ប្រទេសថៃ មានផែនការបើកទ្វាររាជធានីបាងកក និងតំបន់មួយចំនួន ដើម្បីទទួលភ្ញៀវបរទេសចាប់ពីខែតុលា ក្នុងគ្រាដែលតួលេខអ្នកឆ្លង COVID-19 ថ្មី ប្រហែលជាបានឡើងដល់ចំនុចកំពូលរួចហើយ។
អ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃ ថានកន វ៉ាងប៊ុនគង់ចាន់ (Thankorn Wangboonkongchan) កាលពីថ្ងៃទី 9 កញ្ញា បានឱ្យដឹងថា រាជធានីបាងកក រួមនឹង ហួហ៊ីន ប៉ាតៃយ៉ា និង ឈៀងម៉ៃ នឹងស្ថិតក្នុងកម្មវិធីបើកទ្វារទទួលទេសចរបរទេសទាំងឡាយណាដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 រួចរាល់ និងសន្យាថា នឹងធ្វើតេស្តឱ្យបានត្រឹមត្រូវចំពោះអ្នកទេសចរ។
ក៏ប៉ុន្តែ ប្រធានអាជ្ញាធរទេសចរណ៍ថៃ លោក យុត្ថាសាក់ ស៊ុប៉ាសន (Yuthasak Supasorn) សង្កត់ធ្ងន់ថា ទីក្រុងបាងកក នឹងបើកទ្វារតែមួយផ្នែកប៉ុណ្ណោះ ដោយចាប់ផ្ដើមពីតំបន់ទេសចរណ៍សំខាន់។ លោកថ្លែងថា អាជ្ញាធរបានដាក់គោលដៅទទួលអ្នកទេសចរណ៍ឱ្យបាន 1 លាននាក់នៅក្នុងឆ្នាំនេះ។ តួលេខនេះកាលពីឆ្នាំ 2019 គឺជិត 40 លាននាក់។
ប្រទេសថៃ កាលពីថ្ងៃទី 9 កញ្ញា បានរកឃើញអ្នកឆ្លង COVID-19 ថ្មី ចំនួន 16,031 នាក់ និង 220 នាក់បានស្លាប់ ធ្វើឱ្យតួលេខអ្នកឆ្លងសរុបឡើងដល់ 1,338,550 នាក់ និងអ្នកស្លាប់សរុបកើនដល់ 13,731 នាក់។
បច្ចុប្បន្ន ប្រទេសថៃ ចាក់វ៉ាក់សាំង COVID-19 ជូនពលរដ្ឋទូទាំងប្រទេសបាន 15% ខណៈនៅទីក្រុងបាងកក តួលេខនេះគឺ 34%៕