Skip to content

(វីដេអូ)-ក​ម្អែ​ភ្នំភ្លើង លេប​ត្របាក់​ភូមិឋាន! រាប់ពាន់នាក់​ត្រូវ​ជម្លៀស​ខ្លួន

អេស្ប៉ាញ៖ ក​ម្អែ​ភ្នំភ្លើង​ក្រហមឆ្អៅ​ហូរ​ដូច​គេ​ចាក់​បបរ​នៅលើ​ខ្នងភ្នំ និង​ហូរ​កាត់​ចូលក្នុង​តំបន់​ភូមិឋាន​របស់​ប្រជាជន​នៅលើ​ប្រជុំ​កោះ Canary បន្ទាប់ពី​មានប​ន្ទុះ​ភ្នំភ្លើង​កើតឡើង។

ការផ្ទុះ​ភ្នំភ្លើង​នៅលើ​កោះ Canary កាលពី​ថ្ងៃទី 19 កញ្ញា គឺជា​ប​ន្ទុះ​ភ្នំភ្លើង​លើកទីមួយ ក្រោយ​រយៈពេល 50 ឆ្នាំ​កន្លងទៅ។ ប​ន្ទុះ​ភ្នំភ្លើង​នេះ បាញ់​ក​ម្អែ​ឡើង​ទៅលើ​អាកាស​កម្ពស់​រាប់រយ​ម៉ែត្រ និង​បាន​ពន្លិច​តំបន់​ព្រៃ​ស្ទើរតែ​ទាំងស្រុង។ វីដេអូ​នានា​បាន​បង្ហាញថា ក​ម្អែ​ភ្នំភ្លើង​កំពុង​ហូរ​តាម​ជម្រាលភ្នំ ឆ្ពោះទៅកាន់​សមុទ្រ។

ក​ម្អែ​របស់​ភ្នំភ្លើង​ក៏បាន​ហូរ​ចូលក្នុង​ភូមិ​របស់​ប្រជាជន​នៅលើ​កោះ La Palma ដែលជា​កោះ​មួយ​នៅ​ភាគ​ពាយព្យ​របស់​ប្រជុំ​កោះ Canary។ សាក្សី​ម្នាក់​និយាយថា ក​ម្អែ​ភ្នំភ្លើង ហូរ​នៅលើ​ផ្លូវ និង​ចាក់​ចូលក្នុង​ផ្ទះ​របស់​ប្រជាជន ធ្វើឱ្យ​គ្រប់យ៉ាង​ត្រូវ​រលាយ​គ្មាន​សល់។

ផ្ទះ​ប្រហែល 100 ខ្នង ត្រូវបាន​បំផ្លាញ​ទាំងស្រុង ខណៈ​មនុស្ស​ជាង 5,500 នាក់ ត្រូវ​ជម្លៀស​ចេញពី​តំបន់​កើតហេតុ។ ប៉ុន្តែ ពុំទាន់​មាន​ករណី​ស្លាប់ ឬ​របួស​ណាមួយ​ត្រូវបាន​រាយការណ៍​នៅឡើយ។

ផ្លូវ​ចំនួន 6 ខ្សែ​ដែល​នៅលើ​កោះ ត្រូវបាន​បិទ។ ក្រុមមន្ត្រី​បានស្នើ​ឱ្យ​ពលរដ្ឋ​កុំ​ស្លន់ស្លោ​ខ្លាំងពេក ហើយ​ត្រូវ​ជម្លៀស​ទៅតាម​ការណែនាំ​របស់​អា​ជ្ញា​ធរ។

Miguel Angel Morcuende អ្នកចាត់ចែង​កិច្ចការ​បន្ទាន់​ក្នុង​តំបន់ បានឱ្យដឹងថា ក​ម្អែ​ភ្នំភ្លើង​នេះ​ផ្លាស់​ទី​យឺត​ជាង​ការ​ព្យាករ និង​កំពុង​ឆ្ពោះទៅកាន់​សមុទ្រ។

នាយករដ្ឋមន្ត្រី Pedro Sanchez កាលពី​ថ្ងៃទី 20 កញ្ញា បាន​ទៅពិនិត្យ​តំបន់​ដែល​រង​ផលប៉ះពាល់ និង​បាន​សរសើរ​ដល់​កងក​ម្លាំ​ង​សង្គ្រោះបន្ទាន់​នៅ​ទីនោះ។

នាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល Enaire ឱ្យដឹងថា ដែនអាកាស​ជុំវិញ​ប្រជុំ​កោះ Canary នៅតែ​បើក​ដំណើរការ ដោយសារ​ធូលី និង​ផ្សែង​របស់​ភ្នំភ្លើង មិនទាន់​បង្ក​ការលំបាក​ដល់​ការហោះហើរ​នៅឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *