រូបភាពដែលថតបានដោយលោក Richard Drew មកពីទីភ្នាក់ងារសារព័ត៌មាន អាមេរិក AP (Associated Press) ដែលបង្ហាញអំពីបុរសម្នាក់ធ្លាក់ពីអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក (World Trade Center) នៅទីក្រុងនីវយ៉ក បានក្លាយជារូបភាពរន្ធត់បំផុតនៅក្នុងអំពើភេរវកម្មនៅ សហរដ្ឋអាមេរិក កាលពីថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2001។
បុរសដែលធ្លាក់…
ខ្ញុំធ្វើដំណើរតាមរថភ្លើងក្រោមដី ពីតំបន់ Times Square ទៅកាន់ផ្លូវ Chamber ហើយក៏បានឈប់នៅមុខអគារពាណិជ្ជកម្មពិភពលោក។ អ្វីដែលខ្ញុំបានឃើញមុនដំបូងបង្អស់គឺផ្សែង និងអណ្ដាតភ្លើងបាញ់ចេញពីអគារចំនួនពីរ។
ខ្ញុំក៏ចាប់ផ្ដើមថតរូប។ ពេលខ្ញុំកំពុងថតអគារដែលកំពុងឆេះ ស្រាប់តែបុគ្គលិកសុខាភិបាលម្នាក់ស្រែកឡើង «ព្រះអឺយ មើលនោះ»។ ខ្ញុំក៏លើកម៉ាស៊ីនថតរូបឡើង ថតមនុស្សដែលកំពុងធ្លាក់។ រូបដែលខ្ញុំថតបាន ក្រោយមកក៏ត្រូវបានដាក់ឈ្មោះថា «បុរសដែលធ្លាក់»។
រូបភាពដ៏ស្ងប់ស្ងាត់ និងមិនដូចទៅនឹងរូបភាពដ៏សាហាវនៃសោកនាដកម្មដទៃ។ ពុំមានឈាម ពុំមានអ្នកណាម្នាក់ត្រូវបានគេបាញ់ប្រហារ។ ប៉ុន្តែ ពេលមើលទៅលើរូបថតនេះ អ្នកណាក៏ស្រមៃឃើញថា ខ្លួនហាក់កំពុងស្ថិតនៅទីនោះ។ ពួកគេអាចធ្លាក់ទៅក្នុងស្ថានភាពនេះ នៅពេលត្រូវធ្វើការសម្រេចចិត្តដូចទៅនឹងបុរសនៅក្នុងរូបថត។
ថ្ងៃនោះ ប្រទេសរបស់យើងត្រូវបានវាយប្រហារដោយក្រុមភេរវករ ហើយយើងត្រូវជួបនឹងរូបភាពនៃពលរដ្ឋរបស់យើងបាត់បង់ជីវិត។ រូបថត (បុរសដែលធ្លាក់) នេះ បង្ហាញអំពីបុរសម្នាក់នៅក្នុងចំណោមនោះ។
រហូតមកដល់បច្ចុប្បន្ន គេនៅតែមិនទាន់ដឹងអំពីអត្តសញ្ញាណរបស់បុរសដែលធ្លាក់នោះ។ បុរសនោះអាចជាបុគ្គលិកភោជនីយដ្ឋាន Windows on the World នៅលើអគារខាងជើងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក៕