អាជ្ញាធរប្រទេសជប៉ុន បានចេញសេចក្ដីព្រមាន បន្ទាប់ពីភ្នំភ្លើងនៅភាគនិរតីប្រទេសនេះ ផ្ទុះ បណ្ដាលឱ្យកម្អែភ្នំភ្លើង ក៏ដូចជាដុំថ្មភ្លើងធំៗ ត្រូវខ្ទាតចេញចម្ងាយរាប់រយម៉ែត្រ។
ស្ថាប័នឧតុនិយមរបស់ ជប៉ុន ថ្ងៃនេះ បានប្រកាសអាសន្នកម្រិត 3 នៅលើមាត្រដ្ឋានទាំង 5 កម្រិត ដែលមានន័យថា ប្រជាជនមិនគួរទៅក្បែរតំបន់ជុំវិញភ្នំភ្លើង Otake ដែលស្ថិតនៅលើកោះ Suwanose នៃខេត្ត Kagoshima នោះទេ ក្រោយករណីផ្ទុះកម្អែកាលពីថ្ងៃទី 16 ខែកញ្ញា។
បច្ចុប្បន្ន ពុំទាន់មានរបាយការណ៍ស្ដីពីការខូចខាតទ្រព្យសម្បត្តិ ក៏ដូចជាមានមនុស្សស្លាប់ ឬរងរបួសនៅឡើយ។
ការផ្ទុះដំបូង បានកើតឡើងកាលពីថ្ងៃទី 16 កញ្ញា។ ស្ថាប័នឧតុនិយមបានព្រមានថា ផ្ទាំងថ្មធំៗដែលបាញ់ចេញពីមាត់ភ្នំភ្លើងកម្ពស់ 799 ម៉ែត្រ នៅឯភូមិ Toshima អាចធ្លាក់ក្នុងរង្វង់ចម្ងាយ 2 គីឡូម៉ែត្រ។
ក្រោយការផ្ទុះកាលពីវេលាទៀបភ្លឺថ្ងៃនេះ រាជរដ្ឋាភិបាលជប៉ុន បានបង្កើតការិយាល័យទំនាក់ទំនងមួយនៅក្នុងការិយាល័យនាយករដ្ឋមន្ត្រី ដើម្បីប្រមូលព័ត៌មាន។
Suwanose ជាកោះភ្នំភ្លើងមួយដែលមានប្រជាជនមិនដល់ 100 នាក់ ស្ថិតនៅភាគខាងត្បូងកោះធំ Kyushu នៅភាគនិរតីនៃប្រទេសជប៉ុន។ ប្រទេសដែលមានភ្នំភ្លើងសកម្មជាច្រើនមួយនេះ ស្ថិតនៅលើតំបន់ខ្សែក្រវ៉ាត់ភ្លើងនៃមហាសមុទ្រប៉ាស៊ីហ្វិក (Pacific Ring of Fire) ជាទីដែលមានគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងច្រើនជាងគេក្នុងពិភពលោក៕