Skip to content

តា​លី​បង់ លើក​មូល​ហេតុដែល​ស្ត្រី​មិនអាច​ចូលរួម​ក្នុង​រដ្ឋាភិបាល​អន្តរកាល នៅ អា​ហ្វ​ហ្គា​នី​ស្ថាន

អ្នកនាំពាក្យ​របស់ តា​លី​បង់ យល់ថា ស្ត្រី​មិនមាន​សមត្ថភាព​ធ្វើ​កិច្ចការ​របស់​រដ្ឋាភិបាល ក្នុងពេល​លោក​បកស្រាយ​អំពី​អាជ្ញាធរ​ថ្មី​ដែលមាន​សុទ្ធតែ​បុរស។

«ស្ត្រី​ម្នាក់​មិនអាច​ធ្វើជា​រដ្ឋមន្ត្រី​នោះឡើយ ព្រោះថា វា​ដូចជា​អ្នក​ដាក់​ការទទួលខុសត្រូវ​ដ៏​ធ្ងន់ធ្ងរ​ដែល​មិនអាច​រែកពុន​រួច ទៅលើ​ស្មា​របស់​នាង» អ្នកនាំពាក្យ​របស់ តា​លី​បង់ Sayed Zekrullah Hashimi ឆ្លើយតប​នឹង​សំនួរ​របស់​សារព័ត៌មាន Tolo News កាលពី​ថ្ងៃទី 9 កញ្ញា ដែល​និយាយ​អំពី​មូល​ហេតុដែល​ស្ត្រី​មិនបាន​ចូលរួម​រដ្ឋាភិបាល​អន្ត​រកា​ល។

ស្ត្រី​ អាហ្វហ្គានីស្ថាន ចូល​រួម​ព្រឹត្តិការណ៍​ដ៏ធំ​មួយ​នៅ​ឯ​សាល​ Loya Jirga ក្នុង​រដ្ឋធានី​កាប៊ុល​ កាល​ពី​ឆ្នាំ​ 2020

«មិនចាំបាច់​មាន​ស្ត្រី​នៅក្នុង​គណៈរដ្ឋមន្ត្រី​នោះទេ ពួកគេ​គួរ​នៅផ្ទះ​បង្កើតកូន ហើយ​ក្រុម​ស្ត្រី​ដែល​ចេញ​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថ្មី មិន​តំណាងឱ្យ​ស្ត្រី​ទាំងអស់​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ឡើយ» អ្នកនាំពាក្យ​ខាងលើ​អះអាង​ដូច្នេះ ដែល​ទំនងជា តា​លី​បង់ មិន​ចាត់ទុក​ស្ត្រី​ជា​ផ្នែក​មួយ​នៃ​សង្គម។

«ស្ត្រី 4 នាក់​ដែល​ធ្វើបាតុកម្ម​នៅលើ​ដងផ្លូវ មិន​តំណាងឱ្យ​ស្ត្រី​ទាំងអស់។ ស្ត្រី អា​ហ្វ​ហ្គា​នី​ស្ថាន គឺជា​អ្នកបង្កើត​កូនចៅ​ជនជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​អប់រំ​ពួកគេ​អំពី​គោលការណ៍​របស់​សាសនា​អ៊ី​ស្ថា​ម» លោក Hashimi បញ្ជាក់។

ស្ត្រី អាហ្វហ្គានីស្ថាន ក្រោមរបប ដែល​គាំទ្រ​ដោយ​ អាមេរិក (រូបថត​កាល​ពី​ដើម​ឆ្នាំ​ 2021)

តា​លី​បង់ កាលពី​ថ្ងៃទី 7 កញ្ញា បានប្រកាស​សមាសភាព​នៃ​រដ្ឋាភិបាល​ថ្មី ដែលមាន​លោក Mullah Mohammad Hasan Akhund ជា​នាយករដ្ឋមន្ត្រី។ តំណែង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​មហាផ្ទៃ​របស់​រដ្ឋាភិបាល​បណ្ដោះអាសន្ន​នេះ ក៏​សុទ្ធតែជា​ក្រុម​មេដឹកនាំ​យូរ​ឆ្នាំ​របស់ តា​លី​បង់។

ខុសពី​រដ្ឋាភិបាល​ចាស់​ដែល​គាំទ្រ​ដោយ សហរដ្ឋអាមេរិក រដ្ឋាភិបាល​អន្តរកាល​របស់ តា​លី​បង់ មិនទាន់មាន​មន្ត្រី​ជា​ស្ត្រីភេទ​នៅឡើយ ធ្វើឱ្យ​ស្ត្រី អា​ហ្វ​ហ្គា​នី​ស្ថាន មួយក្រុម បាននាំគ្នា​ចេញ​ធ្វើបាតុកម្ម​កាលពី​ដើមខែ ដោយសារតែ​ការព្រួយបារម្ភ​ថា ស្ត្រី​នឹងមិន​មាន​សំឡេង​នៅក្នុង​រដ្ឋាភិបាល​ថ្មី។

ស្ត្រី អាហ្វហ្គានីស្ថាន ក្រោមរបប តាលីបង់ (រូបថតកាលពីដើមខែកញ្ញា ឆ្នាំ 2021)

ក្រោយពី​ដណ្ដើមបាន​អំណាច​គ្រប់គ្រង​ប្រទេស តា​លី​បង់ បាន​សន្យាថា កសាង​រដ្ឋាភិបាល​មួយ​ដែល​ប្រកបដោយ​សន្តិភាព​និយម​ជាង​រដ្ឋាភិបាល​កាលពី 20 ឆ្នាំមុន ពិសេស​គឺ​ធានា​សិទ្ធិ​របស់​ស្ត្រី​នៅក្នុង​ក្របខណ្ឌ​នៃ​ច្បាប់​សាសនា​អ៊ីស្លាម។ ប៉ុន្តែ មនុស្ស​ជាច្រើន​មិនបាន​ទុកចិត្ត​លើ​ការសន្យា​របស់ តា​លី​បង់ និង​មានបំណង​ចាក​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន ឱ្យបាន​កាន់តែ​ឆាប់ កាន់តែ​ល្អ ព្រោះ​ខ្លាច តា​លី​បង់ អនុវត្ត​ច្បាប់​សាសនា​ដ៏​មហា​រឹង​រ៉ឹង៕

Leave a Reply

Your email address will not be published. Required fields are marked *