តាលីបង់ បញ្ជូនក្រុមប្រដាប់អាវុធទៅអមការពារពលរដ្ឋអាមេរិក ឆ្ពោះទៅកាន់ព្រលានយន្តហោះក្រុងកាប៊ុល ទៅតាមកិច្ចព្រមព្រៀងសម្ងាត់រវាងតាលីបង់ និងកងទ័ពអាមេរិក។
មន្ត្រីពីររូបរបស់ សហរដ្ឋអាមេរិក កាលពីថ្ងៃទី 31 សីហា បានឱ្យដឹងថា ក្នុងយុទ្ធនាការជម្លៀសមនុស្សពី អាហ្វហ្គានីស្ថាន នាពេលកន្លង ពលរដ្ឋអាមេរិក ត្រូវបានប្រកាសឱ្យដឹងអំពីទីតាំងប្រមូលផ្ដុំគ្នានៅក្បែរព្រលានយន្តហោះអន្តរជាតិ Hamid Karzai នៅរដ្ឋធានីកាប៊ុល បន្ទាប់មក ក្រុមប្រដាប់អាវុធតាលីបង់ ធ្វើការត្រួតពិនិត្យលិខិតស្នាម និងជូនដំណើរពួកគេទៅកាន់ច្រកចូលព្រលានយន្តហោះ ជាកន្លែងដែលកងទ័ពអាមេរិកស្នាក់នៅ។
ក្រុមមន្ត្រី អាមេរិក បញ្ជាក់ថា ក្នុងដំណើរការនៃការជម្លៀស ក្រុមតាលីបង់ បានសហការ និងបើកផ្លូវសុវត្ថិភាពដល់ពលរដ្ឋអាមេរិក។ មន្ត្រី អាមេរិក ម្នាក់ និយាយថា ភារកិច្ចអមការពាររបស់ តាលីបង់ ត្រូវបានធ្វើឡើងច្រើនលើកក្នុងមួយថ្ងៃ។ ទីតាំងប្រមូលផ្ដុំគ្នាសំខាន់មួយដែលត្រូវបាន តាលីបង់ និង អាមេរិក ប្រើប្រាស់ នោះគឺអគារមួយខ្នងនៃក្រសួងមហាផ្ទៃ អាហ្វហ្គានីស្ថាន ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រលានយន្តហោះ។ «កិច្ចព្រមព្រៀងនេះ មានប្រសិទ្ធភាពណាស់» នេះបើតាមមន្ត្រីរបស់ សហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិក ក៏បានបើកច្រកសម្ងាត់មួយនៅព្រលានយន្តហោះ Hamid Karzai និង បង្កើតមជ្ឈមណ្ឌលផ្ដល់ជំនួយតាមទូរស័ព្ទ ដើម្បីណែនាំផ្លូវសុវត្ថិភាពដល់ពលរដ្ឋអាមេរិក ចូលមកកាន់ព្រលានយន្តហោះ។
សូមរំលឹកថា យុទ្ធនាការជម្លៀសពលរដ្ឋ ក៏ដូចជាការដកទ័ពរបស់ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានបញ្ចប់កាលពីថ្ងៃទី 31 សីហា។ ទាហានដែលបោះជំហានចាកចេញពី អាហ្វហ្គានីស្ថាន ក្រោយគេ គឺ ឧត្តមសេនីយ៍ទោ Chris Donahue មេបញ្ជាការកងពលតូចឆត្រយោងលេខ 82។