរបស់ តាលីបង់ លោក ហ្សាប៊ីលហ៊ុល្លា មូចាហ៊ីដ (Zabihullah Mujahid) កាលពីខែមុនបានប្រកាសថា ពុំមានភ័ស្ដុតាងណាមួយបញ្ជាក់ថា អូសាម៉ា ប៊ីន ឡាដែន គឺជាមេខ្លោងនៃអំពើភេរវកម្មនៅ សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី 11 កញ្ញានោះឡើយ បើទោះជា ប៊ីន ឡាដែន ធ្លាប់បានទទួលស្គាល់នៅក្នុងខ្សែអាត់សំឡេង៕