Skip to content

អ៊ីស្រាអែល៖ រ៉ុក្កែត​ច្រើន​គ្រាប់ ផ្ទុះ​ដូច​គេ​បាញ់​កាំជ្រួច​អបអរ នៅលើ​ដែនអាកាស​របស់ អ៊ីស្រាអែល

រ៉ុក្កែត​ចំនួន​ពីរ​គ្រាប់​ដែល​បាញ់​ចេញពី​តំបន់ ហ្គា​ហ្សា សំដៅ​ទឹកដី អ៊ីស្រាអែល សុទ្ធតែ​ត្រូវបាន​ប្រព័ន្ធ​ខែល​ការពារ IRON DOME ស្ទាក់​ចាប់បាន និង​ផ្ទុះ​នៅលើ​ផ្ទៃ​អាកាស។

កងកម្លាំង​ការពារជាតិ អ៊ីស្រាអែល (IDF) បានឱ្យដឹងថា កងជីវពល ប៉ា​លេ​ស្ទី​ន កាលពី​យប់​ថ្ងៃទី 12 កញ្ញា បាន​បាញ់​រ៉ុក្កែត​ចំនួន 1 គ្រាប់ មកលើ​ទឹកដី អ៊ីស្រាអែល ដែល​នេះ​គឺជា​យប់​ទី​បី​បន្តបន្ទាប់​គ្នា​ហើយ​ដែល​កងជីវពល​ប៉ា​លេ​ស្ទី​ន បាន​បាញ់​រ៉ុក្កែត​ចូល​ប្រទេស​នេះ។ ប៉ុន្មាន​ម៉ោង​ក្រោយមក ក្នុង​គ្រា​ដែល​យន្តហោះ​ចម្បាំង​របស់ IDF វាយប្រហារ​សងសឹក​ទៅលើ​តំបន់ ហ្គា​ហ្សា គ្រាប់​រ៉ុក្កែត​ទី​ពីរ​របស់​កងជីវពល​ប៉ា​លេ​ស្ទី​ន ក៏បាន​សំដៅ​មកកាន់ អ៊ីស្រាអែល។

រ៉ុក្កែត​ទាំងពីរ​គ្រាប់​របស់​កងជីវពល ប៉ា​លេ​ស្ទី​ន សុទ្ធតែ​ត្រូវបាន​បាញ់​ស្ទាក់​កម្ទេច​ដោយ​ប្រព័ន្ធ​ខែល​ការពារ​ដែនអាកាស IRON DOME របស់ អ៊ីស្រាអែល។ រូប​ដែល​គេ​ថត​បាន បង្ហាញថា គ្រាប់​រ៉ុក្កែត​ដែល​ត្រូវបាន​បាញ់​ស្ទាក់ ផ្ទុះ​ដូច​ទៅនឹង​កាំ​ជ្រួល​ដែល​គេ​បាញ់​សម្រាប់​អបអរ នៅលើ​ដែនអាកាស អ៊ីស្រាអែល។

ក្នុងការ​វាយប្រហារ​ស​ង​សឹក ទ័ពអាកាស​របស់ អ៊ីស្រាអែល បាន​បាញ់​ចំ​គោលដៅ​ចំនួន 4 ដែលជា​មូលដ្ឋាន​ហ្វឹកហ្វឺន​ទាហាន​របស់​ក្រុម ហា​ម៉ាស នៅ​តំបន់ ហ្គា​ហ្សា រួម​នឹង​រោងចក្រ​ផលិត​អាវុធ​មួយកន្លែង និង​ច្រកចូល​ផ្លូវ​រូង​ក្រោម​ដី​មួយកន្លែង​ផងដែរ។

ស៊ី​រ៉ែ​ន​ប្រកាសអាសន្ន​អំពី​ការរង​ការវាយប្រហារ​ពី​រ៉ុក្កែត បាន​លាន់​កងរំពង​នៅក្នុង​ទីក្រុង Sderot និង​តំបន់​ប្រជុំជន​របស់ អ៊ីស្រាអែល ដែល​ស្ថិត​នៅក្បែរ​តំបន់ ហ្គា​ហ្សា បណ្ដាលឱ្យ​មនុស្ស​រាប់ពាន់នាក់​ត្រូវរ​ត់ទៅ​លាក់ខ្លួន។ បុគ្គលិក​សុខាភិបាល​របស់ អ៊ីស្រាអែល ឱ្យដឹងថា មនុស្ស 3 នាក់​បាន​រងរបួស​ស្រាល នៅពេល​ស្វែងរក​កន្លែង​ជ្រក។

អ្នកនាំពាក្យ​របស់​ក្រុមប្រឹក្សា​តំបន់ Shaar Hanegev ឱ្យដឹងថា តំបន់​នេះ​ពុំមាន​អ្នកស្លាប់ អ្នករងរបួស ឬ​ខូចខាត​ទ្រព្យសម្បត្តិ​អ្វីដែល​បង្កឡើង​ដោយ​គ្រាប់​រ៉ុក្កែត​នោះទេ។ មកដល់ពេលនេះ ក៏​ពុំទាន់​មាន​ក្រុម​ណាមួយ​នៃ​ចលនា​ប៉ា​លេ​ស្ទី​ន បានចេញ​មុខ​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ដោយ​រ៉ុក្កែត​ខាងលើនេះ​នៅឡើយ។

ភាព​តានតឹង​រវាង អ៊ីស្រាអែល និង​កងជីវពល ប៉ា​លេ​ស្ទី​ន បាន​ឡើងក​ម្ដៅ​ខ្លាំង បន្ទាប់ពី​អ្នកទោស​ជនជាតិ​ប៉ា​លេ​ស្ទី​ន 6 នាក់ ដែល​សុទ្ធសឹងតែ​ជា​សមាជិក​ក្រុម​ប្រដាប់អាវុធ​អ៊ីស្លាម​ជី​ហាត​ប៉ា​លេ​ស្ទី​ន (PIJ) បាន​ជីក​រូង​រត់​ចេញពី​ពន្ធនាគារ Gilboa។ អ៊ីស្រាអែល ក្រោយមក​ក៏​ចាប់បាន​អ្នកទោស 4 នាក់​ក្នុងចំណោម 6 នាក់​ដែល​បាន «ហែក​គុក» ខណៈ PIJ ព្រមាន​ថា នឹង​សងសឹក បើសិន អ៊ីស្រាអែល ធ្វើបាប​អ្នកទោស​ទាំងនោះ។

មូលហេតុ​ដែលនាំឱ្យ​ភាព​តឹ​ន​តឹង​រវាង​ភាគី​ទាំងពីរ​កើនឡើង​ខ្លាំង ក៏​បណ្ដាលមកពី​កិច្ចព្រមព្រៀង​ផ្ទេរ​សាច់ប្រាក់​សុទ្ធ​របស់​ប្រទេស​កាតា មកកាន់​តំបន់ ហ្គា​ហ្សា ឱ្យ​ក្រុម ហា​ម៉ាស បាន «ដួលរលំ»។ ហា​ម៉ាស គ្រោង​នឹង​ប្រើប្រាស់​សាច់ប្រាក់​នេះ​ដើម្បី​បើកប្រាក់​ខែ​ឱ្យ​មន្ត្រី​របស់ខ្លួន ប៉ុន្តែ អាជ្ញាធរ​របស់​នាយក​រដ្ឋមន្ត្រី អ៊ីស្រាអែល Naftali Bennett ឱ្យដឹងថា ពួកគេ​មិនមាន​បំណង​អនុញ្ញាតឱ្យ កាតា បញ្ជូន​ប្រាក់​ទៅឱ្យ ហា​ម៉ាស ដោយផ្ទាល់​នោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *