ចាប់តាំងពីរដ្ឋធានីកាប៊ុល និង អាហ្វហ្គានីស្ថាន ទាំងមូល បានធ្លាក់ទៅក្នុងដៃរបស់ក្រុម តាលីបង់ ដែលជាកងកម្លាំងដែលធ្លាប់ល្បីឈ្មោះខាងការអនុវត្តច្បាប់សាសនាអ៊ីស្លាម សារីអះ ដ៏មហាតឹងរ៉ឹង ក្នុងអំឡុងកាន់អំណាចពីឆ្នាំ 1996 ដល់ 2001 ពិភពលោក ពិសេសគឺស្ត្រីនៅ អាហ្វហ្គានីស្ថាន មានការភ័យបារម្ភជាពន់ពេក។
ច្បាប់ សារីអះ គឺជាប្រព័ន្ធវិន័យរបស់សាសនាអ៊ីស្លាម។ ច្បាប់នេះមានប្រភពពីគម្ពីរ Koran និង Fatwa។ សារីអះ (Sharia) មានន័យត្រង់ថា «ផ្លូវលំច្បាស់លាស់ នាំទៅកាន់ភាពស្អាតស្អំ»។
ច្បាប់ សារីអះ ដើរតូនាទីដូចទៅនឹងគោលការណ៍រស់នៅប្រចាំថ្ងៃដែលអ៊ីស្លាមសាសនិកត្រូវតែគោរពតាម រួមមានទាំងការថ្វាយបង្គំព្រះ តមអាហារ និងបរិច្ចាគទានដល់អ្នកក្រីក្រ។ វិន័យនេះត្រូវបានបង្កើតឡើងដើម្បីជួយឱ្យអ្នកកាន់សាសនាអ៊ីស្លាម យល់អំពីវិធីដែលពួកគេគួរដឹកនាំជីវភាពទៅតាមបំណងរបស់ព្រះអាល់ឡោះ។
សារីអះ មានអត្ថន័យយ៉ាងណានៅក្នុងភាពជាក់ស្ដែង?
សារីអះ អាចបញ្ជូនសារពីព្រះនៅក្នុងគ្រប់កាលៈទេសៈនៃជីវភាពប្រចាំថ្ងៃ ទៅឱ្យអ៊ីស្លាមសាសនិក។ ឧទាហរណ៍៖ អ្នកកាន់សាសនាអ៊ីស្លាមម្នាក់ មិនដឹងត្រូវធ្វើយ៉ាងណា នៅពេលត្រូវបានមិត្តរួមការងារអញ្ជើញទៅហាងស្រាក្រោយម៉ោងធ្វើការ អ្នកនោះអាចទៅរកអាចារ្យផ្នែកវិន័យ សារីអះ ដើម្បីសុំយោបល់ ក្នុងបំណងធានាថា សកម្មភាពដែលខ្លួននឹងធ្វើ នឹងនៅតែស្ថិតក្នុងក្របខណ្ឌនៃច្បាប់សាសនារបស់ពួកគេ។
អ៊ីស្លាមសាសនិក អាចសុំយោបល់ពីអាចារ្យវិន័យ សារីអះ ដើម្បីណែនាំអំពីវិស័យនានា រួមទាំងការរស់នៅក្នុងគ្រួសារ ហិរញ្ញវត្ថុ និងជំនួញផងដែរ។
ទណ្ឌកម្មរបស់ច្បាប់ សារីអះ មានអ្វីខ្លះ?
ច្បាប់ សារីអះ បែងចែកទោសទណ្ឌជាពីរប្រភេទ។ ទីមួយគឺ ទោស «hadd» ជាទោសធ្ងន់ធ្ងរដែលនឹងត្រូវទទួលទណ្ឌកម្មដែលបានកំណត់ជាស្រេច។ ទីពីរគឺទោស «tazir» ជាទោសដែលនឹងត្រូវទទួលទណ្ឌកម្មទៅតាមការសម្រេចរបស់ចៅក្រម។
សកម្មភាពដែលត្រូវបានកំណត់ថាជាប់ទោសប្រភេទទីមួយ (hadd) រួមមាន ការឆក់ប្លន់ (អាចត្រូវទទួលទណ្ឌកម្មដោយការកាត់ដៃចោល) និងទោសសហាយស្មន់ ដែលអាចត្រូវទទួលទណ្ឌកម្មដោយការគប់នឹងដុំថ្មរហូតដល់ស្លាម (ប្រហារជីវិត)។
យ៉ាងនេះក្ដី តាមជាក់ស្ដែង ច្បាប់នេះពុំត្រូវបានប្រទេសទាំងអស់ដែលកាន់សាសនាអ៊ីស្លាម អនុវត្តតាមទាំងស្រុងនោះទេ។ ក៏ប៉ុន្តែ មានក្រុមប្រដាប់អាវុធមួយចំនួន បានប្រើប្រាស់ច្បាប់នេះ និងអនុវត្តយ៉ាងតឹងរ៉ឹងទៀតផង ពិសេសគឺ តាលីបង់។
ហេតុអ្វីបានជាវិន័យ សារីអះ ក្លាយជាច្បាប់ដ៏គួរឱ្យខ្លាច នៅពេលត្រូវបានអនុវត្តដោយ ក្រុមតាលីបង់?
ក្នុងអំឡុងឆ្នាំ 1996 ដល់ឆ្នាំ 2001 តាលីបង់ បានអនុវត្តច្បាប់ សារីអះ។ ពួកគេបានហាមប្រជាជនមិនឱ្យទទួលទានសាច់ជ្រូក និងផឹកស្រា។ តន្ត្រី ទូរទស្សន៍ ភាពយន្ត និងអ៊ីនធើណិត ក៏ដូចជាទម្រង់នានានៃសិល្បៈ ដូចជាគំនូរ ឬការថតរូបជាដើម ក៏ត្រូវបានហាមឃាត់។
ស្ត្រីត្រូវបានហាមមិនឱ្យចេញទៅធ្វើការ ចំណែកក្មេងស្រីក៏ត្រូវហាមមិនឱ្យទៅសាលារៀន។ ស្ត្រីត្រូវគេតម្រូវឱ្យទៅទស្សនាពិធី purdah (ពិធីបង្ហាញអំពីទំនៀមទម្លាប់របស់ស្ត្រី នៅក្នុងសហគមន៍អ្នកកាន់សាសនាអ៊ីស្លាម មួយចំនួន) ហើយរាល់ពេលចេញទៅខាងក្រៅគឺត្រូវតែមានបុរសជាញាតិទៅជាមួយ។ អ្នកដែលរំលោភលើវិន័យនេះនឹងត្រូវទទួលទណ្ឌកម្ម។
ចំណែកឯបុរសវិញ ក៏ត្រូវហាមមិនឱ្យកោរពុកមាត់ ពុកចង្កា ដោយត្រូវទុកវាឱ្យវែង និងត្រូវស្លៀកពាក់ឈុត turban ពេលចេញទៅក្រៅ។ សកម្មភាពថ្វាយបង្គំព្រះគឺជាតួនាទីដែលត្រូវតែធ្វើ ហើយអ្នកដែលមិនគោរពតាមតួនាទីនេះនឹងត្រូវបានចាប់ខ្លួន។
ចំពោះទោសដូចជា ការលួចប្លន់វិញ ការដាក់ទណ្ឌកម្មដោយការកាត់ដៃចោល នៅតែត្រូវបាន តាលីបង់ អនុវត្ត។ ចំណែកស្ត្រីដែលត្រូវបានកាត់ទោសពីបទសហាយស្មន់ ទណ្ឌកម្មដែលត្រូវទទួលនោះគឺការប្រហារជីវិតដោយគប់នឹងដុំថ្ម ឬព្យួរក។ ទាំងនេះគឺជាការកំណត់នៅក្នុងច្បាប់អ៊ីស្លាម សារីអះ ហើយមានតែ តាលីបង់ និងក្រុមប្រដាប់អាវុធជ្រុលនិយមមួយចំនួនតូចប៉ុណ្ណោះដែលបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន។ មុននេះ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយ តាលីបង់ ច្បាប់នេះនៅតែត្រូវបានអនុវត្ត។
ដោយសារតែ តាលីបង់ ធ្លាប់បានអនុវត្តច្បាប់ សារីអះ ដ៏មហាតឹងតែងនេះហើយ ទើបនៅពេលកងកម្លាំងនេះត្រលប់មកកាន់កាប់អំណាចនៅ អាហ្វហ្គានីស្ថាន វិញ មនុស្សជាច្រើនបានសម្ដែងការព្រួយបារម្ភខ្លាំង ពិសេសគឺសិទ្ធិជាមូលដ្ឋានរបស់ស្ត្រី និងកុមារី៕