Skip to content

ក្រុម​ តា​លី​បង់ នឹង​អនុវត្ត​ឡើងវិញ​នូវ «ទណ្ឌកម្ម​ដោយ​ការ​កាត់​ដៃ​ចោល និង​គប់​ដុំថ្ម​ប្រហារជីវិត»

អា​ហ្វ​ហ្គា​នី​ស្ថាន៖ មេដឹកនាំ​ក្រុម តា​លី​បង់ បានឱ្យដឹងថា នឹង​អនុវត្ត​ឡើងវិញ​នូវ​ទណ្ឌកម្ម​ដ៏​សាហាវ ចំពោះ​ទោស​ធ្ងន់ធ្ងរ ទៅតាម​ច្បាប់​សាសនា​អ៊ីស្លាម ក្នុងនោះ​ក៏​រួមមាន​ទាំង​ការ​គប់​ដំ​ថ្ម និង​កាត់​ដៃ​ចោល​ផងដែរ។

«គោលដៅ​ចម្បង​គឺ​ការបម្រើ​ដល់​សាសនា​អ៊ីស្លាម ដូច្នេះ​ត្រូវតែមាន​ក្រសួង​ផ្សព្វផ្សាយ​សីលធម៌» Mohammad Yousuf កាលពី​ថ្ងៃទី 13 កញ្ញា បាន​បកស្រាយ​អំពី​ការសម្រេច​បង្កើតឡើង​វិញ​នូវ «ក្រសួង​ផ្សព្វផ្សាយ​សីលធម៌​និង​ទប់ស្កាត់​អំពើអាក្រក់» របស់ តា​លី​បង់។ «យើង​នឹងដាក់​ទណ្ឌកម្ម​ទៅតាម​វិន័យ​របស់​សាសនា​អ៊ីស្លាម»។

Yousuf ឱ្យដឹងថា បណ្ដា «ទោសធំៗដែល​បានចែង​នៅក្នុង​សាសនា​អ៊ីស្លាម» រួមមាន ការរួម​ភេទ​ក្រៅ​អាពាហ៍​ពិពាហ៍ អំពើ​មនុស្សឃាត និង​អំពើ​លួច​ប្លន់ នឹងត្រូវ​បានដាក់​ទណ្ឌកម្ម។

«មាន​គោលការណ៍​ផ្សេងគ្នា​ចំពោះ​ទោស​សម្លាប់​មនុស្ស។ បើសិនជា​អ្នក​បាន​ស្គាល់​មនុស្ស​ម្នាក់ ហើយ​សម្លាប់​មនុស្ស​នេះ​ដោយ​ចេតនា អ្នកនឹង​ទទួលទោស​ប្រហារជីវិត។ បើសិន​គ្មាន​ចេតនា អ្នក​អាច​ទទួល​ទណ្ឌកម្ម​ដូចជា ការបង់ប្រាក់​ជំងឺ​ចិត្ត» Yousuf បន្ថែម​ដូច្នេះ។ «អ្នកណា​ប្រព្រឹត្ត​អំពើ​លួច​ប្លន់​នឹងត្រូវ​កាត់​ដៃ​ចោល។ ជន​ទាំងឡាយណា​ដែលមាន​ទំនាក់ទំនង​ផ្លូវភេទ​ខុសច្បាប់​នឹងត្រូវ​គប់​នឹង​ដុំថ្ម»។

តា​លី​បង់ នឹង​អនុវត្ត​វិធី​ដាក់ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​នេះ​ទៅលើ​ទាំង​ស្ត្រី ទាំង​បុរស ទោះជា​កន្លងមក ក្រុម​នេះ​ធ្លាប់បាន​អនុវត្ត​ទណ្ឌកម្ម​ដោយ​ការ​គប់​នឹង​ដុំថ្ម​ចំពោះតែ​ស្ត្រីភេទ។ Yousuf និយាយថា ត្រូវតែមាន​សាក្សី​ចំនួន 4 នាក់ ហើយ​មនុស្ស​ទាំងនេះ «ត្រូវតែ​រៀបរាប់​ដំណើររឿង​ឱ្យ​ដូចគ្នា» ដើម្បី​ឈានដល់​ការសម្រេច​ដាក់ទណ្ឌកម្ម។

«តុលាការ​កំពូល​នឹង​កាត់ក្ដី​លើ​ករណី​ទាំងនេះ។ បើសិនជា​តុលាការ​បាន​កាត់ទោស យើង​នឹង​អនុវត្ត​ការដាក់ទណ្ឌកម្ម» លោក Yousuf ថ្លែង​ដូច្នេះ។

Hafiz Habib អនុរដ្ឋមន្ត្រីក្រសួងធម្មយាត្រានិងកិច្ចការសាសនា

ក្នុងសម័យ តា​លី​បង់ កាន់អំណាច​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ចាប់ពី​ឆ្នាំ 1996-2001 ក្រសួង​ផ្សព្វផ្សាយ​សីលធម៌​និង​ទប់ស្កាត់​អំពើអាក្រក់ បាន​កៀបសង្កត់​លើ​ស្ត្រីភេទ​យ៉ាងធ្ងន់ធ្ងរ ក្នុងនោះ​រួមមាន​ទាំង​ការបង្គាប់​ឱ្យ​ស្ត្រី​ស្លៀកពាក់​ឈុត បឺ​រកា (burqa) ដែល​គ្រប​ពី​ក្បាល​ដល់​ជើង ហើយ​ពេល​ចេញទៅ​ខាងក្រៅ ត្រូវតែមាន​បុរស​ជា​ញាតិ​ដើរ​ជាមួយ ពិសេស​ពួកគេ​មិន​អនុញ្ញាតឱ្យ​ក្មេងស្រី​បន្ត​ការសិក្សា ក្រោយពី​បាន​រៀន​ចប់​ថ្នាក់​ទី 6។

ក្រសួង​ខាងលើ​របស់ តា​លី​បង់ សម័យ​នោះ​ក៏បាន​កំណត់​ពេលវេលា​ស​ម្រា​ប់​ការថ្វាយ​បង្គំ​ព្រះ ស្នើឱ្យ​បុរស​ទុក​ពុកមាត់ ហាម​ជក់បារី ហាម​ស្ដាប់​តន្ត្រី និង​ការកំសាន្ត​ស្ទើរ​គ្រប់​រូបភាព ក្នុងនោះ​មាន​ទាំង​ការរាំរែក និង​ការ​បង្ហោះ​ខ្លែង​ផងដែរ។ ក្រុម​នគរ​បាល​​សីលធម៌ ដើរល្បាត​តាម​ដងផ្លូវ ហើយ​អ្នក​បាន​បំពាន​វិន័យ​នឹងត្រូវ​ទទួលទោស​ធ្ងន់ធ្ងរ ដូចជា វាយ​នឹង​រំពាត់ កាត់​ដៃ​ចោល គប់​ដុំថ្ម និង​ប្រហារជីវិត​នៅ​ទីសាធារណៈ។

ក៏ប៉ុន្តែ Yousuf និយាយថា ក្រសួង​ផ្សព្វផ្សាយ​សីលធម៌​និង​ទប់ស្កាត់​អំពើអាក្រក់ ក្នុង​សម័យកាល​ថ្មី​នេះ «នឹង​ខុសពី​លើក​មុន» ដោយសារតែ​សម័យ​ឆ្នាំ 1996-2001 ពុំមាន​អ្នកស្រាវជ្រាវ​សាសនា​អ៊ីស្លាម​ច្រើន​សម្រាប់​កំណត់​គោលការណ៍។ Yousuf អះអាងថា ក្រុម​អ្នកស្រាវជ្រាវ​នឹង​កំណត់​គោលការណ៍​ទាំងអស់ បន្ទាប់ពី តា​លី​បង់ បង្កើត​រដ្ឋាភិបាល​រួចរាល់។

Hafiz Habib អនុរដ្ឋមន្ត្រី​ក្រសួង​ធម្ម​យាត្រា​និង​កិច្ចការ​សាសនា កាលពី​ថ្ងៃទី 9 កញ្ញា បានឱ្យដឹងថា ទណ្ឌកម្ម​នៅក្នុង​សម័យ​កាន់អំណាច​ថ្មី​របស់ តា​លី​បង់ នឹងត្រូវ​បានសម្រេច​ដោ​យ​ក្រុម​មេធាវី​សាសនា​អ៊ីស្លាម។

បើទោះជា តា​លី​បង់ ប្រកាសថា ប្រទេស​អ៊ីស្លាម​អេ​មី​រ៉ា​តនៃ​អា​ហ្វ​ហ្កា​នី​ស្ថាន (Islamic Emirate of Afghanistan) នឹង​ប្រកបដោយ «ភាពទូលំទូលាយ និង​ចម្រុះ​វិស័យ» ប៉ុន្តែ ក្រុម​មេដឹកនាំ​បច្ចុប្បន្ន គ្រាន់តែ​ជា​ក្រុមមនុស្ស​ដែល​ដើរ​តាម​លទ្ធិ​ជ្រុលនិយម ពុំមាន​ស្ត្រី ឬ​តំណាង​នៃ​ក្រុម​ជនជាតិភាគតិច។ ក្រសួង​ស្ត្រី អា​ហ្វ​ហ្គា​នី​ស្ថាន ហាក់​ត្រូវបាន​គេ​រំលាយចោល​ទាំងស្រុង​ទៅហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *