Skip to content

IS-K ដែល​ទទួលខុសត្រូវ​លើ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រលានយន្តហោះ​កា​ប៊ុល ថ្ងៃទី 26 សីហា ត្រូវជា​អ្វី​នឹង តា​លី​បង់?

ក្រុម​រដ្ឋ​អ៊ីស្លាម​នៃ​ប្រទេស​អ៊ីរ៉ាក់ និង​តំបន់ Levant និង Khorasan (Islamic State of Iraq and the Levant – Khorasan Province) ដែល​ហៅ​កាត់​ថា ISIL–KP ឬ ISKP (សារព័ត៌មាន​ខ្លះ​ហៅថា IS-K, ISISK, IS–KP, ISIS–K ឬ Daesh–Khorasan)។ IS–K គឺជា​ក្រុម​មហា​ជ្រុលនិយម​ដែល​បាន​បំបែក​ខ្លួន​ចេញពី តា​លី​បង់ ហើយ​ក៏បាន​ក្លាយជា​សត្រូវ​សួ​ពូជ​នឹង​គ្នា សូម្បីតែ​នៅពេល តា​លី​បង់ បាន​គ្រប់គ្រង អា​ហ្វ​ហ្គា​នី​ស្ថាន។

តា​លី​បង់ ថ្ងៃទី 27 សីហា នេះ បាន​បញ្ជាក់ថា សមាជិក​របស់ខ្លួន​ចំនួន 28 នាក់ ក៏បាន​ស្លាប់​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ពីរលើក​នៅ​ខាងក្រៅ​ព្រលានយន្តហោះ​ក្រុង​កា​ប៊ុល កាលពី​ថ្ងៃទី 26 សីហា។ ក្រុម​រដ្ឋ​អ៊ីស្លាម​សាខា Khorasan (IS-K) បាន​ចេញមុខ​ទទួលខុសត្រូវ​លើ​ការវាយប្រហារ​ភេរវកម្ម​នេះ។

ក្រុមអ្នកតាមដាន​ស្ថានការណ៍​យល់ថា ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រលានយន្តហោះ​កា​ប៊ុល នឹងធ្វើ​ឱ្យ​បំណុល​ឈាម​រវាង តា​លី​បង់ និង IS-K កាន់តែ​គរ​លើ​គ្នាច្រើនឡើង។ ករណី​វាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​កាលពី​ម្សិលមិញ ប្រៀបបាន​ទៅនឹង​ការ​រំលឹក​ឱ្យ​ចាំ​ថា សង្គ្រាម​រវាង តា​លី​បង់ និង IS-K (ក្រុម​ភេរវ​ករ​ដែល​ត្រូវគេ​ចាត់ទុក​ដូចជា «កូនឥតខាន់ស្លា» របស់ តា​លី​បង់) មិនទាន់​ចប់​នៅឡើយ។

ក្នុង​កិច្ច​សម្ភាស​មួយ​កាលពី​ថ្ងៃទី 13 សីហា នៅ​ពន្ធនាគារ​កា​ប៊ុល Abu Omar Khorasani អតីត​មេបញ្ជាការ​របស់ IS-K យល់ថា ការ​រុលទៅមុខ​របស់ តា​លី​បង់ នៅ​ពាសពេញ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន គឺជា​សញ្ញា​នៃ​ការផ្លាស់ប្ដូរ។ ទាំង តា​លី​បង់ ទាំង IS-K ធ្លាប់មាន​គោលដៅ​រួមមួយ នោះ​គឺ​ការដេញ «ជន​ក្រៅ​សាសនា» ឱ្យ​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន។ Khorasani និយាយថា៖ «ពួកគេ​នឹង​ដោះលែង​ខ្ញុំ បើសិន​ពួកគេ​ជា​អ៊ីស្លាម​សាសនិក​ល្អ»។

ពីរ​ថ្ងៃ​ក្រោយមក ក្រុម តា​លី​បង់ បាន​ចូល​កាន់កាប់​រដ្ឋធានី​កា​ប៊ុល គ្រប់គ្រង​ពន្ធនាគារ និង​ដោះលែង​អ្នកទោស​រាប់រយ​នាក់ ប៉ុន្តែ បានសម្លាប់ Khorasani រួម​នឹង​សមាជិក 8 នាក់​ផ្សេងទៀត​របស់ IS-K។

Abu Omar Khorasani អតីតមេបញ្ជាការរបស់ IS-K

កាលពី 6 ឆ្នាំមុន សមាជិក​ជនជាតិ​ប៉ា​គី​ស្ថាន​ដែល​មិន​ពេញចិត្ត​នឹង តា​លី​បង់ បាន​ផ្ដាច់ខ្លួន​ចេញពី​ក្រុម​នេះ ហើយ​បង្កើត​ក្រុម IS-K។ នេះ​គឺជា​សាខា​មួយ​ក្នុងចំណោម​សាខា​ជាច្រើន​របស់ IS ដែល​បាន​បង្កើតឡើង​បន្ទាប់ពី​ក្រុម​ឧទ្ទាម​នេះ​បង្ហាញ​វត្ត​មាននៅ​ភាគ​ខាងជើង​អ៊ីរ៉ាក់ កាលពី​ឆ្នាំ 2014 និង​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ក្លា។

សមាជិក​របស់​ក្រុម IS-K ភាគច្រើន​ធ្វើ​សកម្មភាព​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុង​តំបន់​ដែល​គេ​ស្គាល់​ថា «ខេត្ត Khorasan» ដោយមាន​មហិច្ឆតា​ទាញយក អា​ហ្វ​ហ្គា​នី​ស្ថាន ឱ្យមក​រួបរួម​ជាមួយ​តំបន់​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ IS។

Hafiz Saeed Khan មេ​ភេរវ​ករ​ដែលជា​អ្នកបង្កើត IS-K ត្រូវបាន អាមេរិក សម្លាប់​កាលពី​ឆ្នាំ 2016 ហើយ​ត្រូវ​ជំនួស​ដោយ Shahab Muhajir ដែលជា​ពលរដ្ឋ អ៊ីរ៉ាក់។ តាំងពី​ដំបូង តា​លី​បង់ និង IS-K បានចាត់ទុក​គ្នា​ជាស​ត្រូវ​ទៅហើយ ដោយសារតែ​មានគំនិត​ផ្ទុយគ្នា ក៏ដូចជា​ការ​ប្រជែង​គ្នា​ខ្លាំងក្លា​ក្នុងការ​ដណ្ដើម​ទឹកដី។

តា​លី​បង់ កាលណោះ ត្រូវ​ប្រឈម​នឹង​កងទ័ព​ដែល​ដឹកនាំ​ដោយ សហរដ្ឋអាមេរិក នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ប៉ុន្តែ​ក៏ត្រូវ​ធ្វើសង្គ្រាម​ប្រឆាំងនឹង​គូសត្រូវ​សួ​ពូជ​មួយទៀត នោះ​គឺ IS-K។

មន្ត្រី​ការពារជាតិ អាមេរិក ឱ្យដឹងថា តា​លី​បង់ ពេលខ្លះ ទទួលបាន​ការគាំទ្រ​ពី​ប្រទេស​មួយចំនួន ក្នុងនោះ​មាន​ទាំង សហរដ្ឋអាមេរិក ផងដែរ ក្នុងការ​ប្រយុទ្ធ​តតាំង​ប្រឆាំង IS-K។ IS-K ត្រូវបាន​វាយ​ឱ្យ​ខ្ចាត់ខ្ចាយ​ពី អា​ហ្វ​ហ្គា​នី​ស្ថាន ឬ​ត្រូវ​លាក់ខ្លួន​ពួន​អាត្មា។ តា​លី​បង់ ជួប​ឧបសគ្គ​តិចតួច​បំផុត​ពី​ការប្រឆាំង​របស់ IS-K នៅក្នុង​សង្គ្រាម​ដណ្ដើម​ទឹកដី អា​ហ្វ​ហ្គា​នី​ស្ថាន បន្ទាប់ពី អាមេរិក ប្រកាស​ដកទ័ព។

ក្រុម​ទាហាន​ តាលីបង់ នៅ​ កាប៊ុល កាល​ពី​ថ្ងៃទី 19 សីហា​

ពេល អាមេរិក បើក​ការវាយប្រហារ​កាន់កាប់ អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយ​ករណី​ភេរវកម្ម​ថ្ងៃទី 11 កញ្ញា ឆ្នាំ 2001 តា​លី​បង់ មាន​សម្ព័ន្ធមិត្ត​តិចតួច​ណាស់។ តា​លី​បង់ ត្រូវ​លោកខាងលិច​រិះគន់ ព្រោះតែ​ទទួលយក​សមាជិក al-Qaeda ដែល​ធ្លាប់​ត្រូវគេ​ចាត់ទុកជា​ក្រុម​ភេរ​វករ។

ទំនាក់ទំនង​រវាង តា​លី​បង់ និង al-Qaeda កាលណោះ​ក៏​មិនល្អ​ប៉ុន្មាន​ដែរ។ សមាជិក តា​លី​បង់ ជាច្រើន ខឹង​ខ្លាំង​នៅពេល Osama bin Laden ប្រើប្រាស់ អា​ហ្វ​ហ្គា​នី​ស្ថាន ជា​មូលដ្ឋាន ចាប់ពី​ចុង​ទសវត្សរ៍ 1990។ ករណី​ភេរវកម្ម​ថ្ងៃទី 11 កញ្ញា និង​យុទ្ធនាការ​សង្គ្រាម​លុកលុយ​របស់ អាមេរិក នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ធ្វើឱ្យ តា​លី​បង់ និង al-Qaeda ត្រូវ​លាក់ខ្លួន។

ស្ថាបនិក​របស់ តា​លី​បង់ Mullah Omar ទំនងជា​មិនបាន​ដឹង​មុន​អំពី​ការវាយប្រហារ​ភេរវកម្ម​ថ្ងៃទី 11 កញ្ញា ហើយ​ទំនាក់ទំនង​រវាង​លោក និង លោក bin Laden ក្រោយមក​ក៏មាន​ការ​ប្រេះឆា។ ក្រោយពី អាមេរិក បាន​កម្ចាត់ bin Laden កាលពី​ឆ្នាំ 2011 ឯកសារ​ដែល​ប្រមូលបាន បង្ហាញថា មេដឹកនាំ al-Qaeda កាលណោះ​មាន​ទំនាក់ទំនង​តិចតួច​បំផុត​ជាមួយនឹង​មេដឹកនាំ តា​លី​បង់ Omar។

«IS មាន​ផែនការ​សកល។ នៅពេល​គ្រប់គ្នា​សួរថា អ្នកណា​ពិតជា​អាច​តំណាងឱ្យ​សាសនា​អ៊ីស្លាម និង​សហគមន៍​អ៊ីស្លាម​ទាំងមូល ពិតណាស់ យើង​នឹង​ទាក់ទាញ​បាន​ចំណាប់អារម្មណ៍​ច្រើនជាង» Abu Omar Khorasani អតីត​មេបញ្ជាការ​របស់ IS-K និយាយ​មុនពេល​ត្រូវគេ​សម្លាប់។

ប្រទេស​មួយចំនួន បានចាប់ផ្ដើម​ចាត់ទុក តា​លី​បង់ ជា​កងកម្លាំង​ដែលមាន​សក្ដានុពល​ក្នុងការ​ទប់ស្កាត់​មហិច្ឆតា​សកល​របស់ IS។ Bruce Hoffman អ្នកជំនាញ​ផ្នែក​សន្តិសុខ​មកពី​សាកល​វិទ្យាល័យ Georgetown និយាយថា៖ «គ្រប់គ្នា​ចាប់ផ្ដើម​និយាយថា តា​លី​បង់ អាចជា​ក្រុម​ដែល​យើង​បញ្ចុះបញ្ចូល​បាន»។

មូលហេតុ​ទាំងឡាយ​ខាងលើ កំពុង​រុញច្រាន IS-K និង តា​លី​បង់ ឱ្យ​ធ្លាក់​ទៅក្នុង​សង្គ្រាម​យូរអង្វែង​ទៅមុខទៀត…

Leave a Reply

Your email address will not be published. Required fields are marked *