អាជ្ញាធរឥណ្ឌា បានរឹបអូស ហេរ៉ូអ៊ីន ជាង 2.9 តោន ដែលមានតម្លៃ 2.72 ពាន់លានដុល្លារពីប្រទេសអាហ្វហ្គានីស្ថាន ក្រោយ តាលីបង់ ឡើងកាន់អំណាចនៅប្រទេសនេះបាន 1 ខែ។
មន្ត្រីម្នាក់នៅក្នុងរដ្ឋ Gujarat របស់ប្រទេសឥណ្ឌា កាលពីថ្ងៃទី 21 កញ្ញា បានឱ្យដឹងថា នាយកដ្ឋានស៊ើបការណ៍ផ្នែកប្រាក់ចំណូល (DRI) ជាស្ថាប័នប្រឆាំងអំពើគេចពន្ធកំពូលរបស់ ឥណ្ឌា កាលពីសប្ដាហ៍មុន បានត្រួតពិនិត្យកុងតឺន័រចំនួន 2 នៅឯកំពង់ផែ Mundra ក្រោយពីទទួលបានព័ត៌មានអំពីសកម្មភាពដឹកជញ្ជូនគ្រឿងញៀន។
ក្រុមហ៊ុនមួយនៅក្នុងទីក្រុង Vijayawada នៅភាគខាងត្បូងនៃប្រទេសឥណ្ឌា គឺជាអ្នកនាំចូលកុងតឺន័រទាំងនេះ។ ពេលត្រួតពិនិត្យ អាជ្ញាធរបានរកឃើញថ្នាំញៀនប្រភេទ ហេរ៉ូអ៊ីន ទម្ងន់ 2,989 គីឡូក្រាម ដែលមានប្រភពពីប្រទេសអាហ្វហ្គានីស្ថាន។ ប៉ូលិសបានចាប់ខ្លួនមនុស្ស 2 នាក់ដែលជាប់ទាក់ទិននឹងការដឹកជញ្ជូន ហើយកំពុងសួរចម្លើយពលរដ្ឋអាហ្វហ្គានីស្ថាន ជាច្រើននាក់ផ្សេងទៀតដែលជាប់ទាក់ទង។
ក្រុមមន្ត្រីឱ្យដឹងថា កុងតឺន័រ ទាំង 2 ខាងលើ ដែលត្រូវបានប្រកាសថា ផ្ទុកថ្ម talc ជាធាតុរ៉ែមួយប្រភេទដែលត្រូវបានប្រើប្រាស់ច្រើននៅក្នុងវិស័យឧស្សាហកម្មគីមី និងសេរ៉ាមិច គឺមកពីប្រទេសអាហ្វហ្កានីស្ថាន។
កុងតឺន័រទាំងនេះត្រូវបានដឹកពីកំពង់ផែ Bandar Abbas របស់ប្រទេសអ៊ីរ៉ង់ ទៅកាន់កំពង់ផែ Gujarat Mundra ប្រទេសឥណ្ឌា។
អាហ្វហ្គានីស្ថាន គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលផ្គត់ផ្គង់អាភៀនធំជាងគេក្នុងពិភពលោក។ ក្រោយពីបានឡើងកាន់អំណាចនៅ អាហ្វហ្គានីស្ថាន តាលីបង់ បានប្រកាសថា នឹងហាមឃាត់សកម្មភាពជួញដូរថ្នាំញៀន ប៉ុន្តែ មិនទាន់ឱ្យដឹងសេចក្ដីលម្អិត ក៏ដូចជាវិធីសាស្ត្រក្នុងការអនុវត្តរបស់ពួកគេនៅឡើយ៕