Skip to content

ឃើញ​នាវាចម្បាំងរបស់ ចិន ច្រើនគ្រឿង ចូលទៅក្បែរទឹកដី សហរដ្ឋអាម៉េរិក ក៏​បញ្ជូន​នាវា​ល្បាត​ទៅ​​ឃ្លាំ​មើល

នាវាចម្បាំង​របស់​ប្រទេស​ចិន ចំនួន 4 គ្រឿង ធ្វើការ​ចល័ត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ជុំវិញ​ប្រជុំ​កោះ Aleutian នៅ Alaska នាំឱ្យ សហរដ្ឋអាម៉េរិក បញ្ជូន​នាវា​ល្បាត​ឆ្នេរ​ចេញទៅ​តាមដាន។

នាវា​ល្បាត USCGC Bertholf របស់ សហរដ្ឋអាម៉េរិក បាន​ស្ថិតនៅ​ទល់មុខ​គ្នា​នឹង​នាវាចម្បាំង 4 គ្រឿង​របស់​ប្រទេស​ចិន ក្បែរ​ប្រជុំ​កោះ Aleutian លើ​លម្ហ​សមុទ្រ​ក្បែរ​ដែនទឹក​របស់​រដ្ឋ Alaska កាលពី​ខែសីហា ប៉ុន្តែ រូបថត​ទើបតែ​ត្រូវបាន​ក្រុម​ល្បាត​ឆ្នេរ​របស់ សហរដ្ឋអាម៉េរិក បញ្ចេញ​កាលពី​ថ្ងៃទី 13 កញ្ញា ក្រោយពី​ទីក្រុង​ប៉េកាំង បាន​រិះគន់​លើ​ដំណើរ​ល្បាត​ដោយ​សេរី​ដែល​ត្រូវបាន​ក្រុង​វ៉ា​ស៊ី​ង​តោន ធ្វើឡើង​នៅឯ​មហាសមុទ្រ ប៉ាស៊ីហ្វិក។

«ក្នុង​ដំណើរ​ល្បាត​ជាប្រចាំ​នៅ​សមុទ្រ Bering និង​តំបន់​ប៉ូល​ខាងជើង កាលពី​ថ្ងៃទី 30 សីហា នាវា​ល្បាត Bertholf បាន​​ប្រឈម​មុខ​ និង​បាន​ទាក់ទង​ក្រុម​នាវាចម្បាំង​របស់​ប្រទេស​ចិន នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់ សហរដ្ឋអាម៉េរិក ក្នុង​លម្ហ​សមុទ្រ​នៃ​ប្រជុំ​កោះ Aleutian។

ដំណើរ​របស់​នាវា​ចម្បាំង​ចិន​ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់ Alaska (ខៀវ)

ការ​ស្ថិតនៅ​ទល់មុខ​គ្នា​រវាង​ភាគី​ទាំងពីរ សុទ្ធតែ​បាន​គោរព​តាម​គោលការណ៍ និង​ច្បាប់​អន្តរជាតិ។ កងកម្លាំង​ចិន មិន​រំលោភ​ដែនទឹក​របស់ សហរដ្ឋ​អាម៉េរិក» ក្រុម​ល្បាត​ឆ្នេរ​របស់ អាម៉េរិក បាន​ប្រាប់​ដូច្នេះ​នៅពេល​បញ្ចេញ​រូបថត​ទាំងនេះ។

ក្រុម​ល្បាត​ឆ្នេរ​របស់ អាម៉េរិក មិនបាន​បង្ហើប​ឱ្យដឹង​អំពី​អត្តសញ្ញាណ​របស់​ក្រុម​នាវាចម្បាំង​ចិន នោះទេ ប៉ុន្តែ ឱ្យដឹងថា នាវា​ទាំងនេះ​រូប​មាន នាវា​ល្បាត​សមុទ្រ​ដែលមាន​មី​ស៊ី​ល​នាំ​ផ្លូវ, នាវា​ពិឃាដ​បំពាក់​មី​ស៊ី​ល​នាំ​ផ្លូវ, នាវា​ស៊ើបការណ៍ និង​នាវា​ដឹកជញ្ជូន។

ក្រុមមន្ត្រី ជប៉ុន កាលពី​ថ្ងៃទី  24 សីហា បានប្រកាសថា ក្រុម​នាវាចម្បាំង​របស់ ចិន បាន​ឆ្លងកាត់​ច្រក​សមុទ្រ Soya ឆ្ពោះទៅកាន់​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់ សហរដ្ឋ​អាម៉េរិក នៅឯ​លម្ហ​សមុទ្រ​ក្បែរ​រដ្ឋ Alaska។ ក្រុម​នាវា​របស់​ចិន ទាំងនេះ រួមមាន Type-055, Type-052, Type-093 និង​នាវា 1 គ្រឿង​ទៀត​មាន​លេខ​សម្គាល់ 799។

តំបន់​សមុទ្រ​ Bering

Aleutian គឺជា​ប្រជុំ​កោះ​ភ្នំភ្លើង​ដែល​លាតសន្ធឹង​ពី​ដីគោក Alaska ដល់​ជាយ​ខាងលិច​នៃ​សមុទ្រ Bering។ នេះ​គឺជា​ទី​ដែលមាន​អាកាសធាតុ​អាក្រក់​បំផុត និង​ជា​ដែនដី​ដាច់ស្រយាល​បំផុត​នៅលើ​ទ្វីប​អាម៉េរិក​ខាងជើង ប៉ុន្តែ វា​មាន​តួនាទី​ជា​យុទ្ធសាស្ត្រ ដោយសារតែ​កោះ​នានា​បង្កើតបានជា​រនាំង​ធម្មជាតិ​របស់​អឌ្ឍគោល​ខាងលិច និង​ខាងកើត៕

Leave a Reply

Your email address will not be published. Required fields are marked *