ជើងឯកប្រដាល់របស់ប្រទេសហ្វីលីពីន លោក Manny Pacquiao កាលពីម្សិលមិញ បានប្រកាសចូលរួមប្រជែងដណ្ដើមតំណែងប្រធានាធិបតី នៅក្នុងការបោះឆ្នោតឆ្នាំ 2022។
«បច្ចុប្បន្នគឺជាពេលវេលាសមស្រប។ យើងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ប្រឈមនឹងឧបសគ្គនៃការដឹកនាំ» Manny Pacquiao វ័យ 42 ឆ្នាំ បាននិយាយដូច្នេះបន្ទាប់ពីយល់ព្រមតាមសំណើពីក្រុមដែលលោកដឹកនាំនៅក្នុងបក្សកាន់អំណាច PDP-Laban។
មុននេះមិនយូរប៉ុន្មាន ក្រុមគូប្រជែងរបស់ Pacquiao បានជ្រើសតាំងជំនួយការផ្ទាល់របស់ប្រធានាធិបតី Rodrigo Duterte គឺតំណាងរាស្ត្រ Christopher “Bong” Go ជាបេក្ខភាពប្រធានាធិបតី។ ក្រុមនេះក៏បានជ្រើសតាំង Duterte សម្រាប់តំណែងអនុប្រធានាធិបតីផងដែរ ដើម្បីជួយឱ្យប្រធានាធិបតី ហ្វីលីពីន រូបនេះ អាចបន្តកាន់អំណាច។
Go បានបដិសេធការជ្រើសតាំងខាងលើ ប៉ុន្តែ បញ្ហាខ្វែងគំនិតគ្នារវាងក្រុម Pacquiao និងក្រុម Duterte នៅក្នុងបក្ស នៅតែបន្តកើនឡើង។
«ខ្ញុំគឺជាអ្នកប្រយុទ្ធ ហើយខ្ញុំនឹងបន្តធ្វើជាអ្នកប្រយុទ្ធ មិនថានៅខាងក្នុង ឬខាងក្រៅ» កំពូលអ្នកប្រដាល់របស់ ហ្វីលីពីន លោក Pacquiao ប្រកាសដូច្នេះ។ លោកបានបញ្ជាក់ថា «ខ្ញុំយល់ព្រមទទួលយកការជ្រើសតាំងជាបេក្ខភាពប្រធានាធិបតីរបស់ សាធារណរដ្ឋហ្វីលីពីន»។
Pacquiao គឺជាអ្នកប្រដាល់ដ៏អស្ចារ្យបំផុត និងជាមនុស្សតែម្នាក់គត់ដែលដណ្ដើមបានខ្សែក្រវាត់ពិភពលោកចំនួន 8 ក្នុងប្រភេទទម្ងន់ផ្សេងៗគ្នា។
ទោះជាល្បីឈ្មោះ ប៉ុន្តែ Pacquiao នៅតែមិនអាចឈរលើកំពូលតារាងក្នុងការស្ទង់មតិនាពេលកន្លង។ Sara Duterte-Carpio កូនស្រីរបស់ប្រធានាធិបតី Duterte គឺជាអ្នកស្ថិតនៅលើកំពូលតារាងនេះ។
កាលពីខែកក្កដា គណបក្ស PDP-Laban បានបោះឆ្នោតទម្លាក់ Pacquiao ពីតំណែងប្រធានបក្ស ក្រោយពីលោកបានរិះគន់ប្រធានាធិបតី Duterte ទាក់ទិននឹងបញ្ហាជាមួយប្រទេសចិន និងសង្គ្រាមប្រឆាំងអំពើពុករលួយ។ ប៉ុន្តែ ការសម្រេចនេះត្រូវបានក្រុមអ្នកនយោបាយដែលដឹកនាំដោយ Pacquiao នៅក្នុងបក្ស ច្រានចោល។
កំពូលអ្នកប្រដាប់រូបនេះ បានចូលប្រលូកក្នុងវិស័យនយោបាយចាប់ពីឆ្នាំ 2010 ក្នុងនាមជាតំណាងរាស្ត្រម្នាក់ មុននឹងត្រូវបានបោះឆ្នោតជាសមាជិកសភាជាន់ខ្ពស់។ លោកទទួលបានការចូលចិត្តខ្លាំងនៅ ហ្វីលីពីន ដោយសារតែចិត្តទូលាយ និងការប្រឹងប្រែរើខ្លួនចេញពីភាពក្រីក្រ ដើម្បីក្លាយជាអ្នកប្រដាល់ម្នាក់ក្នុងចំណោមអ្នកប្រកដាល់ដែលមានទ្រព្យច្រើនជាងគេ។
ក្រុមអ្នកវិភាគអះអាងថា ជោគជ័យក្នុងវិស័យប្រដាល់ រួមនឹងគោលដៅប្រឆាំងភាពក្រីក្រ និងអំពើពុករលួយ អាចជាប្រធានបទសំខាន់នៅក្នុង «យុទ្ធនាការដណ្ដើមសំឡេងឆ្នោត» របស់ Manny Pacquiao៕