អាជ្ញាធរ តាលីបង់ បានកាត់ទោសប្រហារជីវិតចំពោះ Rohullah Saleh ដែលជាបងប្រុសរបស់ Amrullah Saleh អតីតអនុប្រធានាធិបតី អាហ្វហ្គានីស្ថាន និងជាមេដឹកនាំម្នាក់របស់កងកម្លាំងតស៊ូនៅជ្រលងភ្នំ Panjshir ជាទីតាំងសំខាន់ចុងក្រោយរបស់ក្រុមប្រឆាំងនឹង តាលីបង់ ដែលនៅសេសសល់។
«ពួកគេបានប្រហារជីវិតអ៊ំប្រុសរបស់ខ្ញុំ» Ebadullah Saleh ក្មួយប្រុសរបស់ Rohullah Saleh បានឱ្យដឹងកាលពីថ្ងៃទី 10 កញ្ញា។ «ពួកគេបានសម្លាប់គាត់កាលពីម្សិលមិញ និងមិនឱ្យពួកយើងបញ្ចុះសពគាត់ទេ។ ពួកគេនិយាយជាបន្តបន្ទាប់ថា គួរតែទុកសាកសពឱ្យស្អុយរលួយ»។
ព័ត៌មានដែលថា Rohullah Saleh ត្រូវ តាលីបង់ ប្រហារជីវិត ត្រូវបានលើកឡើងបន្ទាប់ពី តាលីបង់ ដណ្ដើមបានអំណាចក្នុងការគ្រប់គ្រងខេត្ត Panjshir ដែលជាទីតាំងចុងក្រោយរបស់កងកម្លាំងតស៊ូប្រឆាំង តាលីបង់ នៅ អាហ្វហ្គានីស្ថាន។ គណនីបណ្ដាញសង្គមជាភាសាអ៊ូឌូ (Urdu) របស់សេវាកម្មសារព័ត៌មាននៃក្រុម តាលីបង់ Alemarah ឱ្យដឹងថា «យោងតាមដំណឹងដែលទទួលបាន Rohullah Saleh ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នានៅ Pahjshir។
អតីតអនុប្រធានាធិបតី Amrullah Saleh ធ្លាប់ជាមេដឹកនាំស្ថាប័នសន្តិសុខជាតិ ស្ថាប័នស៊ើបការណ៍សម្ងាត់របស់រដ្ឋាភិបាលចាស់។ បច្ចុប្បន្ន មិនដឹងច្បាស់ថា លោក Amrullah Saleh ស្ថិតនៅទីណានោះទេ។ ប្រភពព័ត៌មានមួយនៅ កាប៊ុល កាលពីដើមខែនេះឱ្យដឹងថា លោក Amrullah Saleh បានចាកចេញពីជ្រលងភ្នំ Panjshir ទៅកាន់ប្រទេសតាហ្ស៊ីគីស្ថាន ប៉ុន្តែ លោកបានបដិសេធព័ត៌មាននេះ។
រណសិរ្សតស៊ូជាតិ អាហ្វហ្គានីស្ថាន (NRF) ដែលរួមមាន កងជីវពលប្រឆាំង តាលីបង់ និងអតីតទាហាននៃកងទ័ពរដ្ឋាភិបាលចាស់ដែលស្មោះត្រង់នឹងមេដឹកនាំ Ahmad Massaoud បានប្ដេជ្ញាចិត្តបន្តប្រយុទ្ធប្រឆាំងនឹង តាលីបង់ សូម្បីតែក្រោយពីទីក្រុង Bazarak របស់ Panjshir ធ្លាក់ទៅក្នុងដៃក្រុម តាលីបង់។
ជ្រលងភ្នំ Panjshir ដែលមានកំពូលភ្នំជាច្រើនព័ទ្ធជុំវិញ មានឈ្មោះល្បីថាជាជញ្ជាំងការពារដ៏រឹងមាំសម្រាប់ប្រឆាំងនឹង តាលីបង់ នៅក្នុងបណ្ដាឆ្នាំចុងក្រោយនៃទសវត្សរ៍ឆ្នាំ 1990។ NRF បង្កើតមូលដ្ឋានទ័ពនៅជ្រលងភ្នំនេះ បន្ទាប់ពី តាលីបង់ ដណ្ដើមបានអំណាចនៅ កាប៊ុល បានប៉ុន្មានថ្ងៃ ដោយជឿថា ពួកគេអាចកាន់កាប់ជ្រលំភ្នំនេះបានល្អ៕