ហ្វូងបាតុករប្រឆាំងវ៉ាក់សាំង បានប៉ះទង្គិចនឹងក្រុមប៉ុលិស នៅក្នុងពេលព្យាយាមសម្រុកចូលស្ថាប័នសុខាភិបាលរបស់ អង់គ្លេស ស្របពេលដែលប្រទេសនេះ កំពុងរៀបចំដើម្បីចាក់វ៉ាក់សាំងបង្ការ COVID-19 ដល់កុមារចាប់ពីវ័យ 12 ដល់ 17 ឆ្នាំ។
យ៉ាងហោចមានសមត្ថកិច្ច 4 នាក់ ត្រូវរងរបួស និងបាតុករច្រើននាក់ត្រូវបានចាប់ខ្លួន ខណៈមនុស្សរាប់រយនាក់ប្រមូលផ្ដុំគ្នាតវ៉ានៅខាងក្រៅការិយាល័យគ្រប់គ្រងឱសថ និងផលិតថែទាំសុខភាព របស់ អង់គ្លេស (MHRA) នៅតំបន់ Canary Wharf ភាគខាងកើតទីក្រុងឡុងដ៍ កាលពីថ្ងៃទី 3 កញ្ញា។
ក្រុមប៉ូលិស បានប្រើដំបងឆក់ ដើម្បីគ្រប់គ្រងហ្វូងបាតុករ និងបានសុំជំនួយបន្ថែមពីថ្នាក់លើ នៅពេលក្រុមបាតុករព្យាយាមសម្រុកចូលខាងក្នុងការិយាល័យ MHRA។ បាតុករមួយចំនួន ក្រោយមកក៏បានប៉ះទង្គិចជាមួយសមត្ថកិច្ចនៅខាងក្រៅមជ្ឈមណ្ឌលចាក់វ៉ាក់សាំង នៅឯសារមន្ទីរវិទ្យាសាស្ត្រ នៅភាគខាងលិចទីក្រុងឡុងដ៍។
ប៉ូលិសក្រុងឡុងដ៍ បានសរសេរនៅ Twitter ថា៖ «បាតុករមួយចំនួនបានប្រើហិង្សាលើសមត្ថកិច្ច។ ប៉ូលិស 4 នាក់របស់យើង បានរងរបួសក្នុងការប៉ះទង្គិចគ្នា។ បញ្ហានេះមិនអាចទទួលយកបានទេ។ យើងនៅតែមានវត្តមាននៅកន្លែងកើតហេតុ»។
មូលហេតុនៃបាតុកម្មនេះ ត្រូវបានគេជឿថា ដោយសារក្រុមបាតុករមិនពេញចិត្តនឹងព័ត៌មានដែលថា អាជ្ញាធរនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ។ ក្នុងសប្ដាហ៍នេះ មនុស្សមួយក្រុមដែលហៅខ្លួនឯងថា Official Voice បានអំពាវនាវលើបណ្ដាញសង្គម ដល់បាតុករ ឱ្យស្លៀកឈុតខ្មៅ និងប្រមូលផ្ដុំគ្នានៅឯស្ថានីយរថភ្លើងក្រោមដី Canary Wharf ក្នុងបំណងស្នើឱ្យ MHRA ឆ្លើយនឹងសំនួររបស់ពួកគេ។
MHRA កាលពីខែមុន បានអនុម័តឱ្យចាក់វ៉ាក់សាំង COVID-19 របស់ Moderna សម្រាប់កុមារ និងក្មេងជំទង់អាយុចាប់ពី 12 ដល់ 17 ឆ្នាំ ក្រោយរយៈពេលប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះដែលវ៉ាក់សាំង Pfizer ត្រូវបានអនុញ្ញាតឱ្យចាក់ដល់ក្រុមគោលដៅនេះ។ ការសម្រេចនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានសេចក្ដីប្រកាសថា សិក្សដែលមានវ័យចាប់ពី 16 ដល់ 17 ឆ្នាំ នៅ អង់គ្លេស នឹងត្រូវបានចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសដំបូង មុនពេលសាលារៀននានា បើកដំណើរការឡើងវិញ៕