វាំងននពណ៌ស្រអាប់ខណ្ឌចែកក្នុងបន្ទប់រៀននៅក្នុងសាកលវិទ្យាល័យមួយនៅរដ្ឋធានីកាប៊ុល ដោយម្ខាងជាក្រុមនិស្សិតប្រុស ចំណែកម្ខាងទៀតគឺជាក្រុមនិស្សិតស្រីដែលជួតកន្សែងពណ៌ខ្មៅលើក្បាល។
យោងតាមការស្នើរបស់ តាលីបង់ និស្សិតប្រុស និងនិស្សិតស្រី ត្រូវចេញ-ចូលសាលាដោយប្រើប្រាស់ផ្លូវដោយឡែកពីគ្នា ហើយថ្នាក់រៀនដែលមានសិស្សចម្រុះភេទ នឹងត្រូវបានអនុញ្ញាត បើសិនជាសិស្សស្រីមានចំនួនក្រោម 15 នាក់ ប៉ុន្តែ ត្រូវតែមានវាំងននខណ្ឌចែករវាងក្រុមសិស្សប្រុស និងសិស្សស្រី។ ស្ថាប័នអប់រំនានា ត្រូវតែមានទីតាំងថ្វាយបង្គំព្រះដោយឡែកសម្រាប់និស្សិតស្រី។
ក្រៅពីនេះ សំណើរបស់ តាលីបង់ ក៏ស្នើឱ្យនិស្សិតស្រី អ្នកគ្រូ និងបុគ្គលិកអប់រំភេទស្រីទាំងអស់ គោរពតាមការកំណត់ ដោយជួតកន្សែង ហ៊ីចាប (hijab) ទៅតាមច្បាប់សាសនាអ៊ីស្លាម Sharia។ កន្សែង ហ៊ីចាប បិទបាំងសក់ ប៉ុន្តែមិនបិទបាំងមុខដូចស្បៃ នីកាប (niqab) នោះទេ។
សំណើរបស់ តាលីបង់ មានឃ្លាសរសេរថា៖ «សាកលវិទ្យាល័យនានា ក្នុងអនាគតគួរតែព្យាយាមជ្រើសរើសសាស្ត្រាចារ្យភេទស្រី ដើម្បីបង្រៀននិស្សិតស្រី។ នាបច្ចុប្បន្ន ត្រូវការអនុញ្ញាតឱ្យសាស្ត្រាចារ្យដែលមានវ័យចំណាស់ និងគួរឱ្យទុកចិត្ត ដើម្បីបង្រៀននិស្សិតស្រី»។
Waheed Roshan នាយករងនៃសាកលវិទ្យាល័យ Bakhtar នៅរដ្ឋធានីកាប៊ុល ឱ្យដឹងថា សាលានេះនឹងគោរពតាមការស្នើរបស់អាជ្ញាធរ តាលីបង់។ Roshan និយាយថា កិច្ចការដែលត្រូវធ្វើនឹងជារឿងលំបាកសម្រាប់សាកលវិទ្យាល័យជាច្រើននៅ អាហ្វហ្គានីស្ថាន។ និស្សិតប្រមាណ 20% នៅសាកលវិទ្យាល័យ Bakhtar គឺជាស្ត្រី ហើយសាលាអាចបង្រៀននិស្សិតប្រុស និងស្រីទៅតាមវេនដោយឡែកបាន ប៉ុន្តែ សាលាជាច្រើនដទៃ អាចជួបការលំបាកខ្លាំង និងត្រូវប្រើប្រាស់វិធីខណ្ឌចែកដោយវាំងនន។
និស្សិតស្រីនៅ កាប៊ុល មានប្រតិកម្មផ្សេងគ្នាជុំវិញការផ្លាស់ប្ដូរនៅក្នុងសាលាដែលពួកគេរៀន។ Sahar និស្សិតផ្នែកវិទ្យាសាស្ត្រនយោបាយ វ័យ 21 ឆ្នាំ និយាយថា រីករាយនៅពេល តាលីបង់ មិនហាមស្ត្រីចូលរៀននៅមហាវិទ្យាល័យ ប៉ុន្តែ យល់ថា ការកំណត់ថ្មីនេះគឺជារឿងជ្រុលនិយម។
«មាននិស្សិតស្រីជាច្រើននៅ កាប៊ុល ធំឡើងនៅក្នុងសង្គមសេរីភាព ពួកគេមានឱកាសជ្រើសរើសសម្លៀកបំពាក់ដែលពួកគេចង់បាន និងអាចជ្រើសរើសមហាវិទ្យាល័យដែលពួកគេចូលចិត្ត ឬសម្រេចចិត្តថា តើគួរ ឬមិនគួរអង្គុយជិតមិត្តរួមថ្នាក់ដែលជាបុរស។ ប៉ុន្តែ ពេលនេះ ពួកគេពិបាកសម្របខ្លួនទៅតាមការកំណត់ដ៏តឹងរ៉ឹងថ្មីនេះ» Sahar បន្ថែមដូច្នេះ។
Ziba ដែលជានិស្សិតម្នាក់ វ័យប្រហែល 20 ឆ្នាំ នៅក្រុងកាប៊ុល និយាយថា ខ្លួនកំពុងមានបំណងបោះបង់ការសិក្សា ព្រោះព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាព និងខ្លាច តាលីបង់ ដាក់លក្ខខណ្ឌតឹងតែងជាងនេះនាពេលអនាគត។ Ziba ថ្លែងថា ល្អបំផុតគឺនៅផ្ទះ។
ចំណែក Mina Qasem អាយុ 19 ឆ្នាំ បានឱ្យដឹងថា នាងសប្បាយចិត្ត នៅពេលបានចាប់ផ្ដើមចូលរៀនមហាវិទ្យាល័យ។ «ខ្ញុំនឹងប្រើប្រាស់កន្សែងគ្រប់ប្រភេទដែលពួកគេ (តាលីបង់) ស្នើ ឱ្យតែពួកគេអនុញ្ញាតឱ្យនិស្សិតស្រីចូលរៀនមហាវិទ្យាល័យ។ ប្អូនស្រីរបស់ខ្ញុំនឹងបញ្ចប់ថ្នាក់មធ្យមសិក្សានៅឆ្នាំនេះ ហើយនឹងចុះឈ្មោះចូលរៀនមហាវិទ្យាល័យឯកជននៅចុងឆ្នាំនេះដែរ»។ Mina បន្តថា៖ «បើសិនជាស្ត្រីចង់មានសំឡេងនៅក្នុងអនាគត ពួកគេត្រូវតែទទួលបានការអប់រំនៅក្នុងស្ថានភាពណាក៏ដោយ៕