មន្ត្រីយោធានៃប្រទេសស៊ូដង់ ប្រហែល 40 នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីព្យាយាមដណ្ដើមកាន់កាប់ស្ថានីយទូរទស្សន៍ជាតិ និងបញ្ជាការដ្ឋានកងទ័ព នៅក្នុងផែនការរដ្ឋប្រហារដែលមិនបានសម្រេច។
«កងទ័ពបានរាំងខ្ទប់ផែនការធ្វើរដ្ឋប្រហារ ហើយស្ថានការណ៍ត្រូវបានគ្រប់គ្រងទាំងស្រុង» ទីប្រឹក្សាផ្នែកសារព័ត៌មានរបស់ឧត្តមសេនីយ៍ Abdelfattah al-Burhan និងប្រធានក្រុមប្រឹក្សាអធិបតេយ្យ ស៊ូដង់ បានប្រាប់សារព័ត៌មានកាលពីម្សិលមិញដូច្នេះ។
យោងតាមប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់ដែលសុំមិនបញ្ចេញឈ្មោះ ទាហានប្រហែល 40 នាក់ ត្រូវបានចាប់ខ្លួនក្នុងពេលកំពុងព្យាយាមដណ្ដើមកាន់កាប់អគារនានារបស់ស្ថានីយទូរទស្សន៍ជាតិ និងបញ្ជាការដ្ឋានកងទ័ព។ អាជ្ញាធររដ្ឋាភិបាលនៃប្រទេសស៊ូដង់ បានចោទប្រកាន់កងកម្លាំងដែលបានចូលរួមធ្វើរដ្ឋប្រហារនេះថា ជាប់ទាក់ទិននឹងអតីតប្រធានាធិបតី Omar al-Bashir ដែលត្រូវបានផ្ដួលរំលំកាលពីឆ្នាំ 2019។
«យើងធានាចំពោះប្រជាពលរដ្ឋនៃប្រទេសស៊ូដង់ ថា ស្ថានការណ៍ត្រូវបានគ្រប់គ្រងទាំងស្រុង។ សមាជិកកងទ័ព និងកម្លាំងស៊ីវិលដែលចូលរួមធ្វើរដ្ឋប្រហារ ត្រូវបានចាប់ខ្លួន និងកំពុងត្រូវបានសួរចម្លើយ» Hamza Balol អ្នកនាំពាក្យរបស់រដ្ឋាភិបាលស៊ូដង់ ប្រកាសលើទូរទស្សន៍ដូច្នេះ និងបន្ថែមថា ពួកគេកំពុងបន្តស្វែងរកក្រុមមនុស្សស្មោះស្ម័គ្រនឹង Bashir ដែលបានចូលរួមធ្វើរដ្ឋប្រហារនេះ។
អតីតប្រធានាធិបតី Omar al-Bashir បច្ចុប្បន្នត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារមួយក្នុងតំបន់ Khartoum និងប្រឈមនឹងការចោទប្រកាន់ជាច្រើន។ ក្រុមប្រឹក្សាអធិបតេយ្យស៊ូដង់ កំពុងរ៉ាប់រងលើការដឹកនាំប្រទេស ដោយយោងទៅតាមកិច្ចព្រមព្រៀងចែករំលែកអំណាចរវាងកងទ័ព និងកងកម្លាំងស៊ីវិល ចាប់តាំងពី Bashir ត្រូវបានផ្ដួលរំលំ។ ការបោះឆ្នោតនានា តាមគម្រោងនឹងត្រូវធ្វើឡើងនៅក្នុងឆ្នាំ 2024។
នេះមិនមែនជាលើកដំបូងដែលរដ្ឋាភិបាលបណ្ដោះអាសន្នរបស់ប្រទេសស៊ូដង់ ត្រូវប្រឈមនឹងឧបសគ្គ។ ពួកគេបានឱ្យដឹងថា កន្លងមកក៏ធ្លាប់មានការព្យាយាមធ្វើរដ្ឋប្រហារជាច្រើនលើក ដែលជាប់ទាក់ទិននឹងក្រុមគាំទ្ររបស់លោក Bashir ប៉ុន្តែ ត្រូវបានបែកធ្លាយជាព័ត៌មាន ឬត្រូវបានកម្ចាត់។ កាលពីឆ្នាំមុន នាយករដ្ឋមន្ត្រី ស៊ូដង់ Abdalla Hamdok បានរួចពីការស្លាប់ នៅពេលត្រូវគេលួចធ្វើឃាតនៅឯ Khmartoum។
ស៊ូដង់ ជាប្រទេសមួយដែលមានប្រវត្តិរដ្ឋប្រហារជាច្រើនលើក និងយូរអង្វែង។ Bashir បានក្លាយជាប្រធានាធិបតី ក្រោយពីរដ្ឋប្រហារដែលគាំទ្រដោយសាសនិកអ៊ីស្លាម កាលពីឆ្នាំ 1989។ លោក Bashir គឺជាប្រធានាធិបតីមួយរូបក្នុងចំណោមប្រធានាធិបតីច្រើនរូបដែលកាន់អំណាចយូរជាងគេនៅ ស៊ូដង់ (ជិត 30 ឆ្នាំ) និងត្រូវបានតុលាការព្រហ្មទណ្ឌអន្តរជាតិ តាមចាប់ខ្លួនពីបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្គ្រាម។
លោក Bashir ត្រូវបានចាប់ខ្លួនកាលពីខែមេសា ឆ្នាំ 2019 នៅក្នុងរដ្ឋប្រហារយោធា ក្រោយពលរដ្ឋចេញធ្វើបាតុកម្មអស់រយៈពេល 4 ខែ ដើម្បីទាមទារឱ្យលោកលាលែងពីតំណែង៕