Sadaat ធ្លាប់ជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងនិងព័ត៌មានវិទ្យារបស់ អាហ្វហ្គានីស្ថាន មុនពេលទៅកាន់ប្រទេសអាល្លឺម៉ង់ កាលពីឆ្នាំ 2020 ហើយបច្ចុប្បន្ន លោកគឺជាបុគ្គលិកផ្នែកដឹកជញ្ជូនទំនិញមួយរូបនៅទីក្រុង Leipzig។
Syed Ahmed Shah Sadat អាយុ 49 ឆ្នាំ បានឱ្យដឹងថា មនុស្សមួយចំនួននៅឯ អាហ្វហ្គានីស្ថាន រិះគន់លោក ដោយសារតែធ្វើការជាអ្នកប្រគល់ទំនិញដោយជិះកង់។ ប៉ុន្តែ អតីតរដ្ឋមន្ត្រីរបស់ អាហ្វហ្គានីស្ថាន ដែលបានចប់អាណត្តិកាលពីឆ្នាំ 2018 រូបនេះ យល់ថា ការងារប្រគល់ទំនិញគឺជាការងារធម្មតាដូចទៅនឹងការងារផ្សេងៗទៀត។
«ខ្ញុំពុំមានអារម្មណ៍ថាខុសឆ្គងអ្វីនោះទេ» លោក Sadaat និយាយកាលពីថ្ងៃទី 26 សីហា នៅពេលលោកស្លៀកពាក់ឈុតពណ៌ទឹកក្រូច អង្គុយក្បែរកង់មួយគ្រឿង។ «ខ្ញុំសង្ឃឹមថា អ្នកនយោបាយផ្សេងទៀត ក៏ធ្វើតាមរបៀបខ្ញុំ ជំនួសឱ្យការលាក់ខ្លួន ពួនអាត្មា»។
សារព័ត៌មាន Bild បានរាយការណ៍ថា អតីតរដ្ឋមន្ត្រី Sadaat បានមកកាន់ប្រទេសអាល្លឺម៉ង់ គឺដើម្បីគេចចេញពីក្រុម តាលីបង់។ រឿងរ៉ាវរបស់ Sadaat កាន់តែទទួលបានចំណាប់អារម្មណ៍ ពិសេសគឺនៅពេល អាហ្វហ្គានីស្ថាន ស្ថិតក្នុងភាពវឹកវរ ក្រោយពី តាលីបង់ បានចូលគ្រប់គ្រងប្រទេស។ គ្រួសារ មិត្តភក្ដិរបស់ Sadaat រួមនឹងជនជាតិ អាហ្វហ្គានីស្ថាន រាប់ម៉ឺននាក់ មានបំណងចាកចេញពីប្រទេស តាមរយៈយន្តហោះដឹកជនភៀសខ្លួននៅរដ្ឋធានីកាប៊ុល។
នៅសល់តែ 4 ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី 31 សីហា ខាងមុខ កាលបរិច្ឆេទចុងក្រោយនៃការដកទ័ពរបស់ សហរដ្ឋអាមេរិក នឹងត្រូវបានបញ្ចប់ជាស្ថាពរ។ ចំនួនមនុស្សដែលបានសុំសិទ្ធិជ្រកកោននៅប្រទេសអាល្លឺម៉ង់ បានកើន 130% រាប់ចាប់ពីដើមឆ្នាំ។ នេះបើតាមការិយាល័យជាតិទទួលបន្ទុកលើបញ្ហាជនភៀសខ្លួនរបស់ អាល្លឺម៉ង់។
អតីតរដ្ឋមន្ត្រីរបស់ អាហ្វហ្គានីស្ថាន មានសញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងទូរគមនាគមន៍ ហើយលោកក៏ធ្លាប់មានសង្ឃឹមថា នឹងរកបានការងារសមស្របនៅ អាល្លឺម៉ង់។ ប៉ុន្តែ ឱកាសមានតិចតួចណាស់ ដោយសារតែលោកមិនចេះភាសាអាល្លឺម៉ង់។
Sadaat រៀនភាសាអាល្លឺម៉ង់ 4 ម៉ោងក្នុងមួយថ្ងៃ នៅឯសាលាភាសាមួយ មុនពេលចេញទៅប្រគល់ទំនិញតាមវេនដែលអូសបន្លាយពេល 6 ម៉ោង នៅពេលល្ងាច។ អតីតរដ្ឋមន្ត្រីរូបនេះ បានចាប់ផ្ដើមការងាររបស់ខ្លួនតាំងពីរដូវក្ដៅឆ្នាំនេះ។
លោក Syed Ahmed Shah Sadat រៀបរាប់អំពីការងារប្រគល់ទំនិញដោយការជិះកង់របស់លោក នៅក្នុងទីក្រុងថា៖ «ការងារប៉ុន្មានថ្ងៃដំបូងគឺពិតជារឿងលំបាក ប៉ុន្តែ សប្បាយ។ ការងារបង្រៀនយើង»៕