អាហ្វហ្គានីស្ថាន៖ មន្ត្រីរបស់អង្គការសហប្រជាជាតិនិយាយថា តាលីបង់ មិនធ្វើតាមការសន្យា ទាក់ទងនឹងការធានាសិទ្ធិ ផលប្រយោជន៍របស់ស្ត្រី និងការសងសឹកលើមន្ត្រី ឬមនុស្សរបស់រដ្ឋាភិបាលចាស់។
«ផ្ទុយពីការសន្យាកាលពី 3 សប្ដាហ៍មុន ដែលថា តាលីបង់ នឹងរក្សាសិទ្ធិរបស់ស្ត្រី ពេលនេះ ស្ត្រីត្រូវបានហាមបង្ហាញវត្តមាននៅទីសាធារណៈជាបណ្ដើរៗហើយ» ឧត្តមស្នងការសិទ្ធិមនុស្ស របស់ អង្គការសហប្រជាជាតិ Michelle Bachelet បានឱ្យដឹងដូច្នេះកាលពីថ្ងៃទី 13 កញ្ញា ដោយបានសម្ដែងការព្រួយបារម្ភអំពីផលប្រយោជន៍របស់ស្ត្រីនៅ អាហ្វហ្គានីស្ថាន ក្រោមការគ្រប់គ្រងរបស់ តាលីបង់។
លោកស្រី Michelle Bachelet និយាយថា បានទទួលព័ត៌មានថា នៅកន្លែងមួយចំនួន ក្មេងស្រី អាហ្វហ្គានីស្ថាន ក្រោមអាយុ 12 ឆ្នាំ ត្រូវបានហាមមិនឱ្យទៅសាលារៀន ខណៈដែលស្ត្រីត្រូវបានស្នើឱ្យនៅផ្ទះ ដែលនេះបាននាំឱ្យគេនឹកឃើញដល់សម័យកាលគ្រប់គ្រងអំណាចដ៏មហាតឹងរ៉ឹងរបស់ តាលីបង់ អំឡុងឆ្នាំ 1996 ដល់ឆ្នាំ 2001។
មន្ត្រីនៃអង្គការសហប្រជាជាតិរូបនេះក៏បានចោទ តាលីបង់ ថា មិនធ្វើតាមសម្ដីដែលបានសន្យា ទាក់ទងនឹងការលើកលែងទោសចំពោះអតីតមន្ត្រី បុគ្គលិកសន្តិសុខរបស់រដ្ឋាភិបាលចាស់ រួមនឹងការឆែកឆែរតាមផ្ទះ។
ឧត្តមស្នងការសិទ្ធិមនុស្ស បានអំពាវនាវឱ្យបង្កើតយន្តការត្រួតពិនិត្យលើការធានាសិទ្ធិនានារបស់ស្ត្រីនៅ អាហ្វហ្គានីស្ថាន។ «ខ្ញុំរំលឹកឡើងវិញអំពីការអំពាវនាវដល់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អនុវត្តសកម្មភាពឱ្យបានខ្លាំងក្លា និងម៉ឺងម៉ាត់ សមស្របនឹងកម្រិតនៃភាពសំខាន់នៃវិបត្តិនេះ» លោកស្រី Michelle Bachelet សង្កត់ធ្ងន់ដូច្នេះ។
សូមរំលឹកថា ក្រោយពីបានឡើងក្ដាប់អំណាច និងគ្រប់គ្រង អាហ្វហ្គានីស្ថាន តាលីបង់ បានប្រកាសលើកលែងទោសរួមដល់ក្រុមមន្ត្រីទាំងអស់របស់រដ្ឋាភិបាលចាស់ និងបានអំពាវនាវដល់ក្រុមមន្ត្រីទាំងនេះ ត្រលប់មកធ្វើការវិញ។ តាលីបង់ ក៏បានប្រកាសថា នឹងធានាផលប្រយោជន៍របស់ស្ត្រី នៅក្នុងក្របខណ្ឌច្បាប់សាសនាអ៊ីស្លាមងផងដែរ៕