Skip to content

អាមេរិក ផ្ដាច់ទំនាក់ទំនង​ជាមួយ​រណសិរ្ស​ជាតិ​ប្រឆាំងនឹង តា​លី​បង់ នៅ​​ជ្រលង​ភ្នំ​ Panjshir

រដ្ឋាភិបាល​របស់លោក Joe Biden មិនបាន​ឆ្លើយតប​ទៅនឹង​ការទាក់ទង​ពី​កងកម្លាំង​ប្រឆាំងនឹង តា​លី​បង់ នៅ​ជ្រលង​ភ្នំ Panjshir បន្ទាប់ពី តា​លី​បង់ បាន​ចូល​កាន់កាប់ អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ជិត​ពីរ​សប្ដាហ៍។

Ali Nazary ទទួលបន្ទុក​ផ្នែក​ទំនាក់ទំនង​ការទូត​របស់​រណសិរ្ស​តស៊ូ​ជាតិ ដែលជា​ក្រុម​ប្រឆាំងនឹង តា​លី​បង់ នៅ​ជ្រលង​ភ្នំ Panjshir កាលពី​ថ្ងៃទី 27 សីហា ឱ្យដឹងថា លោក​បាន «ស្វែងរក​ការទាក់ទង» ប៉ុន្តែ មិនទាន់​ទទួលបាន​ការឆ្លើយតប​ណាមួយ​ពី​រដ្ឋាភិបាល​របស់លោក Biden នៅឡើយ។

«យើង​មិនឃើញ​មានការ​ចាប់អារម្មណ៍​ចំពោះ​ចលនា​ប្រឆាំង​នៅក្នុង​គ្រានេះ» លោក Nazary ថ្លែង និង​បន្ថែមថា តំបន់​ការពារ​ដ៏​រឹងមាំ​នៅ​ជ្រលង​ភ្នំ Panjshir នៅ​ភាគ​ឦសាន អា​ហ្វ​ហ្គា​នី​ស្ថាន អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ការពារ​សន្តិសុខសម្រាប់​ក្រុមមនុស្ស​ដែល​កំពុង​ជាប់គាំង​នៅ​រដ្ឋធានី​កា​ប៊ុល។ «ពួកគេ​បានដឹងថា យើង​នៅទីនេះ ប៉ុន្តែ យើង​មិនទាន់​ទទួលបាន​ការយកចិត្ត​ទុកដាក់​នៅឡើយ»។

Nazary បង្ហើប​ឱ្យដឹងថា លើកចុងក្រោយ​បង្អស់​ដែល​លោក​បាន​ទាក់ទង​ទៅកាន់​សេត​វិមាន​គឺ​ប៉ុន្មាន​ខែ​មុន។ បច្ចុប្បន្ន ពួកគេ​មិនទាន់​ទទួលបាន​ការអញ្ជើញ ឬ​ការស្នើ​ណាមួយ​ពី សហរដ្ឋអាមេរិក។

បច្ចុប្បន្ន សេត​វិមាន មិនទាន់មាន​ការអធិប្បាយ​អ្វី​ទាក់ទង​នឹង​ព័ត៌មាន​ខាងលើនេះ​នៅឡើយ ក្នុង​គ្រា​ដែល សហរដ្ឋអាមេរិក កំពុង​ព​ន្លឿ​ន​យុទ្ធនាការ​ដកទ័ព​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន ពេលដែល​ថ្ងៃ​ផុតកំណត់​ចុងក្រោយ​ជិត​មកដល់។

ចំពោះ​អ្នក​ដែល​មិនអាច​ចាក​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន មុន​កាលកំណត់ លោក Nazary ស្នើឱ្យ​នាំ​ពួកគេ​ទៅកាន់​ជ្រលង​ភ្នំ Panjshir ដើម្បី​ទទួលបាន​ការការពារ​សន្តិសុខ។

ចាប់ពី​ថ្ងៃទី 14 សីហា ដល់ 27 សីហា សហរដ្ឋអាមេរិក បាន​ឈ្លៀសមនុស្ស​ប្រហែល 105,000 នាក់ ក្នុងនោះ​មាន​ទាំង​ពលរដ្ឋ​អាមេរិក និង​ដៃគូ អា​ហ្វ​ហ្គា​នី​ស្ថាន នេះ​បើតាម​មន្ត្រី​សេត​វិមាន។ ពលរដ្ឋ​អាមេរិក ប្រមាណ 1,500 នាក់ ប្រហែល​កំពុង​ជាប់​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ប៉ុន្តែ​ទិន្នន័យ​នេះ​មិនទាន់​ត្រូវបាន​ផ្ទៀងផ្ទាត់​នៅឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *