ហ្គីណេ (Guinea) ដែលជាប្រទេសមួយនៅទ្វីបអាហ្វ្រិកខាងលិច កំពុងប្រឈមនឹងវិបត្តិនយោបាយដ៏ធំ នៅពេលកងទ័ពប្រកាសធ្វើរដ្ឋប្រហារយោធា ចាប់ខ្លួនប្រធានាធិបតី និងរំសាយរដ្ឋាភិបាល។
«ក្រោយពីចាប់ខ្លួនប្រធានាធិបតី យើងសម្រេចរំសាយរដ្ឋាភិបាល» Mamadi Doumbouya មេបញ្ជាការកងកម្លាំងពិសេសក្នុងជួរកងទ័ពរបស់ ហ្គីណេ បានប្រកាសតាមកញ្ចក់ទូរទស្សន៍ជាតិ កាលពីម្សិលមិញដូច្នេះ។ Doumbouya ក៏បានប្រកាសថា ព្រំដែនគោក និងអាកាសរបស់ប្រទេសនេះ ក៏ត្រូវបានបិទផងដែរ។
បន្ទាប់ពីចូលកាន់កាប់ស្ថានីយទូរទស្សន៍ជាតិ កងកម្លាំងរបស់ Doumbouya បានសន្យាថា នឹងស្ការប្រជាធិបតេយ្យឡើងវិញ និងបានហៅខ្លួនឯងថាជា គណៈកម្មការបង្រួបបង្រួម និងអភិវឌ្ឍជាតិ។
យ៉ាងនេះក្ដី វរសេនីយឯក Doumbouya មិនបានឱ្យដឹងថា ប្រធានាធិបតី កំពុងស្ថិតនៅទីណានោះទេ បន្ទាប់ពីត្រូវបានចាប់ខ្លួន។
មូលហេតុនៃរដ្ឋប្រហារយោធានេះ ត្រូវបាន Doumbouya និយាយថា គឺដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនជាង 12.7 លាននាក់នៅ ហ្គីណេ និងបានចោទប្រកាន់ប្រធានាធិបតី Conde ថា មិនបានប្រឹងប្រែងស្ដារសេដ្ឋកិច្ច ហើយស្ថានភាពប្រទេសជាតិមិនបានកែលម្អ ក្រោយ 72 ឆ្នាំដែលដណ្ដើមបានឯករាជ្យពីបារាំង។