Skip to content

ជាង 40 នាក់ បាន​ស្លាប់​ដោយសារ​ព្យុះ Ida នៅ សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក៖ យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន 45 នាក់ បាន​បាត់​បង់ជីវិត នៅពេល​ព្យុះ Ida បោកបក់​ទៅលើ​ឆ្នេរ​ខាងកើត​របស់ អាមេរិក បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ខ្លាំង​មិន​ធ្លាប់​ជួបប្រទះ​ពីមុនមក ធ្វើឱ្យ​តំបន់​ជាច្រើន​ត្រូវ​លិចលង់។

អភិបាលរដ្ឋ New Jersey លោក Phil Murphy កាលពី​ថ្ងៃទី 2 កញ្ញា បានឱ្យដឹងថា រដ្ឋ​នេះ​បាន​រកឃើញ​អ្នកស្លាប់​ដោយសារ​ព្យុះ Ida ចំនួន 23 នាក់។ ចំណែក​ប៉ូលិស​របស់ New York បាន​រាយការណ៍​ថា មនុស្ស​យ៉ាងតិច 12 នាក់ នៅក្នុង​ទីក្រុង​នេះ បាន​ស្លាប់ ក្នុងនោះ​មាន​ម្នាក់​ត្រូវ​ជាប់​ក្នុង​រថយន្ត និង 11 នាក់ ជាប់​ក្នុង​បន្ទប់ក្រោមដី។

មជ្ឈមណ្ឌល​ជាតិ​ទប់ទល់​ព្យុះ បាន​ព្រមាន​អំពី​លទ្ធភាព​ដែល​ព្យុះ​បោកបក់​ខ្លាំង និង​គំរាមកំហែង​ដល់​អាយុជីវិត ចាប់ពី​ថ្ងៃទី 31 សីហា ប៉ុន្តែ​តំបន់​ជាច្រើន​ត្រូវ​រង​ការវាយប្រហារ​ដោយ​នឹកស្មាន​មិន​ដល់។ ផ្លូវ​ល្បឿន​លឿន​ជាច្រើន​ខ្សែ​ត្រូវ​លិច​ក្នុង​ជំនន់​ទឹកភ្លៀង ខណៈ​តំបន់​ដែលមាន​ផ្លូវ​រថភ្លើង​ក្រោម​ដី​ក៏ត្រូវ​ទឹក​ហូរ​ចូល ធ្វើឱ្យ​រថភ្លើង​យ៉ាងតិច 17 ខ្សែ ត្រូវ​ជាប់គាំង និង​ត្រូវ​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន។

ព្យុះ Ida ដែល​បាន​បោកបក់​ចូល សហរដ្ឋអាមេរិក ក្នុង​រដ្ឋ Louisiana កាលពី​ថ្ងៃទី 29 សីហា គឺជា​ព្យុះ​ខ្លាំង​លំដាប់​ទី 5 ដែល​ធ្លាប់បាន​បោកបក់​ចូល​ប្រទេស​នេះ បណ្ដាលឱ្យ​មនុស្ស 1 លាន​នាក់ ត្រូវ​ដាច់​ចរន្តអគ្គិសនី ហើយ​ស្ថានភាព​នេះ​អាច​អូសបន្លាយ​ពេល​ច្រើន​សប្ដាហ៍​ទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *