Skip to content

Al-Qaeda ចូល​ដៃ​ជាមួយ តា​លី​បង់ ក្នុងការ​ប្រយុទ្ធ​តទល់​នឹង​​កង​ទ័ព​ចុងក្រោយ​របស់​រដ្ឋាភិបាល​ចាស់​ នៅ​ជ្រលង​ភ្នំ​ Panjshir

ក្រុម​ភេរ​វករ al-Qaeda ត្រូវបាន​ចោទថា បាន​ចូលរួម​សកម្មភាព​ប្រយុទ្ធ​របស់ តា​លី​បង់ ដើម្បី​កម្ទេច​ក្រុម​យោធា​ដែល​នៅ​សេសសល់​របស់​រដ្ឋាភិបាល​ចាស់ ដែល​បច្ចុប្បន្ន​ត្រូវបាន​ដាក់ឈ្មោះថា រណសិរ្ស​តស៊ូ​ជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន (NRFA)។

កងកម្លាំង​ប្រឆាំង​ តាលីបង់ នៅ​ជ្រលង​ភ្នំ​ Panjshir

NRFA បាន​អះអាងថា ក្រុម​ប្រដាប់អាវុធ al-Qaeda បង្ហាញខ្លួន​ក្នុងការ​ប្រយុទ្ធ​កាលពី​ថ្ងៃទី 2 កញ្ញា របស់ តា​លី​បង់ ដែល​បាន​វាយប្រហារ​តំបន់​ជ្រលង​ភ្នំ Panjshir ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រដ្ឋធានី​កា​ប៊ុល ក្នុងការ​ប្រឹងប្រែង​ដើម្បី​ដណ្ដើម​កាន់កាប់​តំបន់​នេះ​ពី​កងកម្លាំង NRFA។

Ameer Akmal មេបញ្ជាការមួយរូបនៃកងទ័ពរណសិរ្សប្រឆាំង តាលីបង់ នៅ Panjshir

NRFA គឺជា​កងកម្លាំង​ចម្រុះ ដែលមាន​ការចូលរួម​របស់​កងជីវពល Andarab, កងកម្លាំង​ប្រចាំ​តំបន់ Panjshir និង​ទាហាន​រដ្ឋាភិបាល​ចាស់។ Fahim Dashti អ្នកនាំពាក្យ​របស់ NRFA ឱ្យដឹងថា តា​លី​បង់ បាន​បើក​ការវាយប្រហារ​ច្រើនលើក​នៅ Khawak ដោយ​ឆ្លងកាត់​តាម​ជ្រលង​ភ្នំ Andarab នៃ​ទីក្រុង Baghlan។

ក្រុម​ «កូនៗ» ទាហាន​ របស់​ NRFA

Dashti បន្ថែមថា ទាហាន​តា​លី​បង់ យ៉ាងតិច 640 នាក់ ត្រូវបាន​បណ្ដេញ​ពី​សមរភូមិ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ការប្រយុទ្ធ​គ្នា និង​បាន​បញ្ជាក់ថា NRFA បាន​កាច់​បំបាក់កម្លាំង តា​លី​បង់ នៅ​តំបន់ Khawak។

ចំណែក​អ្នកនាំពាក្យ​របស់ តា​លី​បង់ Zabihullah Mujahid កាលពី​ថ្ងៃទី 2 កញ្ញា បានឱ្យដឹងថា ទាហាន​របស់ខ្លួន​បាន​វាយ​សម្រុកចូល​ទីតាំង​ចុងក្រោយ​របស់​កងកម្លាំង​រដ្ឋាភិបាល​ចាស់ បន្ទាប់ពី​កិច្ចចរចា​សន្តិភាព បានទទួល​បរាជ័យ។

លេណដ្ឋាន​របស់​ NRFA

តា​លី​បង់ បាន​ចោទថា NRFA បាន​បើក​ការវាយប្រហារ​មុន ធ្វើឱ្យ​ពួកគេ​សម្រេចចិត្ត​តបត។ ក្រុមមន្ត្រី តា​លី​បង់ និយាយថា ក្រោយ​ការប្រយុទ្ធ​ពីរ​ថ្ងៃ ពួកគេ​ដណ្ដើមបាន​តំបន់​មួយចំនួន​ពី NRFA។

អ្នកស្រុក​បានឱ្យដឹងថា ការប្រយុទ្ធ​គ្នា​បានចាប់ផ្ដើម​ពី​យប់​ថ្ងៃទី 1 កញ្ញា។ ពលរដ្ឋ​សាមញ្ញ ភាគច្រើន​បាន​រត់គេចខ្លួន​ពី​សង្គ្រាម។

ជ្រលង​ភ្នំ​ Panjshir ជា​ទី​តាំង​ចុង​ក្រោយ​របស់​កង​ទ័ព​ប្រឆាំង​ តាលីបង់

Ahmad Massoud ដែលជា​កូនប្រុស​ច្បង​របស់ Ahmad Shad Massoud អតីត​មេបញ្ជាការ​កងកម្លាំង​ចម្រុះ​ប្រឆាំង តា​លី​បង់ ទសវត្សរ៍ 1990 កំពុង​ដឹកនាំ​ការប្រយុទ្ធ​តតាំង​នៅ​ជ្រលង​ភ្នំ Panjshir។ មេបញ្ជាការ​នេះ មិនមាន​បទពិសោធន៍​ក្នុងការ​ធ្វើសង្គ្រាម ប៉ុន្តែ ទទួលបាន​ការគាំទ្រ​ពី​ក្រុម​អតីត​មេបញ្ជាការ​កងទ័ព អា​ហ្វ​ហ្គា​នី​ស្ថាន។ បណ្ដា​កំពូលភ្នំ​ដែល​ព័ទ្ធជុំវិញ​ជ្រលង​ភ្នំ Panjshir គឺ​ឧបសគ្គ​ធំ​ដែល​រារាំង​រាល់​កម្លាំង​ទាំងឡាយណា​ដែល​ចង់វាយ​ដណ្ដើម​កាន់កាប់​តំបន់​នេះ។

ពណ៌លឿង​ គឺជា​ទីតាំង​ឈរ​ជើង​ របស់​កង​ទ័ព​ប្រឆាំង​​ តាលីបង់

ក្រុម​អ្នកសង្កេតការណ៍​យល់ថា សង្គ្រាម​នេះ​នឹងធ្វើ​ឱ្យ​ខាត​ផលប្រយោជន៍​ទាំងសងខាង ហើយ​ពួកគេ​គួរតែ​ត្រលប់​មករក​តុ​ចរចា​ឱ្យបាន​លឿន។ Ishaq Gailani មេដឹកនាំ​ចលនា​សាមគ្គី​ជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន បាន​អំពាវនាវ​ឱ្យ តា​លី​បង់ បន្ធូរដៃ និង​អូសបន្លាយ​ឱកាស​សម្រាប់​ការចរចា ហើយ​ចៀសវាង​ការសម្រេចចិត្ត​លឿន​ពេក ដែល​អាច​នាំឱ្យ​កើតមាន​សង្គ្រាម៕

Leave a Reply

Your email address will not be published. Required fields are marked *