Skip to content

(វីដេអូ)-ទិដ្ឋភាព​អ្នក​អវកាស​ចិន ចាក​ចេញពី​យាន បន្ទាប់ពី​ចុះចត​ដោយ​សុវត្ថិភាព​កាល​ពី​ម្សិល​មិញ

យានអវកាស Shenzhou-12 បាន​នាំ​ក្រុម​អ្នក​អវកាស​ត្រលប់​មកពី​អវកាស​កម្ពស់ 393 គីឡូម៉ែត្រ និង​ទម្លាក់ខ្លួន​ចុះមក​កាន់​ផែនដី​ក្នុង​ល្បឿន 7.9 គីឡូម៉ែត្រ/វិនាទី។

អវកាស​ចរ 3 នាក់​របស់​ប្រទេស​ចិន ដែល​ត្រូវបាន​បញ្ជូនទៅ​បំពេញបេសកកម្ម​នៅលើ​ស្ថានីយ​អវកាស​ចិន Tiangong បាន​ត្រលប់មក​ផែនដី​វិញ​ហើយ កាលពី​ម្សិលមិញ ដោយ​ប្រើប្រាស់​យានអវកាស Shenzhou-12 ចុះចត​នៅ​តំបន់ ម៉ុង​ហ្គោ​លី​ខាងក្នុង (Inner Mongolia) កាលពី​វេលា​ម៉ោង 12 និង 34 នាទី ថ្ងៃទី 17 កញ្ញា (ម៉ោង​នៅ​កម្ពុជា)។

យានអវកាស Shenzhou-12 បាន​នាំ​ក្រុម​អ្នក​អវកាស​ត្រលប់មក​កម្ពស់ 393 គីឡូម៉ែត្រ ទម្លាក់ខ្លួន​ចុះមក​កាន់​ផែនដី​ក្នុង​ល្បឿន 7.9 គីឡូម៉ែត្រ/វិនាទី។ បេសកកម្ម​របស់​ពួកគេ​គឺជា​របត់​ថ្មី​នៅក្នុង​កម្មវិធី​អវកាស​ប្រកបដោយ​មហិច្ឆតា​របស់​ប្រទេស​ចិន។

អ្នក​អវកាស​ចំនួន 3 រូប​គឺ Nie Haisheng, Liu Boming និង Tang Hongbo បានបញ្ចប់​បេសកកម្ម 90 ថ្ងៃ​របស់​ពួកគេ​នៅក្នុង​ទី​អវកាស។ ពួកគេ​ចាក​ចេញពី​យានអវកាស​ក្នុងស្ថានភាព​សុខ​ភាពល្អ​ធម្មតា បន្ទាប់ពី​បាន​ចុះចត​ដោយ​យាន​ដែល​ប្រើប្រាស់​ឆត្រយោង​ខ្នាត​យក្ស។

Liu Boming សមាជិក​ក្រុម​ហោះហើរ​របស់​យានអវកាស Shenzhou-12 ថ្លែងថា៖ «សូម​អរគុណ​ការយកចិត្តទុកដាក់ និង​ការ​ជូនពរ​របស់​គ្រប់គ្នា។ ខ្ញុំ​នឹងមិន​ភ្លេច​ខួបកំណើត​នេះ។ អវកាស​ពិត​ជាធំ​ទូលាយ ស្រស់ស្អាត និង​អស្ចារ្យ​ជាទីបំផុត។ ខ្ញុំ​ពិតជា​មានសំណាង និង​មាន​សុភមង្គល នៅពេល​មានឱកាស​ឡើងទៅ​កាន់​ទី​អវកាស​ម្ដងទៀត និង​បាន​បំពេញភារកិច្ច​ដើរ​ដោយ​ថ្មើរជើង​នៅ​ខាងក្រៅ​ស្ថានីយ​អវកាស​របស់​យើង។ ខ្ញុំ​មាន​អារម្មណ៍​ថា អស្ចារ្យ​ណាស់​ពេល​ត្រលប់​មកវិញ ការដែល​បាន​ហោះហើរ​នៅ​ទី​អវកាស​ក៏​ពិតជា​អស្ចារ្យ»។

ចំណែក Tang Hongbo សមាជិក​ក្រុម​ហោះហើរ និយាយថា៖ «ពេលនេះ ខ្ញុំ​មាន​អារម្មណ៍​ថា នឹក​គ្រួសារ និង​មិត្តភក្ដិ។ ខ្ញុំ​ចង់​ប្រាប់​ឪពុក ម្ដាយ​នៅឯ​ស្រុកកំណើត ខេត្ត Hunan ថា៖ ពុក ម្ដាយ កូន​ត្រលប់​មកវិញហើយ ពិតជា​សុវត្ថិភាព និង​សុខភាព​មាំមួន»។

Nie Haisheng ប្រធាន​ក្រុម​ហោះហើរ​នៃ​យានអវកាស Shenzhou-12 និយាយថា៖ «ខ្ញុំ​ជឿថា ដោយ​ការរីកចម្រើន​មិន​ឈប់ឈរ​នៃ​កម្លាំង​ទូទាំង​របស់​ប្រទេស​ចិន និង​ចំណេះដឹង​ផ្នែក​វិទ្យាសាស្ត្រ​ជាតិ នឹងមាន​អ្នក​អវកាស​ជាច្រើន​ទៀត បង្កើតបាន​កំណត់ត្រាថ្មីៗ ហើយ​ជួយ​ឱ្យ​សកម្មភាព​របស់​ចិន ក្នុង​វិស័យ​អវកាស ឡើង​ខ្ពស់​ថែម​មួយកម្រិត​ទៀត។

ក្រុម​អវកាស​ចរ​នេះ រួម​នឹង​យានអវកាស Shenzhou-12 ត្រូវបាន​ដឹក​ទៅកាន់​រដ្ឋធានី​ប៉េកាំង៕

Leave a Reply

Your email address will not be published. Required fields are marked *