អាហ្វហ្គានីស្ថាន៖ តាលីបង់ ប្រើប្រាស់រំពាត់ ដំបង វាយទៅលើក្រុមស្ត្រីដែលធ្វើបាតុកម្មនៅរដ្ឋធានីកាប៊ុល ដើម្បីជំទាស់ទៅនឹងរដ្ឋាភិបាលបណ្ដោះអាសន្នដែលមានសុទ្ធតែបុរស។
ហេតុការណ៍បានកើតឡើងនៅពេលក្រុមស្ត្រី អាហ្វហ្គានីស្ថាន នាំគ្នាចេញធ្វើបាតុកម្មនៅរដ្ឋធានីកាប៊ុល កាលពីថ្ងៃទី 8 កញ្ញា និងបាននាំគ្នាស្រែកថា «ស្ត្រី អាហ្វហ្គានីស្ថានម៉ឺនឆ្នាំ»។ បាតុករខ្លះកាន់បដាដែលសរសេរថា «ពុំមានរដ្ឋាភិបាលណាដែលបដិសេធវត្តមានរបស់ស្ត្រី»។
បាតុករមួយចំនួនក៏បានលើករូបថតស្ត្រីជានគរបាលមួយរូបកំពុងមានផ្ទៃពោះ ដែលត្រូវបានគេសម្លាប់នៅក្នុងខេត្ត Ghor កាលពីប៉ុន្មានថ្ងៃមុនផងដែរ។
«យើងធ្វើបាតុកម្មដើម្បីប្រឆាំងនឹងប្រកាសកាលពីពេលថ្មីៗនេះអំពីអាជ្ញាធរដែលមិនមានវត្តមានរបស់ស្ត្រី» បាតុករម្នាក់និយាយដូច្នេះ។ នាងនិយាយថា បាតុករមួយចំនួន ត្រូវបានគេវាយនឹងរំពាត់។ «ពួកគេប្រាប់ឱ្យយើងត្រលប់ទៅផ្ទះ និងទទួលស្គាល់រដ្ឋាភិបាលនេះ។ ហេតុអ្វីយើងត្រូវទទួលស្គាល់ នៅពេលដែលវាមិនផ្ដល់សិទ្ធិ និងពុំមានវត្តមានរបស់យើងជាស្ត្រី»។
សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា អាជ្ញាធរ តាលីបង់ ក៏បានវាយតប់អ្នកកាសែតមួយចំនួនដែលរាយការណ៍អំពីបាតុកម្មនេះ។ មនុស្សម្នាក់និយាយថា នារីវ័យ 16 ឆ្នាំម្នាក់ កំពុងធ្វើដំណើរទៅសាលារៀន «ត្រូវបានចាប់ចូលផ្ទះ និងវាយដំយ៉ាងធ្ងន់ធ្ងរ»។
បាតុករម្នាក់និយាយថា តាលីបង់ បានបង្ហាញថា «ពួកគេមិនអាចផ្លាស់ប្ដូរ» សារជាតិដើមរបស់ពួកគេ។
នេះគឺជាបាតុកម្មថ្មីបំផុតរបស់សកម្មជនស្ត្រី ដើម្បីប្រឆាំងជាសាធារណៈចំពោះអាជ្ញាធរ តាលីបង់។ មុននោះមួយថ្ងៃ ស្ត្រី អាហ្វហ្គានីស្ថាន ក៏បានចេញធ្វើបាតុកម្មដ៏ធំបំផុតនៅ កាប៊ុល រាប់ចាប់ពីពេល តាលីបង់ បានសម្រុកចូលកាន់កាប់ទីក្រុងកាលពីខែមុន។
តាលីបង់ ពុំទាន់បានបញ្ចេញមតិអ្វីអំពីបាតុកម្មកាលពីថ្ងៃទី 8 កញ្ញា។ កងកម្លាំងនេះ កាលពីថ្ងៃទី 8 កញ្ញា បានប្រកាសរដ្ឋាភិបាលបណ្ដោះអាសន្នដែលមានសមាជិកសុទ្ធតែជាបុរស ក្នុងនោះភាគច្រើនគឺជាមេដឹកនាំដែលធ្លាប់អនុវត្តច្បាប់សាសនាអ៊ីស្លាមដ៏មហាតឹងរ៉ឹងនៅ អាហ្វហ្គានីស្ថាន ក្នុងអំឡុងទសវត្សរ៍ 1990៕