ហ្វីលីពីន៖ កូនស្រីរបស់ប្រធានាធិបតី Rodrigo Duterte បានឱ្យដឹងថា អ្នកនយោបាយមួយចំនួន រួមទាំងជំនួយការផ្ទាល់របស់ឪពុកខ្លួន ក៏ចង់ក្លាយជាបេក្ខភាពអនុប្រធានាធិបតីរបស់លោកស្រីផងដែរ។
នៅលើទំព័រ Facebook របស់ខ្លួន Sara Duterte-Carpio ដែលជាកូនស្រីរបស់លោក Duterte និងជាអភិបាលក្រុង Davao បានឱ្យដឹងថា តំណាងរាស្ត្រ Sherwin Gatchalian និង Christoper “Bong” Go បាន «ដាក់សំណើសុំឈរឈ្មោះជាបេក្ខភាពអនុប្រធានាធិបតី» រួមជាមួយនឹងលោកស្រី នៅក្នុងការបោះឆ្នោតឆ្នាំក្រោយ។
មិនដឹងថា លោក Christoper “Bong” Go បានដាក់សំណើនេះនៅពេលណា ប៉ុន្តែ Duterte-Carpio បានបង្ហោះសារខាងលើប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Go បានបដិសេធឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីសម្រាប់បក្សកាន់អំណាចបច្ចុប្បន្ន។
Deterte-Carpio បន្ថែមថា បណ្ដាបេក្ខភាពដែលមានសក្ដានុពលដទៃទៀត រួមមាន អតីតរដ្ឋមន្ត្រីការពារជាតិ Gilbeert Teodoro និងកូនប្រុសរបស់អតីតប្រធានាធិបតី Ferdinand Marcos ផងដែរ។
Duterte-Carpio វ័យ 43 ឆ្នាំ កំពុងនាំមុខគេនៅក្នុងការស្ទង់មតិស្ដីអំពីបេក្ខភាពប្រធានាធិបតី ប៉ុន្តែលោកស្រីមិនទាន់បង្ហើបឱ្យដឹងអំពីគម្រោងនយោបាយនាពេលអនាគត បើទោះជាកាលកំណត់នៃការដាក់ពាក្យគឺនៅក្នុងខែតុលា។
ប្រធានាធិបតី Duterte វ័យ 76 ឆ្នាំ មិនអាចបន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីទៀតបាន ដោយសារតែច្បាប់រដ្ឋធម្មនុញ្ញ ប៉ុន្តែ គូប្រជែងរបស់លោក ជឿថា លោក Duterte នៅមានឥទ្ធិពល បើសិនជាសម្ព័ន្ធមិត្តរបស់លោក ត្រូវបានបោះឆ្នោតជាប្រធានាធិបតី។ លោក Duterte ធ្លាប់បានប្រកាសថា លោកនឹងឈរឈ្មោះជាបេក្ខភាពអនុប្រធានាធិបតី បើសិនជាកូនស្រីរបស់លោក មិនឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី នៅអាណត្តិក្រោយ។
លោក Duterte នៅតែទទួលបានការគាំទ្រច្រើន បើទោះជាយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនរបស់លោក បានសម្លាប់មនុស្សរាប់ពាន់នាក់ក៏ដោយ។ ប៉ុន្តែ រដ្ឋាភិបាលរបស់លោក បច្ចុប្បន្ន ប្រឈមមុខនឹងការរិះគន់ច្រើន ទាក់ទិននឹងវិធានការលើវិបត្តិ COVID-19 នៅពេល ហ្វីលីពីន ទទួលរងការរាតត្បាតយ៉ាងធ្ងន់ធ្ងរបំផុតនៅអ៊ីស៊ី៕