Skip to content

អ្នកបកប្រែ​ដែល​ធ្លាប់ជួយសង្គ្រោះ Biden ស្នើសុំ​ជំនួយ​ពី អាមេរិក​ ខណៈ​កំពុង​លាក់​ខ្លួន​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន

កាលពី 13 ឆ្នាំមុន អ្នកបកប្រែ​ជនជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន Mohammed បាន​ជួយ​ដល់​ការសង្គ្រោះ​លោក Joe Biden នៅឯ​ជ្រលង​ភ្នំ​ដាច់ស្រយាល​មួយ ពេលនេះ Mohammed បាន​អំពាវនាវ​សុំ​ជំនួយ និង​កំពុង​រង់ចាំ​ជំនួយ​ពី​ប្រធានាធិបតី សហរដ្ឋ​អាមេរិក។

«សូម​គោរព​លោក​ប្រធានាធិបតី សូមមេត្តា​ជួយ​ដល់​ខ្ញុំ និង​ក្រុមគ្រួសារ​ខ្ញុំ​ផង» Mohammed អ្នកស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​ពេញ ពេល​កំពុង​លាក់ខ្លួន បាន​និយាយប្រាប់ Wall Street Journal ដូច្នេះ ខណៈ​ជនជាតិ​អាមេរិក ចុងក្រោយ​បាន​ចាក​ចេញពី កា​ប៊ុល កាលពី​ថ្ងៃទី 30 សីហា។ លោក​បន្តថា «សូមកុំ​បំភ្លេច​ខ្ញុំ​ចោល​នៅទីនេះ»។

Mohammed រួម​នឹង​ភរិយា និង​កូន 4 នាក់ កំពុង​លាក់ខ្លួន​ពី តា​លី​បង់ ក្រោយពី​បាន​ប្រឹងប្រែង​ជាច្រើន​ឆ្នាំ​ដើម្បី​ចាក​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន ប៉ុន្តែ មិនបាន​សម្រេច ដោយសារតែ​បញ្ហា​លិខិតស្នាម។ ពួកគេ​ស្ថិត​ក្នុងចំណោម​សម្ព័ន្ធមិត្ត​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន រាប់មិនអស់ ដែល​ត្រូវបាន​បោះបង់ចោល នៅពេល សហរដ្ឋអាមេរិក បញ្ចប់​យុទ្ធនាការ​ដកទ័ព។

Jen Psaki ជំនួយការ​ផ្នែក​សារព័ត៌មាន​របស់​សេត​វិមាន កាលពី​ថ្ងៃទី 31 សីហា បាន​សម្ដែង​ការដឹងគុណ​ចំពោះ​អ្នកបកប្រែ​រូបនេះ ក្រោយ​បាន​ស្ដាប់​ការអាន​លិខិត​របស់ Mohammed ដែល​ផ្ញើ​មកកាន់​ប្រធានាធិបតី។ Jen Psaki បាន​ថ្លែងថា សហរដ្ឋអាមេរិក នឹង​នាំយក​សម្ព័ន្ធមិត្ត​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ទាំងអស់ ចេញពី​ប្រទេស​នេះ។

កាលពី​ឆ្នាំ 2008 ក្នុង​វ័យ 36 ឆ្នាំ Mohammed គឺជា​អ្នកបកប្រែ ឱ្យ​កងទ័ព អាមេរិក នៅពេល​ឧទ្ធម្ភាគចក្រ Black Hawk ពីរ​គ្រឿង របស់ អាមេរិក ត្រូវ​ចុះចត​ជាបន្ទាន់​នៅឯ​ប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន ដោយសារតែ​ព្យុះ​ព្រឹល។ នៅលើ​ឧទ្ធម្ភាគចក្រ មាន​តំណាងរាស្ត្រ​បីនាក់ រួមមាន លោក Joe Biden, John Kerry និង Chuck Hagel។

ឧទ្ធម្ភាគចក្រ​ដឹក​លោក​ Joe Biden ដែល​ជាប់​គាំង​ក្នុង​ព្យុះ​ព្រឹល​នៅ​ អាហ្វហ្គានីស្ថាន កាល​ពី​ឆ្នាំ​ 2008

ក្រុម​ហោះហើរ បាន​ហៅ​ទូរស័ព្ទ​បន្ទាន់​ដើម្បី​សុំ​ជំនួយ។ នៅឯ​មូលដ្ឋានទ័ព Bagram ដែលជា​បន្ទាយ​ធំ​បំផុត​របស់ អាមេរិក នៅ អា​ហ្វ​ហ្គា​នី​ស្ថាន Mohammed បាន​លោត​ឡើង​រថយន្ត Humvee ជាមួយនឹង​កងកម្លាំង​ប្រតិកម្ម​រហ័ស​ពី​កងទ័ព​ជាតិ Arizona ដែល​កំពុងធ្វើការ​ជាមួយ​អង្គភាព​ឆត្រយោង​លេខ 82 ធ្វើដំណើរ​អស់​ជាច្រើន​ម៉ោង​ដើម្បី​ទៅកាន់​កំពូលភ្នំ​ដែល​នៅក្បែរនោះ បំណង​ជួយសង្គ្រោះ​ក្រុម​អ្នក​ជួប​គ្រោះថ្នាក់។ នេះ​បើតាម Brian Genthe ដែល​កាលណោះ​គឺជា​ព្រឹន្ទបាលទោ។ លោក Brian Genthe បាន​នាំ Mohammed ទៅជា​មួយ​ផងដែរ។

Matthew Springmeyer ដែល​កាលណោះ​ជា​មេបញ្ជាការ​ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​ក្រុមតំណាងរាស្ត្រ​ខាងលើ និយាយថា ក្រុមតំណាងរាស្ត្រ ត្រូវបាន​បញ្ជូនទៅ​មូលដ្ឋានទ័ព អាមេរិក ដោយ​សុវត្ថិភាព។

Mohammed បាន​ចំណាយ​ពេលវេលា​ភាគច្រើន​របស់លោក នៅក្នុង​ជ្រលង​ភ្នំ​ដែល​មិនគួរ​ឱ្យ​ចង់​រស់នៅ​មួយកន្លែង ជាទី​ដែល​ទាហាន​ទាំងឡាយ​និយាយថា លោក រួម​នឹង​ពួកគេ​បាន​ប្រយុទ្ធ​តតាំង​ជាមួយ​សត្រូវ​ជាង 100 លើក។ ទាហាន អាមេរិក បាន​ជឿជាក់​លើ Mohammed រហូតដល់​ថ្នាក់​ប្រគល់​អាវុធ​ដល់​គាត់​ដើម្បី​ការពារ​ខ្លួន។ Genthe និយាយ​ដូច្នេះ។

វរ​សេនី​ទោ Andrew R. Till បាន​សរសេរ​កាលពី​ខែមិថុនា ដើម្បី​ជួយ​គាំទ្រ​ដល់​ការស្នើសុំ​ទិដ្ឋាកា​ពិសេស​​ សម្រាប់​ លោក​ Mohammed ថា៖ «ការបម្រើ​អស់ពី​ចិត្ត​របស់គាត់ ចំពោះ​ទាហាន​យើង​គឺជា​ប្រភេទ​នៃ​ការបម្រើ​កងទ័ព​ដែល​ខ្ញុំ​ចង់ឃើញ​នៅលើ​ពលរដ្ឋ​អាមេរិក»។

សំណើសុំ​ទិ​ដ្ឋ​ការបស់ Mohammed មិនត្រូវ​បានអនុម័ត​នោះទេ ដោយសារតែ​ក្រុមហ៊ុន​ម៉ៅការ​យោធា​បានធ្វើឱ្យ​បាត់​ឯកសារ​សំខាន់​មួយចំនួន។ ក្នុងពេល អាមេរិក ជម្លៀស​មនុស្ស​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន Mohammed ក៏បាន​ទៅកាន់​ព្រលានយន្តហោះ ប៉ុន្តែ ទាហាន​នៅ​ទីនោះ អនុញ្ញាតឱ្យ​លោក​ចូល​តែម្នាក់ឯង ចំណែក​ប្រពន្ធ​កូន មិនអាច​ចូល​បាន។ Mohammed ក៏​សម្រេចចិត្ត​ត្រលប់​ទៅផ្ទះ​ដើម្បី​លាក់ខ្លួន​បណ្ដោះអាសន្ន បន្ទាប់ពី អាមេរិក បាន​ដកទ័ព​អស់ពី អា​ហ្វ​ហ្គា​នី​ស្ថាន៕

Leave a Reply

Your email address will not be published. Required fields are marked *