សហរដ្ឋអាមេរិក៖ មេធាវីល្បីឈ្មោះ និងជាជនជាតិអាម៉េរិក ម្នាក់ ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំ បន្ទាប់ពីបង្កើតហេតុការណ៍ឃាតកម្មលើខ្លួនឯង ដើម្បីឱ្យកូនប្រុសទទួលបានប្រាក់ធានារ៉ាប់រង។
Alex Murdaugh ជាមេធាវីម្នាក់ មានអាយុ 53 ឆ្នាំ កាលពីថ្ងៃទី 4 កញ្ញា បានជួលឈ្មោះ Curtis Smith ឱ្យរៀបគម្រោងសម្លាប់លោក នៅលើដងផ្លូវមួយនៅតំបន់ជនបទរបស់រដ្ឋ ការ៉ូលីណាខាងត្បូង (South Carolina) នៃ សហរដ្ឋអាម៉េរិក។ Smith បានបាញ់ចំក្បាលមេធាវីរូបនេះ ប៉ុន្តែ គ្រាប់កាំភ្លើងបានប្លាតចំតែលលាដ៍ក្បាល។ Smith គឺជាអតីតកូនក្ដីរបស់ Murdaugh និងធ្លាប់ផ្គត់ផ្គង់ opioid ជាថ្នាំបំបាត់ការឈឺចាប់ប្រភេទញៀន ទៅឱ្យមេធាវីរូបនេះ។
Murdaugh ក្រោយមកក៏បានចេញសារភាព ហើយនៅថ្ងៃទី 16 ខែកញ្ញា លោកក៏ត្រូវបានតុលាការចោទប្រកាន់ពីបទក្លែងបន្លំទាក់ទិននឹងធានារ៉ាប់រង និងភូតកុហក ព្រោះតែបានជួលមនុស្សមកសម្លាប់ខ្លួនឯង ដើម្បីឱ្យកូនប្រុសទទួលបានប្រាក់សំណង 10 លានដុល្លារ ពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត។
ល្បិចកលត្រូវបានធ្វើឡើងមួយថ្ងៃបន្ទាប់ពី Murdaugh ត្រូវបានបង្ខំឱ្យឈប់ធ្វើការនៅក្នុងក្រុមហ៊ុនច្បាប់ ដោយសារបញ្ហាអំពើពុករលួយ។ ប៉ូលិសកំពុងស្រាវជ្រាវលើ Murdaugh ទាក់ទិននឹងទោសកិបកេងមូលនិធិសាធារណៈ។
មេធាវីរូបនេះ ត្រូវបានអនុញ្ញាតឱ្យបង់ប្រាក់ 20,000 ដុល្លារ ដើម្បីបាននៅក្រៅឃុំ និងព្យាបាលរបួសនៅមន្ទីរពេទ្យ។ មេធាវីរបស់ Murdaugh បានឱ្យដឹង កូនក្ដីរបស់ខ្លួនមានអាការ «ញៀននឹងថ្នាំ opiod យ៉ាងធ្ងន់ធ្ងរ»។
មេធាវីរបស់ Murdaugh បន្ថែមថា បញ្ហាហិរញ្ញវត្ថុ រួមនឹងបញ្ហានៃការស្លាប់របស់ភរិយា និងកូន កាលពីខែមិថុនា បាននាំឱ្យកូនក្ដីរបស់លោក ធ្លាក់ទៅក្នុងស្ថានភាពនេះ។
Maggie អាយុ 52 ឆ្នាំ ជាភរិយារបស់ Murdaugh និងកូនប្រុសឈ្មោះ Paul អាយុ 22 ឆ្នាំ ជានិស្សិត ត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃទី 7 ខែមិថុនា នៅឯតំបន់ Islandton ភាគនិរតីរបស់រដ្ឋការូលីណាខាងត្បូង។ ពុំទាន់មានជនសង្ស័យណាម្នាក់ត្រូវបានចាប់ខ្លួននៅឡើយ។ អំឡុងមុនពេលនោះ Paul កំពុងរង់ចាំការកាត់ទោសពីបទបង្កគ្រោះថ្នាក់ចរាចរណ៍ទូក កាលពីឆ្នាំ 2019 ដែលបានធ្វើឱ្យនារីវ័យ 19 ឆ្នាំម្នាក់បាត់បង់ជីវិត។
ប៉ូលិស កាលពីថ្ងៃទី 15 ខែកញ្ញា ក៏បានបើកការស៊ើបអង្កេតលើករណីស្លាប់កាលពីឆ្នាំ 2018 របស់ Gloria Satterfield អាយុ 57 ឆ្នាំ ដែលជាអ្នកគ្រប់គ្រងផ្ទះឱ្យគ្រួសាររបស់ Murdaugh។ អ្នកស្រី Gloria ត្រូវបានគេជឿថា បានស្លាប់ដោយសារដួល។ គ្រួសាររបស់ Murdaugh មានឈ្មោះល្បីល្បាញនៅក្នុងចំណោមក្រុមអ្នកច្បាប់នៅ ការូលីណាខាងត្បូង។ ឪពុក ជីតាខាងឪពុក និងទួតរបស់ Murdaugh សុទ្ធតែជារដ្ឋអាជ្ញាក្នុងតំបន់៕